ក្រុមហ៊ុន Yunnan Hui He Group របស់ចិន ចុះអនុស្សារណៈយោគយល់គ្នា ជា​មួយសភាពា​ណិជ្ជកម្មខេត្តព្រះសីហនុ លើគម្រោងវិនិយោគសួនឧស្សហកម្ម ថាមពល

AKP ព្រះសីហនុ ថ្ងៃទី២០ ​ខែតុលា ឆ្នាំ២០១៨ — ក្រុមហ៊ុនYunnan Hui He Group របស់ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិត ចិន បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសភាពាណិជ្ជកម្មខេត្តព្រះសីហនុ លើ គម្រោងវិនិយោគសួនឧស្សហកម្ម ថាមពលនៅក្នុងខេត្តព្រះសីហនុ។


ក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នាវាងក្រុមហ៊ុនYunnan Hui He Group របស់ខេត្តយូណាន់ នៃសាធារណរដ្ឋប្រជាមានិតចិន និងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ លើ គម្រោងវិនិយោគសួនឧស្សហកម្ម ថាមពល នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៨ នៅសាលាខេត្តព្រះសីហនុ លោក MO FEI នាយកក្រុមហ៊ុន Yunnan Hui He Group បានឱ្យដឹងថា ក្រុមហ៊ុនមានគម្រោងបង្កើតរោងចក្រប្រើពន្លឺព្រះអាទិត្យ, អំពូលLED, សម្ភារអគ្គីសទំនើប SMART ENERGY ដែលតាមរយៈគម្រោងនេះ​នឹងផ្តល់ឱកាសការងារ​ជូនដល់​ប្រជាពលរដ្ឋខេត្តព្រះសីហនុជាច្រើនកន្លែងបន្ថែមទៀតនៅពេលខាងមុខ។លោកបាន​ បញ្ជាក់ថា ចំពោះទីតាំងសម្រាប់បង្កើតសួនឧស្សាហកម្ម ថាមពល ក្រុមហ៊ុន និងសាលា​ខេត្តព្រះសីហនុ កំពុងពិភាក្សាគ្នាអាចសាងសង់នៅលើទឹកដីស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។


ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ សម្ដែងការស្វាគមន៍ចំពោះគណ:ប្រតិភូ​ខេត្ត​យូណាន់ ដែលមានបំណងចង់មកបណ្តាក់ទុន វិនិយោគនៅខេត្តព្រះសីហនុ ហើយរដ្ឋ​បាល​​ខេត្ត​នឹងធានាសន្តិសុខ សុវត្ថិភាព។ ឯកឧត្តមក៏បានណែនាំដល់ឱ្យអ្នកទេសចរ និងអ្នក​វិនិយោគគិនទាំងអស់ ជាពិសេសក្រុមហ៊ុន ត្រូវចូលរួមគោរពច្បាប់ជាគោល ដូចប្រជាពលរដ្ឋ​កម្ពុជាដែរ។ ឯកឧត្តមអភិបាលខេត្ដបានបន្តថា រយៈពេលពីរឆ្នាំចុងក្រោយនេះ ខេត្តព្រះសី​ហនុ មានការអភិវឌ្ឍយ៉ាងគំហុក ទន្ទឹមនោះក៏មានផលអវិជ្ជមានបន្តិចបន្តួចផងដែរ តែស្ថាន​ភាពបែបនេះរដ្ឋបាលខេត្តបានធ្វើការដោះស្រាយបានទាន់ពេលវេលា ។

សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ រូមមាន ទី១. តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយត័ក្រុងព្រះសីហនុ ទី២.តំបន់សេដ្ឋកិច្ចពិសេស Adwood នៅស្រុកស្ទឹងហាវ ទី៣. តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះ សីហនុ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ និងទី៤. តំបន់សេដ្ឋកិច្ចពិសេសនៅស្រុកព្រៃនប់ ៕

ដោយ ងូ សុមុនី