ក្រសួងព័ត៌មានកម្ពុជា និងរដ្ឋបាលជាតិនៃវិទ្យុ-ទូរទស្សន៍ចិន បើកសម្ពោធកម្មវិធី Quiz ដើម្បីអបអរសាទរទិវាបង្កើតចំណងការទូត ៦០ឆ្នាំរវាងកម្ពុជា-ចិន

AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ​ឆ្នាំ២០១៨ — កម្មវិធី Quiz អបអរសាទរទិវាបង្កើតចំណងការទូត ៦០ឆ្នាំកម្ពុជា-ចិន ក្រោមការរៀបចំរបស់ ទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មានកម្ពុជា និងរដ្ឋបាលជាតិនៃវិទ្យុ-ទូរទស្សន៍ចិន ត្រូវបានបើកសម្ពោធ កាលពីល្ងាចថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មានកម្ពុជា និងឯកឧត្តម Fan Weiping អនុរដ្ឋមន្ត្រីរដ្ឋបាលជាតិនៃវិទ្យុ-ទូរទស្សន៍ចិន។


ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា កម្មវិធីនេះត្រូវបានផ្តល់ឱកាសដល់​សិស្សចំនួន១០ក្រុម មកពីសាលារៀននៅរាជធានីភ្នំពេញចំនួន១០ ដើម្បីធ្វើការល្បងប្រាជ្ញា​សំណួរចម្លើយ ក្នុងបំណងឱ្យក្មេងៗបានយល់ដឹង បានស្គាល់ពីប្រវត្តិទំនាក់ទំនងរវាងប្រទេស​ទាំងពីរកម្ពុជា-ចិន។ ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងកម្មវិធីនេះសិស្សចំនួន ១០ក្រុមមកពី​សាលាចំនួន១០ ត្រូវធ្វើការល្បងប្រាជ្ញាជម្រុះយកតែ៤ក្រុម ហើយក៏មានជារង្វាន់សម្រាប់កុមារ​ឆ្លាតវៃផងដែរ។ ប៉ុន្តែសំខាន់ទៅទៀត យើងអាចបញ្ជូនកម្មវិធីនេះទៅខាងភាគីចិន ហើយថ្ងៃ​ក្រោយទៀតអាចរៀបចំទស្សនកិច្ចរបស់ក្រុមយុវជននេះទៅប្រទេសចិន។ ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ដថា នេះជាលើកទី២នៃកិច្ចសហប្រតិ​បត្តិការរវាងក្រសួងទាំងពីរកម្ពុជា និងចិន បន្ទាប់ពីលើកទី១ បានរៀបចំធ្វើនៅសាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តមបានលើកឡើងថា កម្មវិធីនេះគ្រោងធ្វើជារៀងរាល់ឆ្នាំ ដោយផ្លាស់ប្តូរវេនគ្នា ដូចជាឆ្នាំមុន បានប្រារព្ធធ្វើនៅប្រទេសចិន ឆ្នាំនេះរៀបចំប្រារព្ធនៅក្នុងប្រទេសកម្ពុជា ហើយឆ្នាំបន្ត នឹងរៀបចំធ្វើនៅចិនវិញម្តងទៀត។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះ​ទំនាក់ទំនងកម្ពុជា-ចិនជាទំនាក់ទំនងប្រកបដោយជំហរស្មើសិទ្ធិ ស្មើភាព ហើយប្រទេស​ចិនជាប្រទេសមួយ ដែលបានគោរពអធិបតេយ្យភាពទឹកដីកម្ពុជា ជាមិត្តល្អ ហើយការរីក​ចម្រើន​របស់​ប្រទេសកម្ពុជា គឺមួយផ្នែកធំគឺបានមកពីការរួមចំណែករបស់ប្រទេសចិន។


ឯកឧត្តម ឃឹម វុឌ្ឍី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជាបានថ្លែងថា ការបើកសម្ពោធកម្មវិធី Quiz ស្តីពីសំណួរចម្លើយអបអរខួបអនុស្សាវរីយ៍លើកទី៦០ នៃចំណងការទូតកម្ពុជា-ចិន នាពេលនេះ ផ្តើម​ចេញពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃ​ក្រសួងព័ត៌មានកម្ពុជា និងវិទ្យុតំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោល​បំណងរឹតបន្ដឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា​លើវិស័យផ្សព្វ​ផ្សាយ​ព័ត៌មាន រវាងស្ថានីយ៍នៃប្រទេសទាំងពីរកម្ពុជា-ចិន ដើម្បីបំផុសការយល់ដឹងអំពីប្រវត្តិ​នៃការបង្កើតចំណងការទូត នៃប្រទេសទាំងពីរកម្ពុជា-ចិនឱ្យដល់គ្រប់ស្រទាប់មហាជន ពិសេស​យុវជនជំនាន់ក្រោយបន្តវេន។

ឯកឧត្តមបានបន្ដថា ក្នុងរយៈកាលកន្លងមកនេះ ស្ថានីយ៍វិទ្យុក្វាងស៊ីចិន ត្រូវបានចាត់ទុកថា ជាដៃគូសហការដ៏ល្អមួយ ក្នុងការផ្តល់ភាពយន្ត​ភាគ​បុរាណចិន និងភាពយន្តល្បីៗ ភាពយន្តគំនូរជីវចល វីដេអូគំនូរជីវចលអប់រំ សម្រាប់ចាក់​ផ្សាយនៅទូរទស្សន៍ជាតិកម្ពុជា ក៏ដូចជាបានសហការរៀបចំកម្មវិធីទោះទាយកម្រង សំណួរ ចម្លើយ ទាក់ទងទៅនឹងភាពយន្ត ដែលបានចាក់ផ្សាយដោយមានការផ្តល់ជូន​នូវរង្វាន់លើក​ទឹកចិត្តសម្រាប់អ្នកចូលរួមកម្មវិធីផងដែរ ៕

ដោយ ប៉ាល់ ​សុង