លោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់​ជាផ្លូវការ​ស្តូបមិត្តភាពកម្ពុជា-វៀតណាម និងសមិទ្ធផល​មួយចំនួន នៅខេត្តកែប

AKP កែប ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ — លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងទំនាក់ទំន​ង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអនុប្រធា​ន​ក្រុមប្រឹ​ក្សាជា​តិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់​ជាផ្លូវការ​ស្តូបមិត្តភាព​កម្ពុជា-វៀតណាម និងសមិទ្ធផល​មួយចំនួនខេត្តកែប នៅសួនឧទ្យានសម្ដេចតេជោ ហ៊ុន សែន ខេត្តកែប។ ពិធីនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃសៅរ៍ ១១កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៨ ។


ឯកឧត្តម​ កែន សត្ថា អភិបាលខេត្តកែប និងជាប្រធានគណៈ​កម្មាធិ​ការ​រណសិរ្សសាមគ្គី អភិឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកែប ​ បានបញ្ជាក់ថា ខេត្ដកែប កំពុងពង្រីកទំនាក់ទំនងជាមួយ​បណ្ដាមហាមិត្ដជិតខាងយ៉ាងល្អ ជាពិសេស ខេត្តបាន ខិតខំដឹកនាំកែប្រែមុខមាត់ថ្មី​លើផ្នែក បរិស្ថានល្អ អនាម័យ ឱ្យមាន​សោ​ភណភាព​ស្រស់បំព្រង សួនច្បារស្អាត ផ្លូវថ្នល់ខ្វាត់ខ្វែង បាន​ក្លាយ​ជា​ប៉ូល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ដ៏មាន​សក្ដានុពល។ ឯកឧត្តមបានបន្ដថា ខេត្ដពង្រឹង​កិច្ចសហប្រតិបត្តិការជាមួយ​ប្រទេស​វៀតណាម ជា​ប្រទេស​​ជា​ប់​​ភូមិផង​របងជាមួយ ហើយ​ក៏មានទំនាក់ទំនងសហការ​បាន​ល្អលើគ្រ​ប់វិស័យរហូត​ឈាន​ដល់ការភ្ជាប់កិច្ចសហប្រតិបត្តិ​ការ​ ​ដើម្បី​ភាពរីក​ចម្រើន​​របស់​ប្រទេសរវាងខេត្តទាំង​ពីរ ខេត្តកែបរបស់ប្រទេសកម្ពុជា ជាមួយ​ខេត្តគៀន យ៉ាង របស់ប្រទេ​សវៀត​ណាមបា​ន​យ៉ាងល្អប្រសើរ។


លោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ក្នុង​នាម​សម្ដេច​អគ្គមហា​ពញាចក្រី ហេង សំរិន​ និងក្នុងនាម​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន លោកជំទាវ សូមចូលរួមអបអរសាទរ ចំពោះសមិទ្ធផល ស្ដូបមិត្ដភាពកម្ពុជា-វៀតណាម ដែលថ្នាក់ដឹកនាំ​ខេត្តកែប បានខិតខំប្រឹងប្រែង ទទួលបា​នសមិទ្ធផលថ្មីៗថែមទៀតដែលជាការ​លើ​កមុខ មាត់ខេត្តឱ្យកាន់តែស្រស់ស្អាត់មួយកម្រិតទៀត។ លោកជំទាវអំពាវឱ្យអាជ្ញាធរគ្រប់​លំដាប់​ថ្នាក់ បងប្អូនប្រជាពលរដ្ឋចូលរួមការពារ​ស​មិ​ទ្ធ​ផ​ល​​ទាំងនេះឱ្យបានស្ថិតស្ថេរ គង់វង្ស យូរអង្វែង ដើម្បីទុកជាប្រយោជន៍របស់ខេត្ត របស់បង​ប្អូ​ន​​ទាំងអស់គ្នា ចូលរួមការពារបរិស្ថាន​ឱ្យបានល្អ ទាំងបរិស្ថានឆ្នេរ បរិស្ថានសមុទ្រ បរិស្ថានភ្នំ។ សមិទ្ធផលទាំងអស់នេះ សុទ្ធជាអេកូទេសចរណ៍ដ៏ទាក់ទាញរបស់ខេត្ត នាំ​ឱ្យ​មានចំនួនភ្ញៀវទេសចរណ៍កើនឡើង ជីវភាពប្រជាពលរដ្ឋយើង​ក៏កាន់តែ​ធូរធារ សុភមង្គល ភាពសុខដុមរមនាកាន់តែប្រសើរ។


លោកជំទាវបានកោតសរសើរ និ​ង​វាយតម្លៃ​ខ្ពស់​ ចំពោះ​ថ្នាក់​ដឹក​នាំ​ខេត្តកែប ព្រមទាំង​មន្ត្រីរា​ជការ​គ្រប់លំដាប់​ថ្នា​ក់ កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ដែលបានរួមសាមគ្គីគ្នាយ៉ាង​សកម្ម ក្នុងការ​អភិវឌ្ឍ​ខេ​ត្តកែប ​ឱ្យមា​ន​ការរីក​ចម្រើន មានសន្ដិសុខសុវត្ថភាពល្អ ធ្វើឱ្យជីវភាព​របស់​​ប្រជាពលរដ្ឋយើង​កាន់តែប្រសើរឡើងថែមទៀត។


លោកជំទាវបានរម្លឹកថា ប្រទេសកម្ពុជា ធ្លាប់តែជា​ប្រទេស​ដែល​ទទួល​កងទ័ពស្មគ្រ​ចិត្តវៀតណាម និងកងរក្សាសន្តិភាព ពីអង្គការសហប្រជាតិ។ ប៉ុន្តែ ពេលនេះកម្ពុជា​បានក្លាយ​ជា​ប្រទេសដែលបានបញ្ជូនកងទ័ពស្ម័គ្រចិត្តរបស់ខ្លួន ដែលពាក់មួកខៀវចូលរួមក្នុង​ប្រតិបត្តិកា​ររក្សាសន្តិភាពរបស់អង្គការ​សហប្រជាជាតិ​នៅក្នុង​ប្រទេស​មួយចំនួន​ដែលចំណុចក្តៅនៅលើ​សកលលោក ៕

ដោយ សួស សំរិត