​នាយកមន្ទីរពេទ្យកុមារអង្គរ៖ មន្ទីរពេទ្យកំពុងបង្កើនបន្ថែមនូវគុណភាព​ផ្នែកសង្គ្រោះបន្ទាន់ និងជំងឺធ្ងន់ ដើម្បីធ្វើការសង្គ្រោះកុមារឱ្យកាន់តែមានប្រសិទ្ធភាព

AKP សៀមរាប ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ — លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា​ នាយកមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បានថ្លែងថា មន្ទីរពេទ្យកុមារអង្គរ បានផ្ដល់ការព្យាបាលដល់កុមារកម្ពុជាចាប់ពីទារកទើបនឹងកើត រហូត ដល់អាយុ១៦ឆ្នាំ ដោយរួមបញ្ចូលទាំងការសង្គ្រោះបន្ទាន់ និងជំងឺធ្ងន់ធ្ងរ ដែលត្រូវធ្វើការពិនិត្យ ព្យាបាល និងថែទាំដោយយកចិត្តទុកដាក់ខ្ពស់បំផុត។

   

ក្នុងសន្និសីទប្រចាំឆ្នាំលើកទី២របស់មន្ទីរពេទ្យកុមារអង្គរស្ដីពីសុខភាពកុមារក្រោមប្រធានបទ“ការសង្គ្រោះបន្ទាន់និងជំងឺធ្ងន់” នៅខេត្តសៀមរាប​ កាលពី​ព្រឹក​ថ្ងៃទី២០ខែ​តុលាឆ្នំាំ ២០១៨នេះ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា​ បានបញ្ជាក់ថា ដើម្បីធ្វើការសង្គ្រោះកុមារឱ្យកាន់តែមាន ប្រសិទ្ធភាព និង​ចូលរួមកាត់បន្ថយអត្រាមរណៈភាពទារក និងកុមារឱ្យនៅកម្រិតទាប ស្រប តាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល មន្ទីរពេទ្យកុមារអង្គរបានបង្កើតឡើងនូវ ផ្នែកសង្គ្រោះបន្ទាន់ និងជំងឺធ្ងន់ នៅក្នុងឆ្នាំ២០០៤ និងត្រូវបានធ្វើការជួសជុលកែលម្អ នៅក្នុង ឆ្នាំ២០១៥ ដើម្បីលើកកម្ពស់គុណភាពនៃការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ និង ផាសុកភាពរបស់អ្នកជំងឺ។

លោកវេជ្ជបណ្ឌិតបានបន្ដថា ផ្នែកនេះ ត្រូវបានដំណើការដោយ អនុលោមតាមបទដ្ឋានអន្ដរជាតិស្ដីពីការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ និងភាពសមា មាត្ររវាងចំនួនបុគ្គលិក និងចំនួនអ្នកជំងឺ។ ជាមួយគ្នានេះ កាលពីឆ្នាំ២០១៧ កន្លងទៅ ផ្នែក​សង្គ្រោះបន្ទាន់ និងជំងឺធ្ងន់នេះ បានផ្ដល់ការព្យាបាលដល់កុមារកម្ពុជាប្រមាណ ១៧ពាន់នាក់ សម្រាប់ករណីសង្គ្រោះបន្ទាន់ និងប្រមាណ១.០០០នាក់ សម្រាប់ករណីជំងឺធ្ងន់ ដែល ភាគច្រើននៃករណីជំងឺទាំងនេះរួមមានដូចជា ជំងឺរលាកស្រោមខួរ ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ជំងឺកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ជំងឺគ្រុនឈាម ជំងឺបង្ករោគក្នុងឈាម ការថែទាំក្រោយវះកាត់ ឆ្កែខាំ និងការរងរបួសដោយសារគ្រោះថ្នាក់ចរាចរ និងគ្រោះថ្នាក់ផ្សេងៗជាដើម។ លើសពីនេះ មន្ទីរពេទ្យកុមារអង្គរ បានបង្កើតផ្នែកជំងឺទារកក្នុងឆ្នាំ២០១៣ ដើម្បីញែកបំបែកជំងឺទារកពីជំងឺ កុមារទូទៅ។

សម្រាប់ផ្នែកនេះ មន្ទីរពេទ្យត្រូវបានបែងចែកជាពីរផ្នែករងគឺ ផ្នែកថែទាំជំងឺធ្ងន់ ទារក សម្រាប់ទារកដែលមានជំងឺធ្ងន់ធ្ងរ និងផ្នែកថែទាំជំងឺទារកពិសេស សម្រាប់ជំងឺទារក ទូទៅដែលមានអាយុក្រោម២៨ថ្ងៃ។ ដោយឡែកក្នុងឆ្នាំ២០១៧ នេះដែរ មន្ទីរពេទ្យក៏បានផ្ដល់ ការព្យាបាលដល់ទារកសរុបប្រមាណ៤០០នាក់ ដែលក្នុងនោះ ទារកដែលមានជំងឺធ្ងន់ធ្ងរមាន ប្រមាណ១៥០នាក់។ លោកវេជ្ជបណ្ឌិតបានលើកឡើងថា ទារកភាគច្រើនដែលមកទទួល​ការព្យាបាលពីមន្ទីរពេទ្យកុមារអង្គរមានជំងឺឆ្លងធ្ងន់ធ្ងរកើតមិនគ្រប់ខែ ទម្ងន់ស្រាលខុសធម្មតា ភាពមិនប្រក្រតីពីកំណើត និងបញ្ហាសុខភាពផ្សេងៗ ដែលត្រូវការការព្យាបាលដោយសេវាឯក ទេសព្យាបាលជំងឺទារក។ ទន្ទឹមនេះ មន្ទីរពេទ្យកុមារអង្គរ បាននិងកំពុងធ្វើការទប់ស្កាត់ និង ចូលរួមចំណែកកាត់បន្ថយអត្រាមរណភាពទារក និងកុមារតាមរយៈការផ្ដល់ការពិនិត្យ ព្យាបាលដោយយកចិត្តទុកដាក់ខ្ពស់បំផុត និងបន្តជាប់ជានិច្ច។

ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល បានមានប្រសាសន៍ថា សន្និសីទក្នុងថ្ងៃនេះ គឺមានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែកលើកស្ទួយប្រព័ន្ធ សុខាភិបាលតាមរយៈការចែករំលែកបទពិសោធន៍ និងចំណេះដឹងដល់សិក្ខាកាម ដើម្បីយក ទៅចែករំលែកបន្ដក៏ដូចជាពង្រឹង និងបង្កើនគុណភាពព្យាបាលនៅតាមមន្ទីរពេទ្យ មូលដ្ឋាន ផ្ដល់សេវាសុខាភិបាលនានានៅក្នុងប្រទេស ជាពិសេសចូលរួមកាត់បន្ថយអត្រាមរណភាព ទារក និងកុមារឱ្យនៅកម្រិតទាប ស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល។

ឯកឧត្តមបានបញ្ជាក់ថា មន្ទីរពេទ្យកុមារអង្គរបានចូលរួមចំណែកសម្រាលបន្ទុករបស់រាជ រដ្ឋាភិបាលកម្ពុជាក្នុងវិស័យសុខាភិបាលជាពិសេសការជួយសង្គ្រោះជីវិតកុមារកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមបានជំរុញឱ្យគ្រូពេទ្យមកពីតាមបណ្តាខេត្តទាំងអស់ ដែលបានចូលរួម​នៅថ្ងៃនេះ ជាពិសេសគ្រូពេទ្យដែលនៅតាមបណ្តាខេត្តដែលគ្មានមន្ទីរពេទ្យកុមារ ត្រូវស្រប​យកបទពិសោធន៍ ចំណេះដឹង ជំនាញ និងពង្រឹងសមត្ថភាពវិជ្ជាជីវៈពាក់ព័ន្ធ​នឹងការរៀបចំ​បង្កើតផ្នែកសង្គ្រោះបន្ទាន់ និងជំងឺធ្ងន់ ការកំណត់ពីរោគសញ្ញានៃជំងឺធ្ងន់ធ្ងររបស់ទារក និង​កុមារ របៀបនៃការថែទាំព្យាបាលទារក និងកុមារដែលមានការតក់ស្លុត ការរងរបួស ការ​រលាក ការពុល និងការសង្គ្រោះសម្រាប់ជំងឺគាំងបេះដូង ដើម្បីចូលរួមកាត់បន្ថយអត្រាមរណ​ភាពរបស់ទារក និងកុមារកម្ពុជា ដោយស្របតាមផែនការយុទ្ធសាស្ត្រជាអាទិភាពរបស់​ក្រសួងសុខាភិបាល៕

ដោយ ឃុត សៅ