កម្ពុជាគាំទ្រចំពោះបេក្ខភាពប្រទេសន័រវេសជាប្រធានកិច្ចប្រជុំត្រួតពិនិត្យលើកទី៤ នៃអនុសញ្ញាស្តីពីការហាមឃាត់ជាផ្លូវការ នៃការប្រើប្រាស់គ្រាប់មីន នៅឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨–

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាគាំទ្រចំពោះបេក្ខភាពប្រទេសន័រវស ជាប្រធានកិច្ចប្រជុំលើកទី៤ នៃអនុសញ្ញាស្តីពីការហាមឃាត់ជាផ្លូវការ នៃការប្រើប្រាស់គ្រាប់មីន នៅឆ្នាំ២០១៩។

បើយោងតាមអ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹង បន្ទាប់ពីជំនួបទ្វេភាគីរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកជំទាវ អ៊ែណា សូលប៊ែរ (Erna Solberg) នាយករដ្ឋមន្រ្តីនៃប្រទេសន័រវេស កាលពីរសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក ក្នុងខណៈ ដែលសម្ដេចដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១២។
ក្នុងជំនួបនោះដែរ លោកជំទាវ អ៊ែណា សូលប៊ែរ បានមានប្រសាសន៍ថា បើទោះបីជាលោក ជំទាវមិនបានទៅកាន់ប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្តែលោកជំទាវបានទទួលនូវព័ត៌មាន និងរូបភាពដ៏ល្អពីប្រទេសកម្ពុជា ដោយចាត់ទុកកម្ពុជាគឺជាប្រទេសមួយដ៏ស្រស់បំព្រង។ លោក ជំទាវបានបន្តថា ប្រទេសន័រវេសមានឆន្ទៈខ្ពស់ក្នុងការជួយដល់ប្រទេសកម្ពុជា ពិសេសការ ផ្តល់ជំនួយដល់ការស្វែងរកយុត្តិធម៌ចំពោះប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុលពត។

លោកជំទាវបន្តទៀតថា ទម្រាំតែពិភពលោកបានដឹងពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា គឺបានចំណាយពេលវេលាដ៏យូរ និងមានភាពស្មុគស្មាញ។ ជាមួយនឹងសកម្មភាពដែលប្រទេសន័រវេស ជួយដល់ប្រទេសកម្ពុជា ក្នុងការបោសសម្អាតគ្រាប់មីន លោកជំទាវចង់ឃើញនិងជំរុញឱ្យមានអនុសញ្ញានៃការហាមឃាតជាផ្លូវការ ស្តីពីការហាមឃាតជាផ្លូវការ នៃការប្រើប្រាស់គ្រាប់មីន ក្នុងន័យនេះលោកជំទាវសង្ឃឹមថា កម្ពុជាអាចនឹងគាំទ្រនូវគំនិតផ្តួចផ្តើមដ៏មានសារសំខាន់នេះ។

ជាការឆ្លើយតបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងថា ប្រទេសន័រវេសគឺជាប្រទេសមួយដែលបានផ្តល់ជំនួយជាច្រើនដល់កម្ពុជា ពិសេសការចូល រួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍ និងការបោសសម្អាតគ្រាប់មីន និងផ្តល់ជំនួយដល់ សាលាក្តីខ្មែរក្រហម។ ទាក់ទិនទៅនឹងការជំរុញឱ្យមាន នូវអនុសញ្ញាស្តីពីការហាមឃាត់ ជាផ្លូវការ នៃការប្រើប្រាស់គ្រាប់មីន សម្តេចតេជោមានប្រសាសន៍ថា កម្ពុជាពិតជាគាំទ្រទាំងស្រុងនូវអនុសញ្ញាស្តីពីការហាមឃាត់ជាផ្លូវការ នៃការប្រើប្រាស់គ្រាប់មីន។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបន្តថា កម្ពុជានឹងបន្តបោសសម្អាតគ្រាប់មីនទាំងស្រុង ក្នុងប្រទេសកម្ពុជា ពិសេសកម្ពុជា នឹងចូលរួមក្នុងគំនិតផ្តួចផ្តើម ស្តីពីអនុសញ្ញានៃការប្រើប្រាស់គ្រាប់មីន។

សម្តេចតេជោបន្ថែមថា កន្លងមកកម្ពុជាបានបន្តនូវសកម្មភាពយ៉ាងសកម្ម ក្នុងការបោស សម្អាតគ្រាប់មីនតាមបណ្តាប្រទេសជាច្រើន ពិសេសតាមប្រទេសមួយចំនួនក្នុងទ្វីបអាហ្រ្វិក។ លោកជំទាវនាយករដ្ឋមន្ត្រីន័រវេសបានចាត់ទុកថា អ្វីដែលកម្ពុជាបានធ្វើគឺមានសកម្មភាពដ៏ល្អ ហើយតាមរយៈនេះលោកជំទាវចង់ឃើញពីទំហំសេដ្ឋកិច្ចនៃប្រទេសទាំងពីរ មានកំណើន ខ្ពស់។ លោកជំទាវបានថ្លែងនូវអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តីដែលកម្ពុជា បានគាំទ្រនូវបេក្ខភាពរបស់ប្រទេសន័រវេស ក្នុងការបោះឆ្នោតជាសមាជិកមិនមែនអចិន្រ្តៃយ៍សន្តិសុខរបស់អង្គការសហប្រជាជាតិ ក្នុងអាណត្តិឆ្នាំ២០២១-២០២២។

ជាមួយគ្នានេះ លោកជំទាវនាយករដ្ឋមន្រ្តីក៏បានជម្រាបជូន សម្តេចតេជោនាយក រដ្ឋមន្រ្តីពីសភាពការណ៍ក្នុងដែនសមុទ្រ ក្នុងប្រទេសន័រវេស ពិសេសពីបញ្ហាបរិស្ថាន និងការនេសាទ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបន្ថែមទៀតថា កម្ពុជាអាចជាដៃគូក្នុងគំនិត ផ្តួចផ្តើមដ៏មាន សារៈសំខាន់ជាច្រើន ពាក់ព័ន្ធទៅនឹងបរិស្ថានក្នុងមហាសមុទ្រ៕

ដោយ ជឹម ណារី