ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អះអាងថា កម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ ឱ្យទទួលបានជោគជ័យ

AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ — ក្នុងខណៈដែលមេដឹកនាំអាស៊ី-អឺរ៉ុប បានឯកភាពគ្នាក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើ​ក​​ទី១២ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ៊្សិក ក្នុង​ការ​ផ្ត​ល់​ឱ្យ កម្ពុជាធ្វើជា​ម្ចាស់ផ្ទះរៀប​ចំ​កិ​ច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប​លើក​ទី១៣ ក្នុងឆ្នាំ២០២០ខាងមុខ​នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស​ម្ដេ​ច​​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអះ​អាង​ពី​ការ​រៀបចំកិច្ច​ប្រជុំនេះឱ្យទទួល​បា​ន​​ជោគជ័យ។

ប្រភពពីអ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹថា ថ្លែងទៅកាន់​បណ្តា​មេ​ដឹក​នាំ​នៃ​​ប្រទេសអាស៊ី-អឺរ៉ុប ក្នុងការទទួល​ភាពជាប្រធានរបស់កម្ពុជាសម្រាប់កិច្ចប្រជុំ កំពូលអាស៊ី​-អឺ​រ៉ុបលើកទី១៣ សម្តេចតេជោនាយក​រដ្ឋមន្រ្តីបានគូសបញ្ជាក់ថា កម្ពុជាពិតជាមានកិត្តិយស​ក្រៃ​លែ​ង ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ក្នុងឆ្នាំ​២០២០ នៅ​រាជ​ធានីភ្នំពេញ ដែលជាការរៀបចំ​កិច្ច​ប្រជុំកំពូលទ្រង់ទ្រាយធំលើកទី១ និងប្រកបសារ:សំ   ​ខា​ន់​​បំផុត។ សម្តេចតេជោ​បានលើកឡើងថា ដោយទទួលស្គាល់ពីការទទួល​ខុស​ត្រូវ​ខ្ព​ស់ និង តម្រូវការរៀបចំល្អិតល្អន់​គ្រប់ជ្រុង​ជ្រោយ កម្ពុជានឹងខិតខំធ្វើកិច្ចការចាំបាច់គ្រប់យ៉ាង ដើម្បី​ធានាឱ្យកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើក​ទី១៣ ប្រព្រឹត្តទៅដោយរលូន និងទទួល​បានជោគ​ជ័​យ ដូចកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបកន្លងមក។ លើសពីនេះទៀត ក្នុងឋានៈជាប្រធានកិច្ចប្រជុំកំពូល អាស៊ី-អឺ​រ៉ុប​ បន្ទាប់កម្ពុជាប្តេជ្ញាពង្រឹងចំណងមិត្តភាព និង​ភាពជាដៃគូយ៉ាងជិតស្និទ្ធ ដែលផ្តល់ ផល​ប្រ​យោ​ជន៍ឱ្យគ្នាទៅវិញទៅមក រវាងប្រទេសជា​សមាជិក​ទាំងអស់ ដើម្បីរួមចំណែកលើក​កម្ពស់​ស​​ន្តិ​ភាព និងសន្តិសុខពិភពលោក ក៏ដូចជា​សម្រេច​គោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព នៃរបៀបវារៈឆ្នាំ២០៣០ របស់អង្គការ​សហប្រជាជាតិ។ ដោយឡែកសុន្ទរកថាថ្លែងក្នុង ពិធីបើ​ក​​កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១២ ពិធីពិសារ​អាហារ​ថ្ងៃត្រង់ ក្នុងកិច្ចប្រជុំចង្អៀត នៃ​កិច្ចប្រ​ជុំ​កំ​ពូលអាស៊ី-អឺរ៉ុប លើកទី១២ សម្ដេចតេជោនាយករដ្ឋមន្ត្រី​គូសបញ្ជាក់ថា កម្ពុជាសូម​សម្ដែ​ង​នូវ​​​សេចក្តីរីករាយ និងស្វាគមន៍ចំពោះការវិវត្តន៍​ជាវិជ្ជមាន​ថ្មីៗ​នៅឧបទ្វីបកូរ៉េ ជាពិសេស កិច្ច​ប្រ​ជុំ​​កំពូលដែលមិនធ្លាប់មានពីមុនមក រវាងសហរដ្ឋអាមេរិក​ និង​កូរ៉េខាងជើង ព្រមទាំង កិច្ចប្រជុំ​កំពូលរវាងកូរ៉េទាំងពីរជាច្រើនលើកកន្លងមក។ កិច្ចប្រជុំកំពូល​ជា​ប្រវត្តិសាស្រ្តទាំង នោះ គឺជា​កា​​របោះជំហានដ៏ធំមួយឆ្ពោះទៅរកយុគសម័យនៃភាពធូរស្រាល អំ​ណោយផល ដល់​កិច្ចពិ​ភា​ក្សា​​បន្តស្តីពីការបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង និងការបង្កើត​ជា​បណ្តើៗនូវសន្តិ ភាព​យូរ​អ​ង្វែ​ងក្នុងឧបទ្វីបកូរ៉េ។

សម្តេចតេជោមានប្រសាសន៍​សង្កត់ធ្ងន់ថា ច្បាស់ណាស់ថា ដំណើរ​ការ​ឆ្ពោះ​ទៅរកការរំលាយអាវុធនុយក្លេអ៊ែរទាំងស្រុង ស្ថិត​នៅលើ ផ្លូវមួយវែងឆ្ងាយនៅ ឡើយ និង​ទាម​​ទារឱ្យមានការអត់ធ្មត់ពីសំណាក់ប្រទេសកូរ៉េ និងសហរដ្ឋអាមេរិក។ សម្ដេច តេជោបានបន្ដថា កម្ពុជាជឿជាក់ថា អភិ​ក្រមបដិការគួរតែ​ត្រូវ​បាន​ប្រកាន់ យកឱ្យបានខ្ជាប់ខ្ជួន ហើយភាគី​ទាំងពីរគួរ​តែធ្វើ​ការ​ជា​មួ​យ​​គ្នា ក្នុងភាពស្មោះត្រង់ ដើម្បី​បង្កើនទំនុកចិត្ត និងភាពជឿ ជាក់រវាងគ្នា​និងគ្នាទៅវិញទៅមក។ ទន្ទឹមនេះ កម្ពុជាស្វាគមន៍ ចំពោះការប្តេជ្ញាចិត្ត និងឆន្ទៈ របស់អាម៉េរិក និងកូរ៉េទាំងពីរ ជាពិសេសគោល​ន​យោ​​បាយថ្មី​របស់សាធារណរដ្ឋកូរ៉េ ដើម្បីឧប ទ្វីបកូរ៉េមួយប្រកបដោយសន្តិ​ភាព។ ​សម្តេចតេជោនាយករដ្ឋ​មន្រ្តីបាន​បន្ថែមដែរថា កម្ពុជាបន្ត អំពាវនាវដល់គ្រប់ភាគីពាក់​ព័ន្ធ​ទាំង​អស់ ឱ្យរក្សាការអត់ធ្មត់ និង​បន្ត​ប្តេជ្ញាប្រកាន់យកការ សន្ទនាប្រកបដោយស្មារតីស្ថាបនា និ​​ង​សន្តិវិធី ដើម្បីឈានទៅកាត់​បន្ថយ​ភាព​តានតឹង និង សម្រេចបានការរំសាយទាំងស្រុងនូវ​អា​វុធ​នុយក្លេអ៊ែរ ដែលអាចត្រួតពិនិត្យ​បាន និងមិនវិល ត្រឡប់ថយក្រោយឡើយនៅ​លើ​ឧប​ទ្វី​ប​​កូរ៉េ។

គួរបញ្ជាក់ដែរថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១២«ស្តីពីអឺរ៉ុប និងអាស៊ី ដៃគូសក​ល​​ស​ម្រាប់​ដោះ​​ស្រាយបញ្ហាប្រឈមសកល ក្រោមប្រធានបទ កសាអនាគតជាមួយគ្នា ការ​លើ​​​ក​ម្ពស់​កំណើន​ប្រកបដោយបរិយាប័ន្ន និងការតភ្ជាប់ប្រកបដោយចីរភាព» ត្រូវបាន បញ្ចប់ កា​​ល​ពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីដំណើរការពេញ​រយៈ​ពេល២ថ្ងៃ ក្រោ​យ​ពី​ឈាន​ទៅ​ចេ​ញ​​សេចក្តីប្រកាសរួមស្តីពីលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១២ នៅទីក្រុង​ព្រុ​ច​សែ​ល ប្រទេសប៊ែលហ្សិក៕

ដោយ ជឹម ណារី