ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសប្រមាណជាង១.០០០នាក់ជួបសំណេះសំណាលជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី នៅប្រទេសប៊ែលហ្ស៊ិក

AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ — ក្នុងឱកាសស្នាក់អាស្រ័យ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១២ នៅទីក្រុង​ព្រុ​ច​​សែល ប្រទេសប៊ែលហ្ស៊ិកនោះ នារាត្រីថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៨ សម្តេចអគ្គ​ម​ហា​សេ​នា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសំណេះ​សំ​ណា​លជាមួយប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស ប្រមាណជាង១.០០០នាក់ មកពីប្រ​ទេ​ស​ហុងគ្រី បារាំង និងអាល្លឺម៉ង់។


ឯកឧត្តម ណុំ ពិសិដ្ឋ ឯកអគ្គ​រាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសប៊ែលហ៊្សិក បានឱ្យដឹងថា ប្រជាពលរដ្ឋដែល​មានវត្តមាននៅទីនេះ គឺពិតជាមានសេចក្តី​សោមន្សរី​ក​រាយ​ជាអនេក ក្នុងការជួបប្រាស្រ័យទាក់ទង​យ៉ាងជិតស្និទ្ធជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី ពិ​សេសប្រជាពលរដ្ឋបានបង្ហាញនូវបេះដូង គោរពស្រឡាញ់ដោយស្មោះចំពោះសម្តេច ដោ​យ​បាន​ធ្វើដំណើរជាច្រើនពាន់គីឡូម៉ែត្រ ដើម្បីបានជួបសម្តេចដោយផ្ទាល់ បើទោះបីជាមា​នការ​រា​រាំ​ងពីមនុស្សមួយចំនួនតូចក៏ពិតមែន។ ឯកឧត្តម ឯកអគ្គរាជទូតបន្តថា គ្រាន់តែបានទទួល​ដំ​ណឹ​ង​ពីវត្តមានរបស់សម្តេចនៅតំបន់អឺរ៉ុប ប្រជាពលរដ្ឋគឺ ពិតជាមានសេចក្តីសប្បាយរីករាយ ដើម្បី​បាន​មកជួបសម្តេចដោយផ្ទាល់ដោយមិនចង់បានពីអ្វីៗទាំងអស់។

តាមប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្ត្រីបាន សម្ដែងនូវ​កា​រ​​រីករាយ​ដែ​ល​បានជួបបងប្អូនពលរដ្ឋខ្មែរនៅបណ្តាប្រទេសនៅអឺរ៉ុបនេះ នឹងពិត ជាសប្បាយ​ពេ​ល​ដែលឃើញពលរដ្ឋខ្មែរមកគាំទ្រសម្តេចយ៉ាងច្រើនកុះករបែបនេះ។ សម្តេចតេជោបានបញ្ជាក់ថា ​ទៅកាន់ពលរដ្ឋខ្មែរថា កម្ពុជាមានកិត្តិយសទទួលបានសិទ្ធិ​ក្នុងការរៀបចំធ្វើជា​ម្ចាស់ផ្ទះនៃ​កិ​ច្ច​ប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅឆ្នាំ២០២០។ សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រ្តី​ បានប្រកាសថា កម្ពុជានឹងរៀបចំធ្វើម្ចាស់ផ្ទះអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០​, នៅឆ្នាំ២០២២ ធ្វើ​ម្ចាស់​ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន, នៅឆ្នាំ២០២៣ កម្ពុជា នឹងរៀបចំបោះឆ្នោតម្តងទៀត។ សម្តេច​តេជោស​ង្ឃឹ​ម​ថា​នឹងឈ្នះឆ្នោតបន្តទៀត ពេលនោះ សម្តេចនឹងរៀបចំកិច្ចប្រជុំចលនាមិន​ចូលបក្សសម្ព័ន្ធ​។​

សម្តេចតេជោបានគូសបញ្ជាក់ប្រាប់ប្រជាពលរដ្ឋនៅទីនោះថា ភារកិច្ចចម្បងរបស់​រាជ​រដ្ឋា​ភិ​បា​​លអាណត្តិថ្មី គឺត្រូវរក្សាបានឲ្យនូវស្ថេរភាពនយោបាយ និងសន្តិភាព​ ដើម្បីឈានទៅ​ស​ម្រេច​កំណើនសេដ្ឋកិច្ច ៧.២ភាគរយ។ ពាក់ព័ន្ធការអនុគ្រោះពន្ធទំនិញពីសហភាពអឺរ៉ុប ស​ម្តេ​ច​​តេជោនាយករដ្ឋមន្ត្រីបានថ្លែងថា កម្ពុជាមិនទាន់បាត់បង់អ្វីទាំងអស់ បញ្ហានេះ ត្រូវបាន គេ​យកធ្វើ​ជា​សង្រ្គាមចិត្តសាស្ត្រវាយប្រហារលើរាជរដ្ឋាភិបាល។ សម្តេចតេជោបន្តថា ប្រព័ន្ធ អនុគ្រោះ​ព​ន្ធ​សម្រាប់ទំនិញរបស់កម្ពុជាពីសហភាពអឺរ៉ុប គង់តែបាត់បង់នៅពេលក្លាយជា ប្រទេសមាន​សេ​ដ្ឋកិច្ចខ្ពស់។ ប៉ុន្តែសម្តេចបានធ្វើការមួយជំហ៊ានជាមួយជប៉ុន ចិន និងធនាគារ អភិវឌ្ឍន៍អាស៊ី ឱ្យ​បន្តផ្តល់អត្រាការប្រាក់អនុគ្រោះរយៈពេល១០ឆ្នាំ ហើយលទ្ធភាពសង រយៈពេល៤០ឆ្នាំ។ សម្ដេចតេជោបានអះអាងថា ក​ម្ពុ​ជានៅមានលទ្ធភាពខ្ពស់ក្នុងការខ្ចីថវិកា ពីបរទេស ប៉ុន្តែកម្ពុជាកំណត់អត្រាកម្ចីបរទេសត្រឹម ២៣ភាគរយប៉ុណ្ណោះ ធៀបជាមួយ ចំណូលសេដ្ឋកិច្ចជាតិ ពោលកម្ពុជាមានលទ្ធភាព​ក្នុង​ការ​ដោះ​​ស្រាយបញ្ហារបស់ខ្លួនលើបញ្ហា ផ្សេងៗជាច្រើន មិនមែនសុទ្ធតែពឹងលើ​បំណុលបរទេស​នោះ​ទេ។ សម្ដេចបានបន្តថា មកដល់ ពេលនេះមានរយៈពេល៣១ឆ្នាំ ដែលសម្តេច​បាន​កំ​ណ​ត់​​​វិស័យ​អា​ទិភា​ព​សំខាន់ៗចំនួន៤ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ រួមមានមនុស្ស ទឹក ផ្លូវ និង ភ្លើង ។

ទន្ទឹមនេះ ប៉ុន្តែបច្ចុប្បន្ន ការអភិវឌ្ឍធនធានមនុស្ស ជាវិស័យអាទិភាពចម្បងបំផុត។ សម្តេច​តេ​ជោ​ ហ៊ុន សែន បានមានប្រសាសន៍ថា បច្ចប្បន្នកម្ពុជា​បានប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យា​មិន​ត្រឹម​តែជួយ សម្រួលការងារនោះទេ តែក៏បានជួយកាត់បន្ថយអំពើពុករលួយផងដែរ ជាពិសេស​កម្ពុ​ជា​បានលុបបំបាត់មន្ត្រីខ្មោចបានស្ទើរទាំងស្រុង បន្ទាប់ពីប្រើប្រព័ន្ធបើក​ប្រាក់ខែតាម​ធនា​គា​រ​។​ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់បងប្អូនខ្មែរនៅក្រៅស្រុក ដែលបានចូល​រួម​ដំ​ណើរការប្រជាធិបតេយ្យតាមរយៈការអំពាវនាវឱ្យពលរដ្ឋទៅបោះឆ្នោត ហើយការបោះ​ឆ្នោ​ត​​​ជូនគណបក្សប្រជាជនកម្ពុជា គឺជាការជ្រើសរើសដ៏ត្រឹមត្រូវ មានន័យថា ជាការបោះឆ្នោត​ជ្រើ​ស​រើសយកនូវសុខសន្តិភាព ការអភិវឌ្ឍ និងបន្តរក្សានូវកិច្ចខិតខំប្រឹងប្រែង​របស់ជីដូនជីតា ​រប​ស់​​ខ្លួន៕

ដោយ ជឹម ណារី