រដ្ឋមន្ត្រីពាណិជ្ជកម្មថ្លែងថា កម្ពុជាបើកទ្វាររង់ចាំសហការជាមួយធុរជនសហអាមេរិក និងបរទេស

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ប្រាប់គណៈប្រតិភូធុរជនសហអាមេរិកថា កម្ពុជាបានបើកទ្វាររង់ចាំសហការជានិច្ចជាមួយធុរជនសហអាមេរិក និងបរទេស ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងពាណិជ្ជកម្ម ជាពិសេសសម្រួលដល់ការនាំចេញទំនិញរបស់កម្ពុជា​ ទៅកាន់ទីផ្សារអន្តរជាតិ។

ការបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីភាព នៅក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូនៃសមាគមការងារស្មើភាព និងសមាគមសម្លៀកបំពាក់ និងស្បែកជើងអាមេរិក ដឹកនាំដោយលោកប្រធានក្រុមប្រឹក្សាភិបាល ម៉ៃឃើល ផូស្នឺ (Michael Posner) កាលពីរសៀលថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាអំពីឱកាសធ្វើធុរកិច្ចនៅកម្ពុជា និងបញ្ហាពាក់ព័ន្ធផេ្សងៗទៀត។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានពន្យល់ធុរជនអាមេរិក អំពីកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការសហការជាមួយស្ថាប័នពាក់ព័ន្ធ​ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងពាណិជ្ជកម្ម ជាពិសេសសម្រួលដល់ការទំនិញរបស់កម្ពុជា​ ទៅកាន់គ្រប់ទីផ្សារអន្តរជាតិ ព្រមទាំងវិធានការចាំបាច់ចំពោះមុខមួយចំនួន ដែលរាជរដ្ឋាភិបាលកម្ពុជា បានកំពុងត្រៀមអនុវត្តន៍ សំដៅនាំមកនូវភាពឈ្នះ-ឈ្នះ សម្រាប់គ្រប់តួអង្គពាក់ព័ន្ធ ជាពិសេសសហគមន៍ធរុកិច្ច និងវិនិយោគិនបរទេស ដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្ម​ នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនធុរជនអាមេរិក អំពីការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ចំពោះបេសកកម្មស្វែងរកការពិតរបស់ប្រតិភូគណៈកម្មការសហភាពអឺរ៉ុប កាលពីកំឡុងខែកក្កដា និងបទអន្តរាគមន៍សំខាន់ៗរបស់រាជរដ្ឋាភិបាល ចំពោះកង្វល់មួយចំនួនដែលសហភាពអឺរ៉ុបបានទាមទារ។

ជាការឆ្លើយតប លោក ម៉ៃឃើល ផូស្នឺ ប្រធានក្រុមប្រឹក្សានៃសមាគមការងារស្មើភាព និងសមាគមសម្លៀកបំពាក់ និងស្បែកជើងអាមេរិក បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានចែករំលែកនូវព័ត៌មានល្អៗ ទាក់ទងនឹងចំណាត់ការរបស់ក្រសួងពាណិជ្ជកម្ម និងបទអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដើម្បីទាក់ទាញលំហូរវិនិយោគពីបរទេស និងរក្សាចំណែកទីផ្សារសម្រាប់ទំនិញកម្ពុជា នាំចេញនៅក្នុងតំបន់ និងពិភពលោក។

ប្រភពFb Page ក្រសួងពាណិជ្ជកម្ម