សម្ដេចតេជោ នឹងអញ្ជើញចូលរួមសន្និសីទ UN ស្ដីពីពាណិជ្ជ និងការអភិវឌ្ឍនៃវេទិកា វិនិយោគពិភពលោក ឆ្នាំ២០១៨

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ អាត ចន្ធូ៖​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួម «សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍនៃវេទិកាវិនិយោគពិភពលោកឆ្នាំ ២០១៨» នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។ ដែលនឹងប្រព្រឹត្តទៅពី

ថ្ងៃទី ២២ ដល់ទី ២៤ ខែតុលា ឆ្នាំ ២០១៨ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្រោមមូលបទរួម «ការវិនិយោគលើការអភិវឌ្ឍប្រកបដោយចីរភាព» ។

ប្រភដដែលបានបន្ដថា នៅក្នុងកិច្ចប្រជុំកំពូលអ្នកដឹកនាំវិនិយោគសកល សម្តេចតេជោ នាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាគន្លឹះ លើប្រធានបទ «កិច្ចវិនិយោគនៅក្នុងយុគសម័យថ្មីនៃសាកលភាវូបនីយកម្ម និងឧស្សាហូបនីយកម្ម និងកាលានុវត្តភាពធុរកិច្ចនៅកម្ពុជាក្នុងបរិបទទីផ្សារដែលបានធ្វើសមាហរណកម្ម»។ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលរួមពិសាអាហារការងារថ្ងៃត្រង់សម្រាប់ថ្នាក់ដឹកនាំជាមួយក្រុមប្រឹក្សាផ្តល់យោបល់លើការវិនិយោគ ដែលក្នុងឱកាសនោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី នឹងចែករំលែកចក្ខុវិស័យ និងបទពិសោធន៍ពាក់ព័ន្ធនឹងប្រធានបទដូចខាងលើ ។

ក្រៅពីអញ្ជើញចូលរួមកិច្ចប្រជុំនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី នឹងមានជំនួបដាច់ដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំរបស់ស្ថាប័នអង្គការអន្តរជាតិសំខាន់ៗ មួយចំនួន ដូចជា ឯកឧត្តម ហ្រ្វានស៊ីស ហ្គារី អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក លោកជំទាវ អារ៉ានឆា ហ្គងហ្សាឡែស នាយកប្រតិបត្តិមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ឯកឧត្តម រ៉ូប៊ែតូ កាវ៉ាល់ហូ អាហ្ស៊ែវ៉េដូ អគ្គនាយកអង្គការ

ពាណិជ្ជកម្មពិភពលោក និងឯកឧត្តម ម៉ុឃីសា គីទុយី អគ្គលេខាធិការសន្និសីទអង្គការសហប្រជាជាតិ

ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី នឹងជួបជាមួយលោកជំទាវ មីសែល បាសែឡែត ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។ ក្រោយបញ្ចប់ជំនួប សម្តេចតេជោ នាយករដ្ឋមន្រ្តី នឹងធ្វើជាអធិបតីភាពក្នុងពិធីចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ មីសែល បាសែឡែត លើ “អនុស្សរណៈរវាងរាជរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទិ្ធមនុស្ស ដើម្បីអនុវត្ដកម្មវិធីកិច្ចសហប្រតិបតិ្ដការបច្ចេកទេសស្ដីពីបញ្ហាសិទិ្ធមនុស្ស” ។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលស្នាក់នៅប្រទេសស្វីស សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏នឹងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ខ្មែរ និងនិស្សិតខ្មែរ ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសស្វីសផងដែរ៕