រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ កិច្ចសហប្រតិបត្ដិការលើវិស័យព័ត៌មានរវាងកម្ពុជា-ចិន នឹងជំរុញ ដល់ការអភិវឌ្ឍស្ថាប័នព័ត៌មាន និងសោតទស្សន៍រវាងប្រទេសទាំងពីរ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ –រដ្ឋមន្រ្ដីក្រសួងព័ត៌មានកម្ពុជា បានចាត់ទុកកិច្ចសហប្រតិបត្ដិការលើវិស័យព័ត៌មានរវាងកម្ពុជាចិន នឹងជំរុញដល់ការអភិវឌ្ឍស្ថាប័នព័ត៌មាន និងសោតទស្សន៍រវាងប្រទេសទាំងពីរ ជា ពិសេសការរីកចម្រើននៃបច្ចេកវិទ្យារវាងក្រសួង ស្ថាប័នព័ត៌មានទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ក្នុងសន្និសីទប្រចាំឆ្នាំលើកទី២ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យុ និងទូរទស្សន៍ រវាង កម្ពុជាចិន នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្រោមកិច្ចសហប្រតិបត្ដិការល្អ ស៊ីជម្រៅ និងគ្រប់ជ្រុង ជ្រោយរវាងប្រទេសកម្ពុជា និងចិន លើវិស័យសារព័ត៌មានក៏ជាវិស័យ អាទិភាពមួយក្នុងចំណោមវិស័យអាទិភាពដទៃទៀត ដែលជាវិស័យគន្លឹះជំរុញដល់ការអភិវឌ្ឍ និងភាពជោគជ័យ ក្នុងការពង្រឹងកិច្ច សហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និទ្ធរវាងស្ថាប័នព័ត៌មាន និងសោតទស្សន៍នៃប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្រ្ដីបានបញ្ជាក់ថា ការជួបប្រជុំគ្នា ប្រចាំឆ្នាំលើវិស័យវិទ្យុ និងទូរទស្សន៍រវាងកម្ពុជាចិននេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានរវាងប្រទេសទាំងពីរ ឱ្យកាន់តែមានការរីកចម្រើន ស្របតាមការវិវត្ដន៍ នៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន

 

ឯកឧត្តមបានបន្ថែមថា ការអភិវឌ្ឍ រីកចម្រើនរបស់ប្រទេសចិន មិនត្រឹមតែបានលើកកម្ពស់ជីវភាពប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបាន និងកំពុងចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេស កម្ពុជា និងបណ្ដាប្រទេសក្នុងតំបន់  និងពិភពលោកថែមទៀត។

ឯកឧត្តម Fan Weiping អនុរដ្ឋមន្រ្តីរដ្ឋបាលជាតិនៃវិទ្យុ-ទូរទស្សន៍ចិន បានលើក ឡើងថា សន្និសីទនៃកិច្ចសហប្រតិបត្តិការនេះ បានក្លាយទៅជាវេទិកាដ៏សំខាន់មួយ សម្រាប់ អ្នកដែលធ្វើការ ខាងវិទ្យុ និងអ្នកទូរទស្សន៍នៃប្រទេសយើងទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ គ្នាទៅវិញទៅមក បង្កើតគំនិតថ្មី ប្រមូលផ្តុំនូវមតិ ឯកភាពគ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការ ស៊ីជម្រៅរវាងគ្នាទៅវិញទៅមក។ ឯកឧត្តមបានបន្ដថា សន្និសីទនៃកិច្ច សហប្រតិបត្តិការនេះ បានជំរុញឱ្យមានការផ្លាស់ប្តូរ និងរៀនសូត្រ ពីគ្នាទៅវិញទៅមក និងបើកធ្វើកិច្ចសហប្រតិបត្តិ ការខាងបច្ចេកវិទ្យានិងឧស្សាហកម្ម ជាពិសេសប្រកាន់ខ្ជាប់នូវគោលការណ៍ឈ្នះ ឈ្នះនិង ទទួលផលប្រយោជន៍រួមគ្នា ព្រមទាំងសហការដ៏មានប្រសិទ្ធភាពនៅក្នុងវិស័យDTMB និង OTT ជាដើម។

ឯកឧត្តមបានបន្ដទៀតថា នៅថ្ងៃអនាគត រដ្ឋបាលជាតិនៃវិទ្យុ-ទូរទស្សន៍ចិនសង្ឃឹមថានឹងរួមជាមួយភាគីកម្ពុជា ប្រកាន់ខ្ជាប់នូវចំណងមេត្រីភាព ដែលជាគ្រឹះមូលដ្ឋាន និងចាត់ទុក ការ​​ជំរុញវិទ្យុ និងទូរទស្សន៍ដោយរួមអភិវឌ្ឍន៍ជាមួយគ្នារវាងប្រទេសទាំងពីរ គឺជាភារកិច្ចរួមដ៏សំខាន់ដើម្បីជំរុញ្យអរិយធម៌ប្រទេសទាំងពីរបានផ្លាស់ប្តូរជាមួយគ្នា និងរៀនសូត្រពីគ្នាទៅ វិញទៅមក ព្រមទាំងធ្វើឱ្យប្រជាជនប្រទេសទាំងពីរតភ្ជាប់ជាមួយគ្នាយ៉ាងរឹងមាំ៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា