ឯកឧត្តម យន្ត មីន ចុះពិនិត្យមើលសកម្មភាពជួសជុលផ្លូវជាតិ៤ មុខទីប្រជុំជនផ្សារវាលរេញ

AKP ព្រះសីហនុ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ –ថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាល នៃគណអភិបាលខេត្តព្រះសីហុ ចុះពិនិត្យមើល សកម្មភាពជួសជុលកំណាត់ផ្លូវជាតិលេខ៤ មុខផ្សារវាលរេញ ស្ថិតក្នុងឃុំវាលរេញ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។

លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្ដព្រះសីហនុ បានឱ្យដឹងថា ដោយសារតែផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខផ្សារាលរេញ រងការខូចខាត ដោយសារទឹកភ្លៀង បណ្តាលឱ្យការធ្វើចរាចរណ៍មានភាពលំបាក  ហើយថ្ងៃនេះក្រុមការ ងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បើកការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខ៤ មុខផ្សារវាលរេញមានប្រវែង ២០៥ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់ ៨ហ៊ុន (០.០៨ម) ដោយចាក់ អ៊ុតកៅស៊ូអេស៊ី (AC) ដែលមានផ្ទៃក្រឡាសរុបចំនួនជិត ២ពាន់ម៉ែត្រការ៉េ។ នៅក្នុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ មន្ទីរក៏មានគម្រោងធ្វើការជួសជុលកែលម្អផ្លូវ និងពង្រីកផ្លូវ ជាច្រើនខ្សែបន្តទៀតនៅក្នុងខេត្ដព្រះសីហនុ បន្ទាប់ពីរងការខូចខាតយ៉ាងខ្លាំងដោយ សារទឹកភ្លៀងនាពេលកន្លងមក មានផ្លូវតាមជនបទ និងតាមទីក្រុង។

    ឯកឧត្តម យន្ត មីន បានធ្វើការណែនាំក្រុមការងារបច្ចេកទេសជួសជុលចាក់អ៊ុតកៅស៊ូ (AC) តាមផ្លូវជាតិលេខ៤ មុខផ្សារវាលរេញ ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការបំពេញ ការងារធានាគុណភាពផ្លូវប្រើប្រាស់បានយូរ ដើម្បីជួយសម្រួលការធ្វើចរាចរណ៍ របស់បងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិដែលធ្វើដំណើរឆ្លងកាត់មកលេងកម្សាន្តខេត្តព្រះសីហនុ ប្រកបដោយផាសុកភាព៕

ដោយ ងូ សុមុនី