មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិននឹងចាប់ផ្តើមអនុវត្តការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យនៅជនបទដំណាក់កាលទី២

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិនសន្យាថា នឹងខិតខំសហការជាមួយ គ្រប់ភាគីពាក់ព័ន្ធនានាទាំងអស់ ដើម្បីអនុវត្តផែនការសកម្មភាពការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទដំណាក់កាលទី២ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ឱ្យមានប្រសិទ្ធភាព ខណៈដំណាក់ទី១ សម្រេចបានប្រមាណ ៥៧% លើផែនការ ៦៤% ។

លោក ពេជ្រ សំបូរ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិនបានឱ្យដឹងថា មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ទទួលបានជោគជ័យលើសកម្មភាពការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទដំណាក់ទី១ ចាប់ពីឆ្នាំ២០១៤ ដល់ ឆ្នាំ២០១៨ ដោយសម្រេចបានប្រមាណ ៥៧% លើផែនការចំណុចដៅ ៦៤% ។

ក្នុងពិធីបើកសិក្ខាសាលារៀបចំផែនការសកម្មភាពថ្នាក់ខេត្ត ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ ដំណាក់កាលទី២ ពីឆ្នាំ២០១៩ដល់ឆ្នាំ២០២៣ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត លោកអះអាងថា ដំណាក់កាលទី២ ចាប់ពីឆ្នាំ២០១៩ដល់ឆ្នាំ២០២៣) មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នឹងខិតខំសហការជាមួយគ្រប់ភាគីពាក់ព័ន្ធនានាទាំងអស់ ដើម្បីអនុវត្តផែនការសកម្មភាពការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទនេះឱ្យសម្រេចជោគជ័យទៅតាមគោលដៅដែលបានកំណត់ ជាពិសេសឆ្លើយតបទៅនឹងផែនការសកម្មភាពថ្នាក់ជាតិរបស់ក្រសួង និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោក ហែម ឫទ្ធី អភិបាលរងខេត្តប៉ៃលិនបានលើកឡើងថា៖ ផែនការសកម្មភាពនេះ នឹងចូលរួមចំណែកក្នុងការសម្រេចបាននូវទស្សនៈវិស័យ “នៅឆ្នាំ ២០២៥ ប្រជាពលរដ្ឋគ្រប់រូប នៅសហគមន៍ជនបទ ត្រូវទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព” ។ លោកបានសំណូមពរ ដល់អង្គភាពស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ សហគមន៍ អង្គការដៃគូទាំងអស់ ត្រូវចូលរួមសហការ និងគាំទ្រ ដោយយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លា និងសកម្មបំផុត ដើម្បីអនុវត្តន៍ផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ដំណាក់កាលទី២ ឆ្នាំ២០១៩-២០២៣ ឱ្យទទួលបានជោគជ័យទៅតាមផែនការកំណត់។

សូមបញ្ជាក់ថា៖ គោលគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទបានកំណត់ថា៖ ស្ថិតក្នុងដំណាក់កាលទី២ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ ឆ្នាំ២០១៩-២០២៣ នេះ គឺកំណត់ ឱ្យប្រជាពលរដ្ឋ ៩០% ទូទាំងប្រទេសរួមទាំងទីជនបទដាច់ស្រយាល ទទួលបានការផ្គត់ផ្គង់ទឹកស្អាត មានការកែលម្អលើការប្រើប្រាស់បង្គន់ អនាម័យត្រឹមត្រូវរួមជាមួយការអនុវត្តការលាងដៃជាមួយសាប៊ូ និងកំណត់ឱ្យប្រជាពលរដ្ឋ ៥០% ទទួលបានការប្រើប្រាស់ទឹកសុវត្ថិភាព តាមរយ:ការបន្សុទ្ធទឹកបែបវិធីសាស្រ្តសមស្របនៅឆ្នាំ២០២៥៕