ក្រុមសង្គមស៊ីវិលរៀបចំកម្មវិធីជួបជុំយុវជនស័្មគ្រចិត្តជួយបង្រៀនកុមារក្រីក្រនៅថ្ងៃអាទិត្យនេះ

វិទ្យុជាតិកម្ពុជា​៖ ដោយ​ អ៊ី កនិកា៖​

ក្រុមសង្គមស៊ីវិល គ្រោងរៀបចំកម្មវិធីជួបជុំយុវជនស័្មគ្រចិត្តជួយបង្រៀនដល់កុមារក្រីក្រ នៅថ្ងៃអាទិត្យខាងមុខនេះ ដើម្បីជាការលើកទឹកចិត្តដល់ពួកគេដល់បានជួយដល់កិច្ចការសង្គម។

សេចក្តីប្រកាសព័ត៌មានរបស់អង្គការសម្ព័ន្ធសកលសន្តិភាពកម្ពុជា បានឱ្យដឹងថា យុវជនស័្មគ្រចិត្តចំនួន២៣៤នាក់ ដែលនឹងត្រូវជួបជុំគ្នាក្នុងសន្និបាតយុវជនស្ម័គ្រចិត្តសន្តិភាពពិភពលោក លើកទី៥ នៅថ្ងៃអាទិត្យខាងមុខនេះ គឺធ្លាប់បានធ្វើការខិតខំប្រឹងប្រែង និងលះបង់ពេលវេលាក្នុងការបង្រៀនដល់កុមារដែលជួបការខ្វះខាតឱ្យទទួលបានចំណេះដឹងផ្នែកភាសាអង់គ្លេស ផ្នែកបរិស្ថាន និងការអាន ព្រមទាំងគុណតម្លៃនៃការសិក្សាអប់រំ។

ប្រភពបានឱ្យដឹងទៀតថា យុវជនជានិស្សិតទាំងនោះ បានផ្តល់វិជ្ជាជីវៈត្រឹមត្រូវ រួមទាំងគុណតម្លៃ និងការជឿជាក់ ដែលអាចអនុញ្ញាតឱ្យពួកគេបន្តដំណើរស្វែងរកការរៀនសូត្រ សម្រាប់អនាគតវែងឆ្ងាយបន្តទៀត។

សូមបញ្ជាក់ថា សន្និបាតយុវជនស្ម័គ្រចិត្តសន្តិភាពពិភពលោក លើកទី៥នេះ នឹងប្រព្រឹត្តឡើងនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងរាជធានីភ្នំពេញ ដោយមានអ្នកចូលរូមដូចជា តំណាងក្រសួងអប់រំយុវជននិងកីឡា នាយកសាលាបឋមសិក្សា អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនឯកជនផងដែរ៕