អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៨នាក់ ប្រឈមនឹងការលុបឈ្មោះពីបញ្ជីបោះឆ្នោត

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ភក្តី៖

អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៨នាក់ កំពុងប្រឈមនឹងការលុបឈ្មោះបញ្ជីបោះឆ្នោត ក្នុងពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០១៨នេះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១៩ខែតុលានេះ ឯកឧត្តម សោម សូលីដា អគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់ថា អតីតសមាជិកគណបក្សសង្គ្រោះជាតិទាំង១១៨រូបនោះ អាចប្រឈមនឹងការលុបឈ្មោះចេញពីបច្ចុប្បន្នភាពបញ្ជីឈ្មោះថ្មី ដែលគ្រោងនឹងបិទនៅថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខនេះ។

អតីតសមាជិកគណបក្សសង្គ្រោះជាតិចំនួន១១៨នាក់ ត្រូវបានតុលាការកំពូលសម្រេចហាមឃាត់ពីការធ្វើនយោបាយរយៈពេល៥ឆ្នាំ ក្នុងពេលដំណាលគ្នានឹងសេចក្តីសម្រេចរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

ឯកឧត្តម សោម សូលីដា បានពន្យល់ថា អ្នកដែលត្រូវបានដកសិទ្ធិបោះឆ្នោត គឺនៅពេលជននោះប្រព្រឹត្តខុសនឹងច្បាប់បោះឆ្នោត។ យ៉ាងណាក៏ដោយ ឯកឧត្តម អំពាវនាវដល់ប្រជាពលរដ្ឋទាំងពីរភេទ ដែលបានចុះឈ្មោះបោះឆ្នោត និងមានឈ្មោះបោះឆ្នោត ទៅពិនិត្យឈ្មោះនៅតាមឃុំសង្កាត់ ដែលគ.ជ.បនឹងបិទផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខនេះ ដើម្បីប្រាកដថា ឈ្មោះ និងទិន្នន័យ ក្នុងបញ្ជីបោះឆ្នោតរបស់ខ្លួនត្រឹមត្រូវ ឬខុស ក្នុងអំឡុងពេលបើកផ្លូវឱ្យមានការតវ៉ា មុននឹងឈានទៅប្រកាសយកលទ្ធផលជាផ្លូវការនៅដំណាចឆ្នាំ២០១៨នេះ។

គ.ជ.ប បានធ្វើការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ ចាប់ផ្តើមពីថ្ងៃទី១ដល់ថ្ងៃទី១៨ ខែតុលា សម្រាប់អ្នកផ្លាស់ប្តូរលំនៅឋាន ការកែតម្រូវឈ្មោះឬទិន្នន័យ អ្នកបោះឆ្នោតអ្នកទើបគ្រប់អាយុ១៨ឆ្នាំ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ អ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមកការស្រង់ និងលុបឈ្មោះចំពោះអ្នកមរណភាព និងអ្នកត្រូវបានដកសិទ្ធិបោះឆ្នោតបណ្តោះអាសន្ន។

ឯកឧត្តម ទេព នីថា អគ្គលេខាធិការគ.ជ.ប បានបញ្ជាក់ថា មូលហេតុនៃការលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតនៅមិនទាន់បានស្រង់ចេញពីបញ្ជីបោះឆ្នោតនៅឡើយទេ ព្រោះមិនទាន់ប្រមូលបានទិន្នន័យពីអ្នកស្លាប់ និងអ្នកត្រូវដកសិទ្ធិបោះឆ្នោត។

យោងតាមលទ្ធផលបណ្តោះអាសន្នរបស់គ.ជ.ប បានបង្ហាញថា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មីក្នុងឆ្នាំ២០១៨នេះ មានជាង១៩ម៉ឺននាក់ ខណៈអ្នកនឹងត្រូវលុបឈ្មោះចេញពីបញ្ជីចំនួនជាង៥ម៉ឺន៤ពាន់នាក់។ លទ្ធផលបណ្តោះអាសន្នក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៨នេះ បានកើនដល់ប្រមាណ៨លាន៥៤ម៉ឺននាក់៕