ក្រសួងរ៉ែ និងអាជ្ញាធរខេត្ដកំពង់ចាម បើកវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយជូនដល់ប្រជា ពលរដ្ឋពាក់ព័ន្ធនឹងអាជីវកម្មខ្សាច់ នៅក្នុងស្រុកកងមាស

AKP កំពង់ចាម ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ –ក្រសួងរ៉ែ និងថាមពល សហការជាមួយអាជ្ញាធរខេត្ដកំពង់ចាម បានរៀបចំវេទិកាសាធារណៈ ដើម្បី ពិគ្រោះយោបល់ និងផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងអាជីវកម្មខ្សាច់ នៅ តាមដងទន្លេមេគង្គលើ ក្នុងឃុំចំនួន៤ នៃស្រុកកងមាស ខេត្តកំពង់ចាម។ វេទិកានេះ បាន អញ្ជើញ​ចូលរួមពីឯកឧត្ដម ឌិត ឌីណា រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល និងឯកឧត្ដម គួច ចំរើន អភិបាល ខេត្តកំពង់ចាម កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ។  

លោក មឿន ផា អភិបាលស្រុកកងមាស បានឱ្យដឹងថា បច្ចុប្បន្ន នៅក្នុងភូមិសាស្ត្រស្រុកកងមាស មានក្រុមហ៊ុន និងសហគ្រាសចំនួន៧កន្លែង កំពុងធ្វើសកម្មភាពបូមខ្សាច់ ដែលនៅក្នុងភូមិសាស្ត្រ នៃឃុំនីមួយៗ គឺជាប្រភេទខ្សាច់សំណង់ និងល្បាច់ខ្សាច់ ដូចៗគ្នា ។

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានលើកឡើងថា នេះគឺជាការអនុវត្ត នូវនយោបាយអភិវឌ្ឍន៍តាមបែបលទ្ធិប្រជាធិបតេយ្យ តាមរយៈការសម្រេចចិត្តនានា គឺត្រូវ មានការចូលរួមពីប្រជាពលរដ្ឋ ដែលពាក់ព័ន្ធ ដើម្បីផ្ដល់យោបល់ ក៏ដូចជាការពិនិត្យមើលកិច្ចការនានា ដែលពាក់ព័ន្ធទៅនឹងការសម្រេចចិត្ត ពីសំណាក់ក្រសួងស្ថាប័ន ក្នុងការផ្ដល់ឱ្យ ដំណើរការវិនិយោគផង ក៏ដូចជាការបម្រើទៅដល់ការអភិវឌ្ឍមូលដ្ឋានផ្ទាល់ផងដែរឯកឧត្តមបានបន្ដថា ក្រុមការងាររបស់ក្រសួងរ៉ែ និងថាមពល សហការជាមួយអាជ្ញាធរស្រុក ក៏ដូចជាខេត្ត បានរៀបចំវេទិកានេះឡើង គឺបានផ្ដល់ឱកាសយ៉ាងល្អប្រសើរ សម្រាប់ប្រជា ពលរដ្ឋ ក្នុងការលើកឡើងនូវបញ្ហាប្រឈមនានា ហើយមន្ត្រីជំនាញ នឹងធ្វើការពន្យល់ បកស្រាយ រាល់ចម្ងល់ទាំងឡាយ ត្រឡប់ទៅវិញ។ ឯកឧត្ដមអភិបាលខេត្ដបានបន្ដទៀតថា កន្លងទៅ បើទោះបីជាមានការបូម ឬមិនមានការបូមយកខ្សាច់ ក៏ដោយ ក៏តែនៅតាមតំបន់មួយចំនួន មានការបាក់ស្រុតច្រាំងទន្លេដែរ។ ស្ថានភាពបែបនេះ វាគឺជារឿងធម្មជាតិ នៃទន្លេ ដែលបានកើតឡើងដោយសារចរន្តទឹកហូរបុកខ្លាំង ពីជ្រុងម្ខាងទៅជ្រុងម្ខាងទៀត ទើបអាចរងការបាក់ផ្ទុយពីមតិលើកឡើងរបស់ប្រជាពលរដ្ឋថា ដោយសារការបូមយកខ្សាច់ ទើបបណ្ដាល ឱ្យបាក់នោះ។ ដោយឡែក តាមលក្ខណៈបច្ចេកទេស ការបូមយកខ្សាច់ ដែលបានដុះ គឺអាច ជួយសម្រួលផ្លូវទឹក ដើម្បីបញ្ជៀសនូវល្បឿនទឹកហូរបុកទៅច្រាំងខ្លាំង ដែលអាចកាត់បន្ថយការបាក់ច្រាំង បានមួយផ្នែក ផងដែរ ។  

ឯកឧត្ដម ឌិត ឌីណា រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ការបូមយកខ្សាច់នេះ គឺដើម្បីដោះស្រាយការឈមនឹងធម្មជាតិផង ក៏ដូចជាការបម្រើទៅដល់ កិច្ចអភិវឌ្ឍន៍ នៅក្នុងមូលដ្ឋាន។ ឯកឧត្ដមបានបញ្ជាក់ថា បញ្ហាដីខ្សាច់ដុះ គឺប្រៀបទៅនឹងជំងឺ មហារីក ពោលគឺវាបង្កគ្រោះថ្នាក់ដល់យើង នាពេលអនាគតទន្ទឹមនេះ ប្រសិនបើមានដី ខ្សាច់ដុះហើយនោះ ផ្អែកតាមលក្ខណៈបច្ចេកទេស គឺយើងត្រូវធ្វើការយកខ្សាច់ដុះនោះចេញ ធ្វើយ៉ាងណាកុំឱ្យបាក់ឯកឧត្ដមបានពន្យល់ថា កន្លែងដែលបាក់ហើយ យើងត្រូវធ្វើយ៉ាង ណា កុំឱ្យបាក់ខ្លាំង និងមិនឱ្យបាក់ទៅទៀត។ ដូច្នេះ ត្រូវដោះស្រាយ ដោយអនុវត្តន៍ឱ្យត្រឹមត្រូវទៅតាមវិធីសាស្រ្តបច្ចេកទេស ស្របពេលទៅនឹងកំណែទម្រង់ថ្មី ពីព្រោះថា កាលពីមុន ក្រសួងមិនបានផ្ដល់អាជ្ញាប័ណ្ណ ដល់អាជីវកម្មបូមខ្សាច់ ដោយមិនធ្វើជាវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋឡើយ តែពេលនេះ មិនត្រឹមតែធ្វើវេទិកាសាធារណៈនោះទេ តែថែម​​ទាំងដាក់មន្ត្រីមកប្រចាំការនៅលើទីតាំងដែលមានអាជ្ញាប័ណ្ណទៀតផង ដើម្បីជួយដោះស្រាយ បញ្ហា នានា រវាងក្រុមហ៊ុន និងសហគ្រាស ជូនប្រជាពលរដ្ឋដោយផ្ទាល់ភ្លាមៗ តែម្ដង។ ដោយឡែក ឆ្លើយតបទៅនឹងក្ដីកង្វល់របស់ប្រជាពលរដ្ឋ ដែលលើកសំណើថា មានអ្នកលួចបូមខ្សាច់ តាមតំបន់មួយចំនួន នៅពេលយប់ បែបអាណាធិបតេយ្យនោះ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ថា យើងនឹងមានវិធានការទៅតាមផ្លូវច្បាប់ ចំពោះ ជននោះ ពីព្រោះថា បច្ចុប្បន្ន យើងមិនអនុញ្ញាត ឱ្យធ្វើអាជីវកម្មបូមខ្សាច់ខុសទីតាំង និងខុស ពេលវេលានោះឡើយ ពោលគឺច្បាប់ថ្មីបានកំណត់ច្បាស់លាស់ហើយថា រាល់អាជ្ញាប័ណ្ណ ដែលក្រសួងរ៉ែ បានផ្ដល់ជូនឱ្យធ្វើអាជីវកម្ម គឺមិនអនុញ្ញាតឱ្យធ្វើខុសពីលក្ខណៈបច្ចេកទេស កំណត់នោះឡើយ ។  

ក្នុងឱកាសនោះដែរ ឯកឧត្ដម គួច ចំរើន ក៏បានប្រគេនបច្ច័យដល់វត្តរកាអារ និងវត្តពាមជីកង ដោយក្នុង១វត្តៗ ទទួលបានបច្ច័យ២លានរៀល។ ដោយឡែក ប្រជាពលរដ្ឋដែលបានចូល រួមក្នុងអង្គវេទិកា ទទួលបានថវិកាម្នាក់ៗ ២ម៉ឺនរៀលផងដែរ

ដោយ សោម ឬទ្ធី