បញ្ហាប្រឈមនៃពាណិជ្ជកម្មលើពិភពលោកមិនបះពាល់ដល់ការការបញ្ជាទិញទំនិញនៅកម្ពុជាឡើយ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជួន បូណា ៖

រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា បញ្ហាប្រឈមនានានៃពាណិជ្ជកម្មលើពិភពលោកមិនបះពាល់ដល់ការបញ្ជាទិញនៅកម្ពុជានោះទេ ខណៈដៃគូរបញ្ជាទិញទំនិញពីកម្ពុជានៅតែបន្ដកិច្ចសហប្រតិបត្ដិការជាមួយគ្នាដ៏ដែល។

ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបពិភ្សាការងារជាមួយសមាគមអ្នកបញ្ជាទិញ ដឹកនាំដោយលោក Mechael Posner ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមយុត្ដិធម៌ការងាររបស់សហរដ្ឋអាមេរិក(FLI)និងរួមទាំងក្រុមអ្នកបញ្ជាទិញផលិតផលសំលៀកបំពាក់ និងស្បែកជើងសម្រាប់នាំចេញទៅសហរដ្ឋអាមេរិក និងសហគមអ៊ឺរ៉ុប នាព្រឹកថ្ងៃទី ១៩ ខែតុលា នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការពិភាក្សានាពេលនេះ ក្នុងគោលបំណងពិនិត្យមើលនូវវឌ្ឍនភាព ទាក់ទងទៅនឹងលក្ខខណ្ឌការងារ ការរៀបចំប្រាក់ឈ្នួល យន្ដការដោះស្រាយវិវាទការងារ និងការអនុវត្ដច្បាប់សហជីពជាដើម។

ឯកឧត្ដម បញ្ជាក់ថា ការពិភាក្សានេះ ក៏បានលើកឡើងពីបញ្ហាប្រឈម និងរួមគ្នាដើម្បីបន្ដកិច្ចសហប្រតិបត្ដិការទៅមុខបន្ដទៀត ។ឯកឧត្ដមបានបញ្ជាក់ថា ភាគីទាំងពីរសង្ឃឹមថា បញ្ហាប្រឈមនានានៃពាណិជ្ជកម្មលើពិភពលោកដែលបានកើតឡើងនាពេលបច្ចុប្បន្ននេះ គឺមិនបះពាល់ដល់កិច្ចសហប្រតិបត្ដិការរវាងដៃគូរនានាដែលជាអ្នកបញ្ជាទិញផលិតផលសំលៀកបំពាក់ និងស្បែកជើងសម្រាប់នាំចេញទៅសហរដ្ឋអាមេរិក និងសហគមអ៊ឺរ៉ុប និងកម្ពុជានោះទេ។

សូមបញ្ជាក់ថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការអឺរ៉ុប បានបញ្ជាក់ថា ស្នងការពាណិជ្ជកម្មអឺរ៉ុប នឹងធ្វើការតាមដាន និងវាយតម្លៃអំពីស្ថានភាពក្នុងប្រទេសកម្ពុជារយៈពេល៦ខែទៀត ចាប់ពីពេលជូនដំណឹង មុនឈានទៅសម្រេចថា តើគួរបញ្ឈប់នីតិវិធីលុបចោលប្រព័ន្ធអនុគ្រោះពន្ធជាបណ្ដោះអាសន្ន ឬធ្វើការលុបចោលប្រព័ន្ធអនុគ្រោះពន្ធជាបណ្ដោះអាសន្ននេះតែម្ដង៕