សហព័ន្ធវ៉ូវីណាមកម្ពុជាគ្រោងបញ្ជូនអត្តពលិកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ី នៅឥណ្ឌូណេស៊ី ឆ្នាំ២០១៨

AKP ភ្នំពេញ ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៨ –សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានត្រៀមអត្តពលិករបស់ខ្លួន២៥នាក់ គ្រូបង្វឹក និងគ្រូជំនួយ ៦នាក់ និងគណៈប្រតិភូ២នាក់ទៅចូលរួមព្រឹត្តិការណ៍ការប្រកួតជើងឯកអាស៊ីលើកទី៤ ឆ្នាំ ២០១៨ ដែលគ្រោងនឹងដំណើរការពីថ្ងៃទី០២ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា នៅប្រទេសឥណ្ឌូ ណេស៊ី។

 

អនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា លោក អ៊ូ រតនា បានឲ្យដឹងថា ការប្រកួតជើងឯក អាស៊ី លើកទី៤នេះ គឺជាលើកទី១សម្រាប់ការចូលរួមរបស់អត្តពលិកកម្ពុជា ដោយសារកន្លងមកកម្ពុជាធ្លាប់ តែចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍ និងជើងឯកពិភពលោកប៉ុណ្ណោះ ហើយដោយទទួលបាន លទ្ធផលល្អប្រសើរ។ សម្រាប់ការប្រកួតលើកនេះ លោកបានបង្ហាញ នូវក្តីរំពឹងខ្ពស់ផងដែរ ក្រុមកីឡាករកីឡាការិនីវ៉ូវីណាមកម្ពុជា នឹងខិតខំធ្វើឱ្យបានល្អ និងដណ្តើមមេដាយយកមកជូនជាតិរបស់ខ្លួន។

លោកបន្តថា ព្រឹត្តិការណ៍កម្រិតអាស៊ីនេះនឹងមានប្រទេសចំនួន១៦ ចូលរួម។ កាលពីលើក ទី៣ នៅប្រទេស អ៊ីរ៉ង់ កន្លងទៅ ព្រឹត្តិការណ៍ដូចគ្នានេះមានត្រឹមតែ៩ប្រទេសចូលរួមប៉ុណ្ណោះ ខណៈបច្ចុប្បន្នសហព័ន្ធ កីឡាវ៉ូវីណាមទ្វីបអាស៊ីមានសមាជិកចំនួន២០ប្រទេស។

គួរបញ្ជាក់ថា អត្តពលិករបស់កម្ពុជាទៅចូលរួមប្រកួតនេះនឹងត្រូវប្រកួតលើប្រភេទវិញ្ញាសា ប្រយុទ្ធ និងសម្ដែង ហើយពេលនេះពួកគេកំពុងខិតខំហ្វឹកហាត់យ៉ាងសកម្មជារៀងរាល់ថ្ងៃ ដោយក្នុង១ថ្ងៃៗត្រូវហ្វឹកហាត់ ២ពេល៕

ដោយ ហេង ណាលីន