មន្ត្រីសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបង្ហាញបច្ចេកទេសសំខាន់ៗនៃមូលដ្ឋានគ្រឹះក្បួនអុក

AKP ភ្នំពេញ ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៨ –អតីតស្តេចអុកចត្រង្គពីរសម័យ និងជាអគ្គលេខាធិការ សហព័ន្ធអុកចត្រង្គកម្ពុជា លោក ឈាវ បូរ៉ា បានបង្ហាញពីបច្ចេកទេសសំខាន់ៗនៃមូលដ្ឋានគ្រឹះក្បួនដើរ សម្រាប់ការប្រកួតនានា។

លោកបានលើកឡើងថា សម្រាប់បច្ចេកទេសនៃមូលដ្ឋានទាំងនេះ មានដូចជាទី១ ការស្វែង រកត្រីកល់ ឬត្រីថ្នក់, ទី២ ការស្វែងរកផ្លូវគោល, ទី៣ការបង្ខំដៃគូប្រកួត និងទី៤ ការកេងត្រី ក្រៅក្នុង ដែលចំណុច សំខាន់ៗទាំងនេះ គឺជាយុទ្ធសាស្ត្រ សម្រាប់ធ្វើជាដើមទន់ ក្នុងការលេង នៅក្រឡាអុក ទាំងមូល។

លោក ឈាវ បូរ៉ា បានបន្តថា សម្រាប់ការប្រើយុទ្ធសាស្រ្តទាំង៤នេះគឺវាភាពស៊ីជម្រៅ និងវែង ឆ្ងាយ ដោយត្រូវប្រើពេលយូរ ដូច្នេះលោកមិនអាចពន្យល់ឱ្យលម្អិតក្នុងពេលវេលាដ៏ខ្លីបានទេ។ ប៉ុន្តែលោកបានបកស្រាយខ្លះៗ ដោយយុទ្ធសាស្ត្រទី១ ត្រីកល់ ឬត្រីថ្នក់ គឺជាត្រីមួយដែល បំផ្លាញខ្លួនឯង ដែលជាប្រភេទត្រី ដែលធ្វើឱ្យទ័ព ធំរបស់ខ្លួនមិនអាចប្រើយុទ្ធសាស្រ្ដវាយលុកគេបាន បែរជាធ្វើឱ្យទ័ពធំរបស់ខ្លួនមានឱកាសច្រើនបំពានមកលើខ្លួនវិញបាន ដូច្នេះ ហើយយើងត្រូវតែស្វែងរកត្រីកល់ ឬត្រីថ្នក់នេះ។ ចំពោះចំណុចទី២ ការស្វែករកផ្លួវគោល ព្រោះថា គោលគឺសំខាន់ណាស់ ក្នុងយុទ្ធសាស្ត្រអុក ថ្វីដ្បិតតែវាដើរបានចម្ងាយខ្លី ឬត្រឹម១ ក្រឡាក្តី ប៉ុន្តែវាអាចសម្លាប់ ដោយសន្សឹមៗ ពិបាកនឹងរើរួច។ ម្យ៉ាងទៀត គោល គឺជាទ័ពការពារក្បួន ឬខុនបានល្អឥតខ្ចោះ។ ការប្រើប្រាស់ គោល គឺជារឿងសំខាន់បំផុត នៅពេល ណាដែលយើងដើរគោលខុសវាជាឱកាសដែលយើងចាញ់ប្រៀបគេច្រើន។ មុខងារសំខាន់របស់គោល គឺគ្រប់គ្រង់ក្រឡាទាំង៨នៅលើក្តាអុក ដោយក្រឡាទាំងនេះ គេហៅថា ក្រឡាសំខាន់ ដែលគ្រប់គ្រងដោយគោល។

ទន្ទឹមនឹងនេះ អគ្គលេខាធិការសហព័ន្ធអុកចត្រង្គកម្ពុជាកំពុងខិតខំស្រាវជ្រាវក្បួន ក្រឡាអុក ចត្រង្គ និងយុទ្ធសាស្ត្រថ្មីបន្ថែមទៀត តាមរយៈការចងក្រងសៀវភៅ យុទ្ធសាស្ត្រអុក ដែល មានឈ្មោះថា យុទ្ធសាស្រ្តដំរី។

គួរបញ្ជាក់ថា ពេលនេះ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ដែលដឹកនាំដោយលោក គុជ គឹមឡុង ក្នុងឋានៈប្រធានសហព័ន្ធជំនាញមួយនេះកំពុងរៀបចំការប្រកួតជម្រុះជ្រើសជើង ឯកលីគ ឆ្នាំ២០១៨ របស់ខ្លួន ដើម្បី អភិវឌ្ឍន៍វិស័យកីឡាប្រពៃណីវប្បធម៌ខ្មែរឱ្យកាន់តែរីក ចម្រើនបន្ថែមទៀត ក៏ដូចជាគោលដៅត្រៀមខ្លួនទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ ប៉ុន្តែលោកប្រធាន គុជ គឹមឡុង ក៏បាន ប្រកាសស្វែងរកសប្បុរសជន ឬបណ្តាក្រុមហ៊ុននានា ដើម្បីរួមគ្នាជួយជ្រោងការអភិវឌ្ឍ ឱ្យ​កាន់តែប្រសើរ ផងដែរ៕

ដោយ ហេង ណាលីន