សមាគមអ្នកបញ្ជាទិញរបស់សហរដ្ឋអាមេរិក ប្រកាសបន្ដគាំទ្រកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាដើម្បីទិញផលិតផលសម្លៀកបំពាក់ពីកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ –រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្រុមហ៊ុនដៃគូ សមាគមអ្នក បញ្ជាទិញ និងសមាគមយុត្ដិធម៌ការងារសហរដ្ឋអាមេរិក បានបន្ដគាំទ្រកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាក្នុងការបញ្ជាទិញទំនិញ ផលិតផលសម្លៀកបំពាក់និងស្បែកជើង ដើម្បីនាំចេញ ទៅកាន់សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពីជំនួបពិភាក្សាការងារជាមួយសមាគមអ្នកបញ្ជាទិញ ដឹកនាំដោយលោក Mechael Posner ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមយុត្ដិធម៌ការងារសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ក្រុមហ៊ុនដៃគូ និងសមាគមអ្នកបញ្ជាទិញទាំងអស់ ប្រកាសនៅតែបន្ដគាំទ្រដល់កម្ពុជា ដើម្បី ធានាដល់ការប្រកួតប្រជែងរបស់កម្ពុជាសម្រាប់ការនាំចេញទំនិញ និងផលិតផលនាំចេញសម្លៀក បំពាក់ និងស្បែកជើង។ ឯកឧត្តមបានបន្ដថា ការជួបពិភាក្សាគ្នានេះគឺ ដើម្បីពិនិត្យមើលអំពី វឌ្ឍនភាពទាក់ទងនឹងលក្ខខណ្ឌការងារ ការរៀបចំប្រាក់ឈ្នួល យន្ដការដោះស្រាយវិវាទ និងការអនុវត្ដច្បាប់សហជីពនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ដទៀតថា​ ដៃគូអ្នកបញ្ជាទិញចង់ដឹងពីវឌ្ឍនភាព បញ្ហាប្រឈមនានា ដែលកម្ពុជាបាននិងកំពុងតែជួបប្រទះ ដើម្បីរួមគ្នាធ្វើយ៉ាងណាស្វែងរកដំណោះស្រាយ និងពង្រឹង កិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំទៅមុខទៀត។ ឯកឧត្តមសង្ឃឹមថា បញ្ហាប្រឈមនានាដែលបានកើតឡើងនាពេលបច្ចុប្បន្ននេះ ទាក់ទងនឹងពាណិជ្ជកម្មនៅក្នុងពិភព លោក នឹងមិនប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងក្រុមហ៊ុនដៃគូបញ្ជាទិញ ផលិតសម្លៀកបំពាក់ និងស្បែកជើង ដែលនាំចេញទៅសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប នោះទេ។

លោក Mechael Posner ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមយុត្ដិធម៌ការងារសហរដ្ឋ អាមេរិកបានលើកឡើងថា ការជួបពិភាក្សាជាមួយភាគីកម្ពុជានេះ គឺដើម្បីចង់ដឹងអំពីដំណើរការ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានអនុវត្ដន៍លក្ខខណ្ឌការងារ ការរៀបចំប្រាក់ឈ្នួល យន្ដការដោះស្រាយវិវាទ និងការអនុវត្ដច្បាប់សហជីព ជាពិសេសការ ទទួលបាននូវព័ត៌មានដោយ ផ្ទាល់ពីភាគីរាជរដ្ឋាភិបាល។ លោកបានបន្ដថា ក្រុមហ៊ុនដៃគូ ទាំងអស់ ប្រកាសធានាដល់ការប្រកួតប្រជែង និងការបញ្ជាទិញទំនិញ ផលិតសម្លៀកបំពាក់ និងស្បែកជើងពីកម្ពុជាបន្ដទៀត

ដោយ អ៊ុន រិទ្ធី