កម្មវិធី​អភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់បានធ្វើដំណើរកម្សាន្តសាកល្បង នៃសេវាកម្មទេសចរណ៍ “សៀមរាបក្រៅពីប្រាសាទ”

AKP សៀមរាប ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ –ដើម្បី​ជំរុញឱ្យអ្នកទេសចរទៅកម្សាន្តនៅតំបន់ទេសចរណ៍សហគមន៍ ឱ្យបានកាន់តែ ច្រើនកម្មវិធី​អភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ បានធ្វើដំណើរកម្សាន្តសាកល្បងនៃសេវាកម្មទេសចរណ៍ សៀមរាបក្រៅពីប្រាសាទ ដោយបាននាំអ្នកទេសចរជាតិ និងអន្តរជាតិ​ប្រមាណ៩០នាក់ទៅកាន់​រមណីយ​ដ្ឋានទេសចរណ៍ធម្មជាតិ​ជាច្រើន​ ដែល​មានភាព​ទាក់ទាញ់នៅក្នុង ខេត្តសៀមរាប។

ដើម្បី​ឱ្យ​អ្នកទេសចរបាន​ស្គាល់​ពី​រមណីយ​ដ្ឋានទេសចរណ៍​ធម្មជាតិ​ជាច្រើន​ ដែល​មាន​នៅ​ខេត្តសៀមរាប​ក្រៅពី​ប្រាសាទ​បុរាណ​កម្មវិធី​អភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ ដែលជា​កម្មវិធី អភិវឌ្ឍន៍សេដ្ឋកិច្ចនៅ​ជនបទ​របស់​រាជ​រដ្ឋាភិបាលកម្ពុជា គំាទ្រថវិកាដោយរដ្ឋាភិបាលអាល្លឺម៉ង និង​ស្វ៊ី សកន្លងមកបាន​ដាក់​ឱ្យ​ប្រើ​ប្រាស់ផែន​ទីទេសចរណ៍​ “សៀមរាបក្រៅពី​ប្រាសាទ ដែលផែនទី​នោះបាន​បង្ហាញ​អំពីរមណីយ​ដ្ឋានទេសចរណ៍ធម្មជាតិទំាង​អស់​ ដែលមានៅ​ក្នុង​ខេត្តសៀមរាប​ឱ្យអ្នកទេសចរបាន​ដឹង។ ប៉ុន្តែសម្រាប់ថ្ងៃទី១៩ ខែតុលា ឆ្នំាំ២០១៨នេះ​ គឺបាន​ដំណើរកម្សាន្តសាកល្បងសេវាកម្មទេសចរណ៍ សៀមរាបក្រៅពីប្រាសាទ ដោយបាននាំ អ្នកទេសចរជាតិ និងអន្តរជាតិ​ប្រមាណ៩០នាក់ទៅកាន់​រមណីយ​ដ្ឋានទេសចរណ៍ធម្មជាតិ​ជាច្រើន​ដែល​មានភាព​ទាក់ទាញនៅក្នុងខេត្តសៀមរាប។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប​មាន​បាន​ប្រសាសន៍ថាខែ្សទស្សនាចរ សៀមរាបក្រៅពីប្រាសាទ នៅថ្ងៃនេះ គឺមាន​សារៈសំខាន់ណាស់ក្នុងការ​ជំរុញ​ឱ្យភ្ញៀវទេសចរ ដែលមកកម្សាន្តនៅខេត្ត​សៀមរាប ​និង​ប្រាសាទ​បុរាណ​ពន្យាការស្នាក់នៅ ដើម្បី​ទទួលបាន​បទពិសោធន៍យ៉ាង​ពិតប្រាកដពីតំបន់ទេសចរណ៍ក្រៅពីប្រាសាទ។

លោកបានបន្តថា ខេត្តសៀមរាប​គឺជាខេត្តមួយដែលមាន​តំបន់ទេសចរណ៍ធម្មជាតិជា ច្រើនក្រៅពីប្រាសាទ ដូចជាផ្ទះស្នាក់ ភោជនីយដ្ឋាន សកម្មភាពផ្សេងៗដែលពាក់ព័ន្ធនឹងការ រស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅតំបន់ជនបទ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាដើម។នៅក្នុងដំណើរកម្សាន្តសាកល្បងនៃសេវាកម្មទេសចរណ៍សៀមរាប​ក្រៅពីប្រាសាទនៅថ្ងៃនេះ អ្នកទេសចរនឹងបាន​សប្បាយរីករាយជាមួយទិដ្ឋភាពដ៏ស្រស់ស្អាតនៅតំបន់ជនបទ ផ្ទះបុរាណតាមភូមិ ព្រមជាមួយអាហារតាមតំបន់នីមួយៗ។ ជាពិសេសខ្សែទស្សនាចរថ្ងៃនេះនិងមានការជិះរទេះគោ ជិះទូក ជិះកង់ កម្សាន្តតាមភូមិ និងដើរឡើងភ្នំ ដែលនឹងធ្វើឱ្យអ្នករួមដំណើរនៅក្នុងកម្មវិធីនេះទាំងអស់បានសប្បាយ រីករាយជាមួយគ្នា៕

ដោយ ឃុត សៅ