អាជ្ញាធរខេត្តបន្ទាយមានជ័យត្រៀមរៀបចំប្រណាំងទូកនៅពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ

AKP បន្ទាយមានជ័យ​ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ –អាជ្ញាធរខេត្តបន្ទាយមានជ័យ បានត្រៀមរៀបចំពិធីប្រណាំងទូកងថ្នាក់ខេត្តរយៈពេល២​ថ្ងៃ គឺថ្ងៃទី១៤ និងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅស្ទឹងក្រុងសិរីសោភ័ណ ខាងក្រោយ សាកលវិទ្យាល័យមានជ័យ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ដែលជា​បុណ្យប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តិទៅនៅចុងខែវិច្ឆិកានាពេលខាងមុខនេះ។

នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកាលពីព្រឹកថ្ងៃសុក្រ ១០កើត ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ខែតុលា ឆ្នាំ០១នេះ ឯកឧត្តម សួន បវរ អភិបាល​ខេត្តបន្ទាយមានជ័យមានប្រសាសន៍​ថា នៅឆ្នាំនេះពិធី​ប្រណាំអុំទូក​នឹង​ត្រូវ​រៀបចំធ្វើ​ឱ្យ​បាន​ល្អ​ជាង​បណ្តា​ឆ្នាំមុនៗ​ ដោយ​តម្រូវ​ឱ្យ​កីឡាករ​ប្រណាំង​ទូក​ស្លៀកពាក់​ឱ្យ​បាន​ស្អាតបាត​សមរម្យ ​ទៅតាម​ទំនៀមទម្លាប់​​ប្រពៃណីជាតិខ្មែរ ដើម្បី​មើល​ទៅ​គួរ​ឱ្យមានការទាក់ ទាញ​ចាប់អារម្មណ៍នោះ​។

ឯកឧត្តមបានណែនាំដល់អាជ្ញាធរដែនដីសមត្ថកិច្ចពាក់ព័ន្ធ និងគណៈកម្មការរៀបចំ​ពិធី​ប្រណាំងទូកនេះគប្បីត្រូវយកចិត្តទុកដាក់ត្រៀមគ្រប់លក្ខណៈសម្បត្តិដើម្បីឱ្យកម្មវិធីនេះបានប្រព្រឹត្តទៅដោយរលូនបង្កដល់ភាពចូលរួមកម្សាន្តសប្បាយរីករាយរបស់ប្រជាពលរដ្ឋយើង

អភិបាលខេត្តបន្ទាយមានជ័យបានជំរុញដល់កម្លាំងសមត្ថកិច្ចទាំងអស់ត្រូវបង្កើនកិច្ច​ប្រឹងប្រែងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់នៅទីកន្លែងកំសាន្តការប្រណាំងទូកដែលប្រព្រឹត្តទៅនៅស្ទឹងសិរីសោភ័ណក្រោយសាកលវិទ្យាល័យមាន​ជ័ កន្លែងបណ្តែតប្រទីបនៅ​ក្បែរស្ពាន ថ្មសង្កាត់ព្រះពន្លានិងពិព័ណ៍ភូមិ១ផលិតផល១និង​សណ្តាប់ធ្នាប់តាមដងផ្លូវនានា​​

ឯកឧត្តមបន្តទៀតថា ដើម្បី​ឱ្យ​កាន់តែ​មានការ​ចាប់អារម្មណ៍ ​និង​ទាក់ទាញ​ទេសចរណ៍​ទៀតនោះក៏នឹងមានការរៀបចំឱ្យមានសោភណភាពតាមដងផ្លូវដោយតុបតែងដាក់ភ្លើងពណ៌ចម្រុះ ​និង​រៀបចំ​សណ្តាប់​ធ្នាប់​ឱ្យ​បាន​ល្អ​ប្រសើរ ដើម្បី​រក្សា សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ដែល​បាន​ទៅ​ចូលរួម​ទស្សនា​កម្សាន្ត​កម្មវិធី​ប្រណាំងទូក​នាពេលនោះ​ផងដែរ​។ ​

អភិបាលខេត្ត​​បន្ទាយមានជ័យឯកឧត្តមសួនបវរក៏ បានធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ព្រមទាំង​ភ្ញៀវ ទេសចរ​ជាតិ ​និង​អន្តរជាតិសូមអញ្ជើញ ចូលរួម​ទស្សនា​កម្សាន្ត​ឱ្យ​បានច្រើនកុះករក្នុងពិធីប្រណាំងអុំទូកនៅក្នុងខេត្តបន្ទាយមានជ័យនេះនិងត្រូវចូលរួមទាំងអស់គ្នា ថែរក្សា​អនាម័យ​បរិស្ថាន​ផងដែរ​៕

ដោយឈុនសារ៉ាត