ពួកឧទ្ទាមយ៉េមែនបាញ់មីស៊ីលផ្លោងទៅលើជំរំព្រំដែនអារ៉ាប៊ីសាអូឌីត

AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ — ពួកឧទ្ទាមស៊ីអ៊ីតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកឧទ្ទាមហ៊ូធីយ៉េមែនបានបាញ់ មីស៊ីលផ្លោងទៅលើជំរំយោធាមួយក្នុងតំបន់ព្រំដែន Najran ប្រទេសអារ៉ាប៊ីសាអូឌីតភាគខាងត្បូងកាលពីថ្ងៃ ព្រហស្បតិ៍នេះ ។

តាមសេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន Saba ដែលពួកឧទ្ទាមត្រួតត្រាឱ្យដឹងថា មីស៊ីល Badr-1 បានវាយប្រហារជំរំនេះនៅក្នុងតំបន់ Buko ។ សេចក្តីថ្លែងការណ៍នោះមិនបានផ្តល់ឱ្យនូវព័ត៌មានលម្អិតថែមទៀតទេ ដោយឡែកគ្មានការធ្វើ អត្ថាធិប្បាយណាមួយនៅឡើយទេ ពីប្រទេសអារ៉ាប៊ីសាអូឌីត ។

Buko គឺជាតំបន់ឆ្លងកាត់​ព្រំដែនអារ៉ាប៊ីសាអូឌីត – យ៉េមែន រួមគ្នាមួយ ដែលមានព្រំដែនជាមួយ ខេត្ត Saaba ប្រទេសយ៉េមែនភាគខាងជើង ដែលជាទីតាំងយ៉ាងសំខាន់របស់ពួកឧទ្ទាមយ៉េមែន ។ Buko បានស្ថិតនៅក្រោមការត្រួតត្រារបស់កងកម្លាំងព្រំដែនអារ៉ាប៊ីសាអូឌីត ចាប់តាំងពីឆ្នាំ ២០១៦ បន្ទាប់ពីកងទ័ពអារ៉ាប៊ីសាអូឌីត បានធ្វើឱ្យពួកឧទ្ទាមយ៉េមែនទទួលបរាជ័យ នឹងបានបង្ខំពួកគេឱ្យដកថយ ទៅកាន់ Saaba វិញក្នុងពេលពីរបីខែ បន្ទាប់ពីសង្គ្រាមបានផ្ទុះឡើងក្នុងដើមឆ្នាំ ២០១៥ ។

ការវាយប្រហារនេះ គឺជាការប៉ុនប៉ងថ្មីបំផុតដោយពួកហ៊ូធី ដែលផ្តោតទៅលើទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារពីអាកាសដឹកនាំដោយអារ៉ាប៊ីសាអូឌីត ទៅលើតំបន់ភាគខាងជើងដែលពួកហ៊ូធីត្រួតត្រា នៅក្នុងប្រទេសយ៉េមែន ។

កាលពីសប្តាហ៍កន្លងទៅទូរទស្សន៍ ​Al Arabiya របស់អារ៉ាប៊ីសាអូឌីតបាននិយាយថា កងការពារ អាកាសអារ៉ាប៊ីសាអូឌីត នៅ Najran បានស្ទាក់ចាប់ នឹងកម្ទេចមីស៊ីលផ្លោងមួយដែលបាញ់ពីប្រទេស យ៉េមែន ។ គេរាយការណ៍ថា គ្មានការខូចខាតណាមួយទេ ។

ប្រទេសអារ៉ាប៊ីសាអូឌីតកំពុងដឹកនាំក្រុមចម្រុះយោធាអារ៉ាប់មួយ ដែលបានធ្វើអន្តរាគមន៍ក្នុង ប្រទេសយ៉េមែន ក្នុងខែមីនា ឆ្នាំ ២០១៥ ដើម្បីគាំទ្រដល់រដ្ឋាភិបាលប្រធានាធិបតី Abd-Rabbu Mansour Hadi បន្ទាប់ពីពួកឧទ្ទាមហ៊ូធី បានបង្ខំលោកឱ្យនិរទេសខ្លួននោះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )