អ៊ីរ៉ង់ថា ការប្រកាសរបស់អាម៉េរិកកាត់បន្ថយការនាំចេញ ប្រេងអ៊ីរ៉ង់ឱ្យដល់សូន្យ គឺជាការសម្លុតខាងនយោបាយ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ — កាសែត Financial Tribune បានដកស្រង់សម្តីប្រធានក្រុមហ៊ុនប្រេងជាតិអ៊ីរ៉ង់( NIOC ) របស់រដ្ឋដែលនិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការប្រកាសរបស់ ស.រ.អា ដែលថា ខ្លួននឹងកាត់បន្ថយការនាំចេញប្រេងអ៊ីរ៉ង់ឱ្យទៅដល់សូន្យនោះ​ គឺជាការសម្លុតខាងនយោបាយ ។

លោក Ali Kardor ប្រធាន NIOC បាននិយាយថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននឹងកំពុងប្រយុទ្ធតស៊ូអស់ពេលជាច្រើនខែ ដើម្បីកាត់បន្ថយការនាំចេញប្រេងអ៊ីរ៉ង់ ។ គេបានដកស្រង់សម្តីលោក Kardor ដែលនិយាយថា ប្រធានាធិបតីអាម៉េរិកបានធ្វើទាំងអស់ដែលលោកអាចនឹងដឹងយ៉ាងច្បាស់ថា ការនាំយកការនាំចេញប្រេងរបស់អ៊ីរ៉ង់ឱ្យទៅដល់សូន្យ គឺជាការសម្លុតខាងនយោបាយ ។

លោកក៏បាននិយាយផងដែរថា ទោះបីជាមានការដាក់ទណ្ឌកម្មហិរញ្ញវត្ថុនិងធនាគារ របស់អាម៉េរិក ក៏ដោយក៏អ៊ីរ៉ង់មិនមានការលំបាកណាមួយ ក្នុងការទទួលយកការបង់ប្រាក់សម្រាប់ការនាំចេញប្រេងទេ ហើយអាចទទួលយកការបង់ប្រាក់ជាប្រាក់អឺរ៉ូ ជំនួសដុល្លារអាម៉េរិកប្រសិនបើចាំបាច់ ។

លោក Kardor បាននិយាយថា គ្មានបញ្ហាណាមួយ ស្តីពីបញ្ហានេះទេ ដោយលោកនិយាយបន្ថែមថា ជាមួយការគាំទ្ររបស់អឺរ៉ុប នឹងមិនមានបញ្ហានោះឡើយ ។ រដ្ឋការអាម៉េរិកបាននឹងកំពុងជំរុញសម្ព័ន្ធមិត្តរបស់ខ្លួនឱ្យកាត់ការនាំចូលប្រេងអ៊ីរ៉ង់ ហើយកំពុងលើកទឹកចិត្តប្រទេសអារ៉ាប៊ីសាអូឌីត និងបណ្តារដ្ឋ OPEC ដទៃទៀត ព្រមទាំងរុស្ស៊ីឱ្យបូមយកប្រេងថែមទៀតដើម្បីដោះស្រាយកង្វះខាតប្រេងនៅក្នុងទីផ្សារជាសកល ។

ពួកមន្ត្រីជាន់ខ្ពស់អាម៉េរិកតែងតែនិយាយថា គោលបំណងរបស់ពួកគេ គឺដើម្បីកាត់បន្ថយការនាំចេញប្រេងរបស់អ៊ីរ៉ង់ឱ្យដល់សូន្យ ក្នុងការបង្ខំក្រុងតេហេរ៉ង់ឱ្យផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្លួននៅក្នុងតំបន់។ ទណ្ឌកម្មអាម៉េរិកថ្មីលើការនាំចេញប្រេងអ៊ីរ៉ង់កំណត់នឹងចាប់ផ្តើមពីថ្ងៃទី៤ ខែវិច្ឆិកាទៅ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )