គណៈបក្សកាន់អំណាចជឿជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចប៉ាប ទៅកាន់ប្រទេសកូរ៉េខាងជើងនឹងជួយបង្កើនល្បឿនការធ្វើមិនឱ្យមាននុយក្លេអ៊ែរ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ — នៅថ្ងៃសុក្រនេះ គណៈបក្សប្រជាធិបតេយ្យ(DP) ដែលកំពុងកាន់អំណាចបានសម្តែងនូវ​សេចក្តីសង្ឃឹមថា ដំណើរ​ទស្សនកិច្ចដ៏មានឥទ្ធិពលមួយរបស់សម្តេចប៉ាបបារាំង ​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​នឹងជួយបង្កើនល្បឿនការធ្វើមិនឱ្យមាននុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។

សម្តេចប៉ាបបានទទួលនូវការអញ្ជើញមួយដ៏មានសារៈសំខាន់នេះ ដើម្បីធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលប្រធានាធិបតីលោក​ មូន ចេ-អ៊ិន បានបញ្ជូនបន្តនូវសារអញ្ជើញដោយផ្ទាល់មាត់​របស់មេដឹកនាំកូរ៉េខាងជើង​លោក​ គីម ជុង-អ៊ុន។ សម្តេចប៉ាបារាំងបានមានព្រះបន្ទូលថា​ប្រសិនបើកូរ៉េខាងជើងផ្ញើលិខិតអញ្ជើញ​ផ្លូវការ​មួយមកនោះ លោកនឹងឆ្លើយតបភ្លាមៗទៅកាន់ពួកគេ។
លោក ហុង យ៉ុង-ព្យូ មេដឹកនាំជាន់ខ្ពស់របស់ DP បាននិយាយនៅឯកិច្ចប្រជុំមួយ​ជាមួយ​សមាជិក គណៈបក្សកំពូលៗថា លទ្ធភាពនៃដំណើរទស្សនកិច្ចរបស់សម្តេចប៉ាប ទៅ​កាន់ប្រទេសកូរ៉េខាងជើង​បាន ចង្អុលបង្ហាញពីការគាំទ្ររបស់សហគមន៍អន្តរជាតិ​ សម្រាប់​សន្តិភាព​នៅ​លើឧបទ្វីបកូរ៉េ។

លោកបាននិយាយថា ប្រសិនបើពិតប្រាកដមែននោះ​ដំណើរទស្សនកិច្ចរបស់សម្តេច​ នឹងអាចជួយជំរុញក្នុងការណែនាំកូរ៉េខាងជើង ឆ្ពោះទៅរកការធ្វើមិនឱ្យមាននុយក្លេអ៊ែរ។ តាមការិយាល័យរបស់លោក មូន បានឱ្យដឹងថា មេដឹកនាំរបស់កូរ៉េខាងជើង បានសម្តែងនូវឆន្ទៈរបស់លោក ក្នុងការអញ្ជើញសម្តេចប៉ាប​ទៅកាន់ប្រទេសរបស់លោកក្នុងអំឡុងពេលដំណើរទស្សនកិច្ចជាលើកទី៣របស់លោក និងកិច្ចប្រជុំកំពូលនាពេលថ្មីៗនេះ​ ជាមួយលោក មូន ​នៅទីក្រុងព្យុងយ៉ាង កាលពីខែកន្លងទៅ​។

សម្រាប់ប្រទេសកូរ៉េខាងជើង ដំណើរទស្សនកិច្ចរបស់សម្តេចប៉ាប អាចជួយដល់កិច្ច​ខិតខំប្រឹងប្រែងរបស់ខ្លួន​ឱ្យក្លាយទៅជាប្រទេសជាធម្មតាមួយ នឹងការធ្វើឱ្យប្រសើរឡើងនូវ​ចំណងទាក់ទងជាមួយអាម៉េរិកផងដែរ៕

( ប្រភព យន់ហាប់៖ បកប្រែដោយលោក មាស សំអុល )