ចិន,អាម៉េរិកព្រមព្រៀងគ្នាបង្កើតថែមទៀតកិច្ចសហប្រតិបត្តិការរវាងយោធាទាំងពីរ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ — សមាជិកក្រុមប្រឹក្សារដ្ឋ នឹងជារដ្ឋមន្ត្រីការពារប្រទេសចិន លោក Wei Fengheព្រមព្រៀងគ្នាជាមួយរដ្ឋ មន្ត្រីការពារប្រទេសអាម៉េរិក លោក ជេម ម៉ាទីស ( James Mattis )នៅសិង្ហបុរី កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីត្រួតត្រាគ្រោះថ្នាក់ នឹងធ្វើឱ្យស៊ីជម្រៅជំនឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងយោធាទាំងពីរជាអ្នកធ្វើឱ្យមានស្ថិរភាពមួយ សម្រាប់ទំនាក់ទំនងចិន-ស.រ.អា ។


លោក Wei និងលោក ម៉ាទីស បានទៅដល់ទីក្រុងនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំបូករបស់រដ្ឋមន្ត្រី ការពារប្រទេសអាស៊ានលើកទី៥ ព្រមទាំងព្រឹត្តិការណ៍នៅខាងក្រៅកិច្ចប្រជុំនេះដទៃទៀត ដែលបានគ្រោងធ្វើចាប់ពីថ្ងៃព្រហស្បតិ៍ទៅដល់ថ្ងៃសៅរ៍ ហើយភាគីចិនបានបន្ទរតាមសំណើអាម៉េរិកសម្រាប់កិច្ចប្រ ជុំទ្វេភាគីនេះ ។

តាមពួកមន្ត្រីចិនឱ្យដឹងថា ការជំរុញកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍឈ្នះឈ្នះ គឺជាជម្រើស តែមួយសម្រាប់ការធ្វើឱ្យទំនាក់ទំនងមានភាពយូរអង្វែងមួយ រវាងក្រុងប៉េកាំង និងវ៉ាស៊ីងតោន , ការបង្កើនជំនឿទុកចិត្តគ្នាទៅវិញទៅមក គឺជាកម្លាំងដែលស្អិតជាប់ប្រសើរបំផុត សម្រាប់ការពង្រឹងការផ្លាស់ប្តូររបស់យោធាទាំងពីរ ហើយការគោរពនិងការអត់អោនគ្នា គឺជាមធ្យោបាយ ដែលត្រឹមត្រូវនៃការដោះស្រាយការមិនចុះសម្រុងគ្នា ព្រមទាំងបញ្ហានានា។

លោក Wei Fenghe បានកត់សម្គាល់ថា ចិនឈរយ៉ាងរឹងម៉ាលើគោលការណ៍ ស្តីពីបញ្ហាតៃវ៉ាន់ និង សមុទ្រចិនខាងត្បូង ហើយថា យោធាចិននឹងប្រកាន់យកជំហរដោយឥតផ្លាស់ប្តូរ ស្តីពីកិច្ចការពារ អធិបតេយ្យភាពជាតិ, សន្តិសុខ និងការអភិវឌ្ឍ ។

លោក ម៉ាទីស បាននិយាយថា ការមិនចុះសម្រុងគ្នានៅមានរវាង ស.រ.អា និងចិន ប៉ុន្តែវាមិន មែនមានន័យជាចាំបាច់ថា ជាការប្រឈមមុខដាក់គ្នាទេ ទាំងការប្រកួតប្រជែងគ្នាមិនមែនមានន័យថា ជា អមិត្តនឹងគ្នានោះដែរ ។

ភាគីអាម៉េរិកបានឧទិ្ទសដល់ការជំរុញនូវទំនាក់ទំនងរវាងយោធា ស.រ.អា និងចិន ហើយសង្ឃឹមថា នឹងបង្កើនថែមទៀត ការផ្លាស់ប្តូរគ្នារវាងយោធាទាំងពីរ នៅគ្រប់កម្រិតទាំងអស់ ព្រមទាំងឆក់យក ប្រយោជន៍ដ៏ល្អពីការជឿទុកចិត្តគ្នាទៅវិញទៅមក ហើយនឹងយន្តការកិច្ចសហប្រតិបត្តិការនេះ ដើម្បីជំរុញនូវទំនាក់ទំនងរវាងយោធាទាំងពីរទៅមុខនៅលើមាគ៌ាដ៏ត្រឹមត្រូវមួយ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )