ឯកឧត្តម ​អូស្មាន​ ហាស្សាន់​ ជំរុញឱ្យអង្គការ​ OIC ពិនិត្យឡើងវិញនូវការដាក់កម្ពុជា ជាសមាជិកសង្កេតការណ៍

AKP ភ្នំពេញ ថ្ងៃទី១ ​ខែតុលា ឆ្នាំ២០១៨ – ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក​ អាប់ឌុលឡោះ អាលិម អគ្គលេខាធិការរងនៃអង្គការសហប្រតិបត្តិការអ៊ិស្លាម​ (OIC)​ នៅទីស្នាក់ការអង្កការ​ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត​ កាលពីព្រឹកថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នោះ ឯកឧត្តម អូស្មាន​ ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ​ បានជំរុញឱ្យអង្គការសហប្រតិបត្តិការអ៊ិស្លាម (OIC) ពិនិត្យឡើងវិញនូវការដាក់បញ្ចូលកម្ពុជាជាសមាជិកសង្កេតការណ៍ប្រចាំនៅអង្គការនេះ

   លោក​ អាប់ឌុលឡោះ អាលិម មានប្រសាសន៍ថា នឹងព្យាយាមលើកយកបេក្ខភាពរបស់កម្ពុជា​មកពិនិត្យឡើងវិញនៅក្នុងសម័យប្រជុំខាងមុខនេះ ។ ​ លោកអគ្គលេខាធិការរង​ OIC ក៏បានសម្ដែងនូវការគាំទ្រដល់គោលនបាយកម្ពុជា ដែលបានធ្វើឱ្យគ្រប់សាសនាទាំងអស់នៅកម្ពុជា រស់នៅជាមួយគ្នាដោយសុខដុមរមនា (សហវិជ្ជមាន ) ព្រមទាំអបអរសាទរ ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលបានបោះឆ្នោតដោយជោគជ័យកន្លងមក

    លោកអគ្គលេខាធិការរង OIC ក៏បានស្នើកម្ពុជាឱ្យរៀបចំធ្វើសិក្ខាសាលា ស្តីពីសន្ទនាអន្តរសាសនា នៅខែកក្កដា ឆ្នាំ២០១៩ ក្នុងគោលបំណងដើម្បីបង្ហាញការរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា គ្រប់សាសនា កាន់តែស្គាល់ចិត្ដគំនិតគ្នា ក្នុងនាមបងប្អូនខ្មែរតែមួយ ។

     ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក៏បានសន្យាថា នឹងជួយសម្រសម្រួលរៀបចំធ្វើសិក្ខាសាលា ស្តីពីសន្ទនាអន្តរសាសនា ព្រមទាំងអញ្ជើញថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជាដើម្បីឱ្យចូលរួមជាកិត្តិយស ក្នុងកម្មវិធីនេះផងដែរ

នៅថ្ងៃដដែលនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយលោក អ៊ីព្រហ៊ីម អាល់ខូហ្សៃ នាយកប្រតិបត្តិនៃមូលនិធិសាមគ្គីអ៊ិស្លាម (ISF)នៅទីស្នាក់ការមូលនិធិ នៅអារ៉ាប៊ីសាអូឌីត ។

   ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបជូនអំពីសភាពការណ៍មួយចំនួននៅកម្ពុជា រួមមាន សមិទ្ធផលនានា ដែលបងប្អូនខ្មែរអ៊ិស្លាមទទួលបាន ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។  ក្នុងឱកាសនេះដែរ ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានស្នើសុំមូលនិធិសាមគ្គីអ៊ិស្លាម បន្ដជួយគាំទ្រ និងផ្តល់ជំនួយដើម្បីសាងសង់សាកលវិទ្យាល័យអ៊ិស្លាម វិទ្យាស្ថាន និងសាសារៀន ព្រះវិហារ ស៊ូរ៉ាវ ជាដើម។

     លោក អ៊ីព្រហ៊ីម អាល់ខូហ្សៃ បានសន្យាថា នឹងព្យាយាមចង្អុលបង្ហាញផ្លូវ ដើម្បីទទួលការគាំទ្រលើគម្រោងនេះ និងជម្រាបថា រាល់គម្រោងនានាត្រូវអនុវត្តន៍ដោយគណៈដឹកនាំនៃសាសនាអ៊ិស្លាមកម្ពុជា

ដោយសួស សំរិត