នាយករដ្ឋមន្រ្តីវៀតណាមអំពាវនាវសម្រាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងអាស៊ី និងអឺរ៉ុប

AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ — នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាននិយាយថា វាគឺជាពេលវេលាសម្រាប់ ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ី និងអឺរ៉ុប ឆ្ពោះទៅរកទិសដៅនៃកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព និងភាពរុងរឿងជារួម។


លោក Phuc បានធ្វើសេចក្តីថ្លែងការណ៍នេះនៅក្នុងសុន្ទរកថារបស់លោកនៅឯវេទិកាធុរកិច្ចអាស៊ី – អឺរ៉ុប លើកទី ១៦ ដែលប្រារព្ធឡើងនៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី ១៨ ខែតុលា ក្រោមប្រធានបទ «ការកសាងស្ពានតភ្ជាប់ទំនាក់ទំនងរវាងអឺរ៉ុប និងអាស៊ី» ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងអ្នកតំណាងក្រុមហ៊ុនអាជីវកម្មជាង ៤០០នាក់ មកពីទ្វីបទាំងពីរ។

នាយករដ្ឋមន្ត្រីបានកោតសរសើរដល់តំបន់អាស៊ី និងអឺរ៉ុប ថា ជាចំណុចភ្លឺស្វាងនៃកំណើនសេដ្ឋកិច្ចសកលលោក និងការតភ្ជាប់គ្នាដោយនិយាយថា អាស៊ីបានរួមចំណែក ៦,២ភាគរយនៃកំណើនសេដ្ឋកិច្ចសកលលោកដែលនាំមុខគេដោយតំបន់អាស៊ីបូព៌ា – ប៉ាស៊ីហ្វិកជាមួយនឹងកំណើន ៦,៦ភាគរយកាលពីឆ្នាំ មុន។ អាស៊ានបានផ្តើមផែនការមេ ស្តីពីការតភ្ជាប់ទំនាក់ទំនងនៅឆ្នាំ ២០១១ ដោយផ្តោតទៅលើហេដ្ឋារចនាសម្ព័ន្ធស្ថាប័ននិងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជន។

លោកបាននិយាយថា អាស៊ីក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាង ១៥០ ដែលស្មើនឹង ៦០ភាគរយនៃចំនួន FTA សរុបរបស់ពិភពលោក ដោយលោកបាននិយាយបន្ថែមថា បរិមាណទំនិញសរុបតាមផ្លូវទឹកនៅក្នុងតំបន់អាស៊ីមានចំនួន ៥ទ្រីលានដុលា្លរអាម៉េរិកជារៀងរាល់ឆ្នាំ។

ទន្ទឹមនឹងនេះដែរ សេដ្ឋកិច្ចអឺរ៉ុបកំពុងស្ទុះងើបយ៉ាងខ្លាំងជាមួយនឹងកំណើន ២,៤ភាគរយ ដែលជាកំណត់ត្រាមួយក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ។ លោក Phuc បាននិយាយថា កិច្ចចរចារ និងការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងទ្វីបទាំងពីរ គឺជាការបើកចំហឱកាសសម្រាប់ការតភ្ជាប់ទំនាក់ទំនង និងកិច្ចអភិវឌ្ឍន៍។

យោងតាមនាយករដ្ឋមន្ត្រីវៀតណាមបានឱ្យដឹងថា រដ្ឋសភាវៀតណាមកំពុងរៀបចំផែនការផ្តល់​ សច្ចាប័នលើកិច្ចព្រមព្រៀងទូលំទូលាយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលជាកិច្ចព្រមព្រៀងមួយមានស្តង់ដារខ្ពស់ និងមានតុល្យភាពផលប្រយោជន៍ ក្នុងអំឡុងពេលនៃកិច្ចប្រជុំមួយនៅខែវិច្ឆិកា ឆ្នាំ ២០១៨។ កាលពីថ្ងៃទី ១៧ ខែតុលា សហភាពអឺរ៉ុប (EU) បានអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងវៀតណាម (EVFTA) ដោយលោកបានកត់សម្គាល់ជា នេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការចុះហត្ថលេខានៅចុងឆ្នាំ ២០១៨ និងការផ្តល់សច្ចាប័ននៅក្នុងឆមាសទីមួយនៃឆ្នាំ ២០១៩ ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)