ឧបនាយករដ្ឋមន្រ្តីវៀតណាមស្វាគមន៍ថ្នាក់ដឹកនាំ គណៈប្រតិភូដែលចូលរួមកិច្ចប្រជុំ AMMD-6

AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ — កាលពីថ្ងៃទី ១៨ ខែតុលា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានរៀបចំពិធីទទួលស្វាគមន៍មួយនៅទីក្រុងហាណូយ សម្រាប់ថ្នាក់ដឹកនាំគណៈប្រតិភូដែលទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ៦ (AMMD-6) ។


លោក Dam បាននិយាយថា ការមូលមតិគ្នាជាឯកច្ឆ័នទៅលើទស្សនៈ និងសកម្មភាពនានាត្រូវបានសម្រេច ក៏ដូចជាការផ្តួចផ្តើមឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំ AMMD-6 ដែលជាគ្រឹះដ៏សំខាន់មួយស​ម្រាប់ វៀតណាម ដើម្បីទទួលតួនាទីជាប្រធាន AMMD ក្នុងរយៈពេលពីរឆ្នាំខាងមុខ។

យោងតាមលោក Dam បានឱ្យដឹងថា បើទោះបីជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋជាសមាជិក អាស៊ានក្នុងការធ្វើការងាររួមគ្នាយ៉ាងសកម្មដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងផលិតកម្មខុសច្បាប់ក៏ដោយ ក៏តួលេខនៅក្នុងវិស័យទាំងនេះនៅតែមានការកើនឡើង។

លោកបានសំដែងការព្រួយបារម្ភទៅលើការប្រើប្រាស់សារធាតុមេតំហ្វេតាមីន ដោយលោកបានលើកឡើងថា អត្រាអ្នកប្រើថ្នាំប្រភេទនេះនៅក្នុងខេត្តជាច្រើនរបស់វៀតណាមមានចំនួនពី ៧០ ទៅ ៨០ភាគរយ។
ម្ចាស់ផ្ទះបានជូនពរដល់ទីភ្នាក់ងារអនុវត្តច្បាប់អាស៊ាននឹងបង្កើនការងាររួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន ទប់ស្កាត់ការដាំដំណាំអាភៀន ការផលិត និងការជួញដូរគ្រឿងញៀន និងប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់។ លោកក៏សង្ឃឹមផងដែរថា ពួកគេនឹងចែករំលែកបទពិសោធន៍ក្នុងការស្តារ នីតិសម្បទាសម្រាប់ជនរងគ្រោះនៃការរំលោភបំពានគ្រឿងញៀនផងដែរ។

អាស៊ានបានបង្កើត និងអនុម័តផែនការសកម្មភាពដើម្បីទប់ស្កាត់ការរីករាលដាលនៃការប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍អាស៊ានក្នុងអំឡុងឆ្នាំ ២០១៦-២០២៥ ក៏ដូចជាការចាប់ផ្តើមផែនការសហប្រតិបត្តិការអាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងការផលិត និងការជួញដូរគ្រឿងញៀនខុសច្បាប់ នៅតំបន់ត្រីកោណមាសសម្រាប់អំឡុងឆ្នាំ ២០១៧-២០១៨៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)