ពិធីប្រកាសផ្សព្វផ្សាយ និងដាក់​ឱ្យប្រើប្រាស់ជាផ្លូវការនូវសេវាព័ត៌មានទីផ្សារកសិកម្ម

AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ –នៅទីស្តីការនាអគារផ្ការំដួល កាលពីថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក     ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ មានរៀបចំពិធីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “សេវាព័ត៌មានទីផ្សារកសិកម្ម” ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមលោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង ជាដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ភ្ញៀវកិត្តិ យស ជាច្រើនផងដែរ ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សហភាពអឺរ៉ុបដែលតំណាងដោយ ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតប្រតិភូ នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា តាមរយៈកម្មវិធី “ជំរុញកំណើនវិស័យកសិកម្ម ប្រកបដោយចីរភាព និងបរិយាប័ន្ន” និងអង្គការស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជា(WFP) តំណាងដោយលោកស្រី Francesca Erdelmann ដែលបានជួយគាំទ្រទាំងបច្ចេកទេស និងថវិកា ដើម្បីអភិវឌ្ឍន៍គេហ ទំព័រ សេវាព័ត៌មានទីផ្សារកសិកម្ម ដែលជាប្រភពផ្តល់នូវព័ត៌មានអំពីតម្លៃកសិផលទាន់ពេលវេលា ឱ្យបានដល់កសិករ អាជីវករ និងអ្នកពាក់ព័ន្ធទូទាំងប្រទេសប្រកបដោយភាពកក់ក្តៅ និងជឿទុកចិត្តបាន។

ការរៀបចំកម្មវិធីនាថ្ងៃនេះ គឺក្នុងគោលបំណងដើម្បីចែកពីរំលែកបទពិសោធន៍ បញ្ហាប្រឈមដែលវិស័យសាធារណៈ ឯកជន និងសហគមន៍កសិករជួបប្រទះ ដើម្បីកំណត់នូវអាទិភាពនៃបញ្ហាប្រឈមនានា និងរិះរកវិធានការអន្តរាគមន៍ដោះស្រាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា សម្រាប់ជាប្រយោជន៍ដល់ប្រជាកសិករដែលមានជីវភាពរស់នៅដោយពឹងអាស្រ័យលើមុខរបរកសិកម្មជាចម្បង។ ទន្ទឹមនឹងនេះដែរឯកឧត្តមបានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ប្រជាកសិករយើងកំពុងកែប្រែទម្លាប់ ពីការផលិតសម្រាប់បម្រើសេចក្តីត្រូវការរបស់ខ្លួន មកជាការផលិតសម្រាប់លក់ ព្រោះមានតម្រូវការទីផ្សារខ្ពស់ ហើយទន្ទឹមនឹងនេះ សហគមន៍កសិកម្ម កំពុងក្លាយជាកម្លាំងចលករមួយយ៉ាងសំខាន់ ដែលនាំឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសង្គមជនបទកម្ពុជា។ នេះជាការបង្ហាញឱ្យឃើញថា កសិករកម្ពុជាបាន និងកំពុងប្រែក្លាយខ្លួនចេញពី “កសិករ” ទៅជា “កសិ-ពាណិជ្ជករ” ដើម្បីទទួលបានតម្លៃបន្ថែមក្នុងជីវភាពរស់នៅរបស់ខ្លួន។ ជាមួយគ្នាក្នុងបរិបទនេះ យើងក៏សង្កេតឃើញថា មានស្ថាប័នជាច្រើនទាំងរដ្ឋ វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល បាន និងកំពុងផ្តល់សេវាកម្ម ដើម្បីបង្កើនចំណេះដឹង និងចំណេះធ្វើដល់កសិករនៅមូលដ្ឋាន យ៉ាងសស្រាក់សស្រាំហើយក៏មានកសិករជាច្រើនបានក្រេបជញ្ជក់យកបទពិសោធន៍ និងទេពកោសល្យទាំងអស់នោះយកទៅអនុវត្តន៍ប្រកបដោយភាពឧស្សាហ៍ព្យាយាម និងច្នៃប្រឌិតដោយទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងត្រចះត្រចង់នៅក្នុងតំបន់ជាច្រើនទៅតាមអនុវិស័យនីមួយៗ។

ឆ្លៀតនៅក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់នូវចំណាប់អារម្មណ៍មួយចំនួនដើម្បីជាសារជូនអង្គពិធីទាំងមូលដូចខាងក្រោម៖ ទី១- ត្រូវខិតខំផ្ទេរនូវបច្ចេកវិទ្យាទៅកាន់តំបន់ជនបទ ក្នុងទិសដៅបង្កើនការអភិវឌ្ឍវិស័យកសិកម្មក្នុងស្រុក ជាពិសេសសម្រាប់ជាប្រយោជន៍ដល់កសិករខ្នាតតូចដើម្បីបង្កើនផលិតភាពកសិកម្ម និងពង្រឹងវិស័យកសិកម្មដោយរួមបញ្ចូលព័ត៌មានថ្មីៗ និងទាន់ពេលមានជាអាទិ៍ ការប្រើប្រាស់ពូជថ្មី បញ្ហាប្រឈមផ្សេងៗដូចជាជំងឺ ការព្យាករណ៍អាកាសធាតុ តម្លៃ ព័ត៌មានទាន់ហេតុការណ៍ប្រាប់ឱ្យដឹងមុនជាដើម។ទី២-ត្រូវរួមចំណែកទាំងអស់គ្នាក្នុងការផ្តល់សេវាព័ត៌មានទីផ្សារកសិកម្ម ដែលជាធាតុផ្សំយ៉ាងសំខាន់ក្នុងដំណើរការទីផ្សារ សំដៅជួយបង្កើននូវតម្លៃបន្ថែម និងប្រាក់ចំណូលដល់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសកសិករខ្នាតតូច។ ទី៣- ត្រូវខិតខំបញ្ជូនសារជាអក្សរ ដល់អ្នកប្រើប្រាស់ដើម្បីទទួលបាននូវតម្លៃកសិផលគ្រប់ពេល និងគ្រប់ទីកន្លែង។ ទី៤- ដើម្បីចូលរួមចំណែកពង្រឹង និងពង្រីកការធ្វើពិពិធកម្ម និងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិនៅក្នុងរយៈពេលចំពោះមុខនេះវិស័យកសិកម្មកម្ពុជាត្រូវតែទទួលបាននូវកាលានុវត្តភាពបន្ថែមទៀត

ដោយសេង សុវណ្ណនី(ប្រភពព័ត៌មានពីក្រសួងកសិកម្ម