ខេត្តកំពង់ឆ្នាំងប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ ១តុលា

AKP កំពង់ឆ្នាំង ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ –កាលពីថ្ងៃព្រហស្បត៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅ​មន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវសម្បទាខេត្តកំពង់ឆ្នាំង ​បានរៀបចំ ទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ ១តុលា​ ឆ្នាំ២០១៨​ ក្រោមអធិបតីភាពឯក ឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានអានសារលិខិតរបស់សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និង ទិវាមនុស្ស​ចាស់​អន្តរជាតិ​ថ្ងៃទី១ ​តុលា ឆ្នាំ២០១៨​ ដែលខ្លឹមសារថា ក្នុងឱកាសទិវាមនុស្ស ចាស់​ក្រោម​ប្រធានបទ ​​«សមាគម​មនុស្សចាស់​​ជាយន្តការដ៏សំខាន់​ជួយអភិវឌ្ឍន៍សហគមន៍ និង សង្គមជាតិ» ​ជាទិវាមួយ​សម្រាប់រម្លឹក​គុណ​ដល់​មនុស្សចាស់កម្ពុជា ក៏ដូចមនុស្សចាស់នៅ ទូទាំងពិភពលោក​ និង លើកកម្ពស់​មនសិការ​ទទួលខុសត្រូវ​របស់យើង ក្នុងការចូលរួមកសាងសង្គមជាតិមួយ ដែល​មាន​ការយកចិត្ត​ទុកដាក់​កាន់​តែ​ខ្ពស់ចំពោះ​សុខុមាលភាព​​របស់ប្រជា ជនគ្រប់វ័យ ពិសេសចំពោះ​មនុស្ស​ចាស់។​

ឯកឧត្តមអភិបាលខេត្តបន្តថា ជាការពិតការប្រារព្ធទិវាមនុស្សចាស់កម្ពុជា និង ទិវា មនុស្សចាស់អន្តរ ជាតិថ្ងៃទី១ តុលា គឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជា និងស្របតាម​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ ​ក្នុងបុព្វហេតុការគោរព ដឹងគុណមនុស្សចាស់ និង លើកកម្ពស់​មនសិការ​របស់បងប្អូន​ជនរួមជាតិ​​យើងទាំងអស់ ឱ្យចូលរួមកាន់តែសកម្ម ដើម្បីឱ្យកូនចៅ​ជំនាន់​ក្រោយៗ​ មើលឃើញ​ពីតម្លៃ​ឥតគណនា​​របស់មនុស្សចាស់។ ពិតណាស់ថា ការប្រតិបត្តិក្នុង​សង្គម​យើងប្រជាពលរដ្ឋ​មិនត្រឹមតែមាន​ទម្លាប់គោរព​ចាស់ព្រឹទ្ធាចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ធ្វើឱ្យ​ការគោរព​ និងការដឹងគុណ​មនុស្សចាស់នេះ​ ​ក្លាយទៅជាគោលដៅនៃគុណធម៌ ដែលបង្កើត​ជា​វប្បធម៌​​ជាប្រពៃណី​ដ៏ល្អ​សម្រាប់​​មនុស្សជំនាន់​ក្រោយៗ ក្នុងការបន្តបុព្វហេតុការពារ និងកសាង​ប្រទេសជាតិ​ខ្លួនថែម ទៀតផង។​ ​ជាងនេះទៅទៀត​ព្រឹទ្ធឱវាទ ​និងដំបូន្មាន​ចាស់ទុំ គឺ​ជាផ្នែកមួយ​នៃមូលដ្ឋានគ្រឹះ​ដ៏រឹងមាំ ​ក្នុងការអប់រំ​សីលធម៌ និង ចរិយាធម៌​របស់សង្គម​ជាតិយើង ។ ដើម្បី​សម្តែង​នូវការដឹង គុណ​ចំពោះមនុស្សចាស់​​ ដែលបានបន្សល់​ទុកនូវ​សមិទ្ធផល​ និងមរតកជាច្រើននោះ ​រាជរដ្ឋាភិ បាល​បាន​កសាង​លិខិត​បទដ្ឋានគតិយុត្ត និងគោលនយោបាយ​ជាតិ​ជាបន្តបន្ទាប់សំដៅ​លើក​ស្ទួយ​សុខុមាលភាព​​របស់មនុស្ស​​ឱ្យបាន ប្រសើរឡើង។

លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជនខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ​​ការប្រារព្ធ​ទិវាមនុស្សចាស់កម្ពុជា​ និងមនុស្សចាស់ពិភពលោកនេះឡើង ក្នុងគោលបំណង លើកកម្ពស់​កិច្ចគាំពារ​ឱ្យមានប្រសិទ្ធភាព​ សំដៅលើកស្ទួយសុខុមាលភាពរបស់មនុស្សចាស់ ឱ្យកាន់តែ​ប្រសើរ​ឡើង​ហើយទិវានេះ​បានបង្ហាញឱ្យឃើញអំពីតួនាទីដ៏សំខាន់របស់មនុស្ស ចាស់ បុព្វការីជន ដែល​បាន​បង្កើត​ធនធាន​ដ៏មាន​សារៈប្រយោជន៍​​ព្រមទាំងបានផ្តល់នូវចំណេះ ដឹង ចំណេះធ្វើ និង​បទពិសោធន៍​យ៉ាង​ច្រើនឥតគណនា​សម្រាប់​មនុស្សជំនាន់ក្រោយ។

នៅក្នុងពិធីនេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានចែកអំណោយ​ដល់ប្រជាពលរដ្ឋដែល​បានមក​ចូលរួម​ចំនួន ៦១៧នាក់​ ក្នុងនោះមានលោកតា លោកយាយនិងមន្ត្រីរាជការចូលនិវត្ត ន៍ ចំនួន១២០នាក់ ដែលក្នុងម្នាក់ៗ​ទទួលបាន​  ឃីត​កញ្ចប់​ ​រួមមាន ​ភួយ កន្សែងពោះគោ ស្បែកជើងគូ ស្រោមជើងគូ ទឹកដោះគោ​ ស្ករស​​​ សាប៊ូម្សៅ១ស្បោង ទឹកបរិសុទ្ធ ថ្នាំនិង ច្រាសដុសធ្មេញ១ឈុត និងថវិកា១ម៉ឺនរៀល ៕

ដោយ បៃ ស៊ីថុន