ពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ នៃយុទ្ធនាការទិញផលិតផលខ្មែរ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ –ប្រភពពីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើ្ញជាអធិបតីក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ នៃយុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៣ ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ក្នុងគោលបំណងដាស់ពញ្ញាក់ស្មារតីប្រជាពលរដ្ឋខ្មែរ ឱ្យងាកមកគាំទ្រ និងប្រើប្រាស់ទំនិញផលិតក្នុងស្រុក ជំនួសទំនិញនាំចូលពីបរទេស។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ទុកការគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ គឺជាសកម្មភាពស្នេហាជាតិ ដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូបគួរតែចូលរួម ដើម្បីពង្រឹងចង្វាក់ផលិតកម្មក្នុងស្រុក និងលើកទឹកចិត្តសហគ្រិន ក៏ដូចជាការធ្វើពិពិធកម្មឱកាសការងារ និងកាត់បន្ថយភាពក្រីក្រ ដែលជាកត្តាគន្លឹះសំខាន់ក្នុងការអភិវឌ្ឍកំណើនសេដ្ឋកិច្ចប្រកប ដោយចីរភាព។

ជាមួយគ្នានេះដែរ ឯកឧត្តមបានលើកឡើងអំពី ឱកាស និងបញ្ហាប្រឈមមួយចំនួនរបស់កម្ពុជា ក្រោយការចូលរួមនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ជាពិសេសការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ស្តីពីលំហូរទំនិញ និងសេវាកម្ម ដែលផ្តល់ឱ្យប្រទេសសមាជិកទាំងអស់ អាចធ្វើចរាចរទំនិញ និងសេវាកម្មឥតកំណត់ នៅក្នុងតំបន់អាស៊ាន និងបានអំពាវនាវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសផលិតករ សហគ្រិន និងប្រជាពលរដ្ឋខ្មែរទាំងអស់។

ទន្ទឹមនឹងនឹងនេះ ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថា ខណៈដែលក្រសួងពាណិជ្ជកម្ម កំពុងខិតខំស្វែងរកទីផ្សារថ្មីៗជូនវិស័យឯកជន បងប្អូនផលិតករ និងសហគ្រិន ចាំបាច់ត្រូវចេះអភិវឌ្ឍន៍ និងពង្រឹងគុណភាពផលិតផលជាមួយគំនិតច្នៃប្រឌិតខ្ពស់ ដើម្បីប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស ហើយបងប្អូនប្រជាពលរដ្ឋត្រូវជួយគាំទ្រផលិតផលជាតិ តាមរយៈការប្រើប្រាស់ និងបំផុសចលនាទិញឱ្យបានច្រើន ដើម្បីទ្រទ្រង់ផលិតកម្មក្នុងស្រុក និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា និងបានជម្រាបជូនភ្ញៀវកិត្តិយស និងអ្នកចូលរួម អំពីកិច្ចអន្តរគមន៍របស់ក្រសួងពាណិជ្ជកម្ម ក្នុងការកាត់បន្ថយវត្តមានផលិតផលបរទេសនៅតាមទីផ្សារ តាមរយៈការចងក្រង និងអនុវត្តន៍ច្បាប់ឧបាស្រ័យពាណិជ្ជកម្ម និងការសម្របសម្រួលវិស័យឯកជនកម្ពុជា ក្នុងការចូលរួមព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិនានា ដើម្បីផ្សព្វផ្សាយ និងធ្វើពិពិធកម្ម (ពង្រីក) ការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារបរទេស ឱ្យបានអតិបរមា។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ គឺជាផ្នែកមួយនៃគោលនយោបាយអភិវឌ្ឍន៍ទីផ្សារ ផ្តួចផ្តើមឡើងដោយក្រសួងពាណិជ្ជកម្ម ដែលមានភាពស៊ីសង្វាក់គ្នា ជាមួយនឹងគោលដៅសសរស្តម្ភទី៣ ស្តីពីការអភិវឌ្ឍវិស័យឯកជន និងការងារនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងរយៈពេលកន្លងមកនេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំយុទ្ធនាការនេះ ដោយជោគជ័យចំនួនពីររដូវកាលរួចមកហើយ គឺរដូវកាលទី១ នៅក្នុងខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ហើយរដូវកាលទី២ នៅក្នុងខេត្តស្ទឹងត្រែង ខេត្តបាត់ដំបង ខេត្តស្វាយរៀង រាជធានីភ្នំពេញ និងខេត្តកែប។ សម្រាប់រដូវកាលទី៣នេះ ក្រសួងពាណិជ្ជកម្ម បានកំណត់យករាជធានី-ខេត្តចំនួន ៦ រួមមាន៖ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តបន្ទាយមានជ័យ ខេត្តព្រៃវែង ខេត្តកោះកុង និងរាជធានីភ្នំពេញ ធ្វើជាកន្លែងរៀបចំពិព័រណ៍ពាណិជ្ជកម្ម៕

ដោយ ទេស ច័ន្ទសុធារី