កាំកុងត្រូលខេត្តបន្ទាយមានជ័យប្រមូលទំនិញខូចគុណភាពនិងមានផ្ទុកសារធាតុ​គីមី ជាង១តោនដុតកម្ទេចចោល

AKP បន្ទាយមានជ័យ ថ្ងៃទី១៩ ខែតុលា​ ឆ្នាំ២០១៨ –ទំនិញចម្រុះខូចគុណភាពនិងមានផ្ទុកនូវសារធាតុគីមីជាង១តោនត្រូវបានមន្ត្រីជំនាញកាំកុងត្រូលខេត្តបន្ទាយមានជ័យសហការជាមួយមន្ត្រីពាណិជ្ជកម្មខេត្តប្រមូលដុតកម្ទេចចោល កាលពី​ថ្ងៃព្រហស្បតិ៍ ៩កើតខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១៨ ខែតុលាឆ្នាំ២០១៨នេះនៅជាយក្រុងប៉ោយប៉ែត

លោក ​សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ទំនិញទាំងអស់នេះ ​គឺប្រមូលបានពីអាជីវករនាំចូលលក់ដូរតាមច្រកទ្វារអន្តរជាតិ​ប៉ោយ​ប៉ែត តាមច្រករបៀងព្រំដែន​ តាមគេហដ្ឋាននិងទីផ្សារនានានៅក្នុងយុទ្ធនាការទប់ស្កាត់ បង្ការ និង បង្ហាត់បង្រៀនចំណេះដឹងបញ្ហាមុខទំនិញមានសុវត្ថិភាព ក្នុងខេត្តកាលពីកន្លងមកនេះ

លោកប្រធានកាំកុងត្រូលខេត្តបន្ទាយមានជ័យបានឱ្យទៀតដឹងថាផលិតផលម្ហូបអា ហារខូចគុណភាពជាង១តោននេះមិនមានគុណភាពអនាម័យនិងសុវត្ថិភាពសម្រាប់ឱ្យមនុស្សយកមកបរិភោគបានឡើយទើបសមត្ថកិច្ចកាំកុងត្រូលយកផលិតផលម្ហូបអាហារខូចគុណភាពទាំងនេះទៅដុតកម្ទេចចោល។

លោក សាន វិជ្ជាសារ៉ាវុធ បានបន្តថា បច្ចុប្បន្ននេះប្រជាពលរដ្ឋយើងមានការយល់ដឹង​ច្បាស់លាស់ក្នុងការទិញមុខទំនិញណា​ដែលមានសុវត្ថិភាព ប្រមាណ៧០ភាគរយហើយ។ តែយ៉ាងណាក៏មន្ត្រីកាំកុងត្រូលបន្តរួមសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធនៅតាមព្រំដែនបង្កើនការចុះត្រួតពិនិត្យផលិតផលទំនិញនាំចូលមកតាមច្រករបៀងក្តីច្រកអន្តរជាតិក្តី្តដោយធ្វើយ៉ាងណាត្រូវតែបង្ក្រាបទប់ស្កាត់បញ្ឈប់នូវអំពើលួចនាំចូលទំនិញខូចគុណភាព និងផ្ទុកសារធាតុ​ជាតិគីមីហាមឃាតជាដាច់ខាតនេះចូលមកប្រទេសកម្ពុជាយើងដើម្បីធានាបាននូវសុវត្ថិភាពសុខមាលភាពជូនប្រជាពលរដ្ឋ។

លោកបានបន្តទៀតថា ជាមួយនោះមន្ត្រីកាំកុងត្រូល ក៏បានបន្តប្រឹងប្រែងក្នុងការចុះ ផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានទាំងអស់ដើម្បីឱ្យពួកគាត់យល់ដឹងពីសុវត្ថិភាពចំណីអាហារនោះគឺ​មុន​នឹង​ទិញ​ទំនិញ​ទៅ​បរិភោគ​សូម​ធ្វើការ​ពិនិត្យ​​ឱ្យបាន​ច្បាស់លាស់​ចៀសវាង​ប៉ះ​ទំនិញ​ខូចគុណភាព ​និង​ហួស​កាលកំណត់ ែល​នាំឱ្យប៉ះពាល់​ដល់​សុខភាព​នោះ៕

ដោយ ឈុន សារ៉ាត