កម្ពុជា និង គណៈកម្មាការអឺរ៉ុបនៅតែបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ

AKP ភ្នំពេញ ​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ –ប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា ក្នុងជំនួបទ្វេភាគីរបស់សម្ដេចអគ្គមហាសេនា​​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ហ្វែដឺរីកា មូហ្គេរីនី (Federica Mogherini) អនុប្រធានគណៈកម្មការអឺរ៉ុប ទទួលបន្ទុកការបរទេស និងគោ​​នយោបាយសន្តិសុខ ដែលធ្វើឡើងនៅទីក្រុងព្រុចសែល ប្រទេសបែលហ៊្សិក កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព..២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០១៨ បានបញ្ជាក់ពីការបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ រវាង កម្ពុជា និងសហភាពអឺរ៉ុប បើទោះបីជាមានការប្រឈមខ្លះៗនាពេលកន្លងមក៏ដោនោះ។

នៅក្នុងជំនួបនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកជំទាវ ហ្វែដឺរីកា បានធ្វើការផ្លាស់ប្តូរមតិគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការគ្នាលើគ្រប់វិស័យរវាងកម្ពុជា និងសហភា​​រ៉ុប។ សម្តេចតេជោបានកត់សម្គាល់ នូវការពេញចិត្តអំពីវឌ្ឍនភាពដែលកម្ពុជា និងសហភា​​អឺរ៉ុបសម្រេចបានក្នុងរយៈពេលកន្លងមក បើទោះបីជាមានបញ្ហាកើតឡើងក្នុងពេលថ្មីៗនេះ ក៏ពិតមែន។ ជាមួយគ្នានេះភាគីទាំងពីរបានឯកភាពគ្នា ក្នុងការជំរុញឱ្យក្រុមការងារ នៃភាគីទាំងពីរ បន្តធ្វើការជាមួយគ្នា ក្នុងលក្ខណៈជាដៃគូ នៃកិច្ចសហប្រតិបត្តិការដែលបានអនុវត្តន៍ នាពេលកន្លងមក។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានលើកឡើងរួមគ្នា ក្នុងការបន្តដោះស្រាយនូវរាល់បញ្ហាប្រឈមមួយចំនួន ក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងគណៈកម្មការសហភាពអឺរ៉ុប ឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរថែមទៀត៕

ដោយ ជឹម ណារី