ក្រសួងកសិកម្មប្រកាសដាក់ឱ្យប្រើប្រាស់គេហទំព័រសេវាព័ត៌មានសម្រាប់ទីផ្សារកសិកម្ម ជាផ្លូវការ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានប្រកាសដាក់ឱ្យប្រើប្រាស់គេហទព័រសេវាពត៌មានសម្រាប់ស្វែងរកទីផ្សារកសិកម្ម នៅថ្ងៃ ទី១៨ខែតុលានេះដើម្បីផ្តល់ពត៌មានអំពីតម្រូវការនិងតម្លៃកសិផលទាន់ពេលវេលាទៅឱ្យកសិករ អាជីវករ និងអ្នកពាក់ព័ន្ធ នានា។

នៅក្នុងគណនីបណ្ដាញសង្គម (Face Book)របស់ក្រសួងកសិកម្ម ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា៖គេហទំព័រ សេវាពត៌មានទីផ្សារ កសិកម្ម ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ជាប្រភពផ្តល់ពត៌មានអំពីតម្រូវការនិងតម្លៃកសិផលទាន់ពេលវេលាទៅឱ្យកសិករ អាជីវករ និងអ្នកពាក់ព័ន្ធ នានាទូទាំងប្រទេសបានដឹង មានភាពកក់ក្តៅ និងជឿទុកចិត្តបាន។ ការរៀបចំគេហទំព័រសេវាពត៌មានទីផ្សារកសិកម្មនេះឡើង គឺក្នុងគោលបំណងចែក រំលែកបទពិសោធន៍នានា ជូនសាធារណៈ ជន ឯកជន និងសហគមន៍កសិករ ព្រមទាំងអាចជួយដោះស្រាយ បញ្ហានានា ដែលកសិករជួបប្រទះ ព្រមទាំងអាចរិះរកវិធានការអន្តរាគមន៍ ជួយដោះស្រាយដ៏មានប្រសិទ្ធភាព បានទាន់ពេលវេលាផង។

សហភាពអឺរ៉ុប និងអង្គការស្បៀងអាហារពិភពលោក(WFP) គឺជាអ្នក ជួយគាំទ្រទាំង បច្ចេកទេសនិងថវិកា ក្នុងការបង្កើតគេហទំព័រ សេវាព័ត៌មានទីផ្សារកសិកម្ម នេះឡើងសម្រាប់ជាប្រយោជន៍ដល់ប្រជាកសិករដែលមានជីវភាពរស់នៅដោយពឹង អាស្រ័យលើ មុខរបរកសិកម្មជាចម្បង។

ឯកឧត្តមវេង សាខុន មានប្រសាសន៍ទៀតថា៖ ដោយសារបច្ចុប្បន្ននេះកសិករខ្មែរ កំពុងកែប្រែទម្លាប់ ពីការផលិតកសិផលសម្រាប់បម្រើ សេចក្តីត្រូវការរបស់ខ្លួន ទៅជាការផលិតសម្រាប់លក់ ដូរ ដូច្នេះពួកគាត់ពិតជាត្រូវការទីផ្សារសម្រាប់លក់ដូរផលិតផលកសិកម្ម ឱ្យប្រសើរ ទើបក្រសួងកសិកម្ម សំរេចបង្កើតគេហទំព័រ សេវាព័ត៌មានទីផ្សារកសិកម្មនេះឡើង ទៅតាមបច្ចេកវិទ្យាសមស្រប ដែលមនុស្សសម័យថ្មីកំពុងប្រើប្រាស់៕