ប្រធានសហភាពអន្តរសភា ​ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសភាកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ –នៅពេលអញ្ជើញចូលរួមមហាសន្និបាតលើកទី១៣៩ នៃសហភាពអន្តរសភានៅ ទីក្រុង ហ្សឺណែវ ប្រទេសស្វ៊ីស លោកជំទាវ ឃួន សុដារី អនុប្រធាន ទី២រដ្ឋសភា និងជាប្រធាន គណៈប្រតិភូសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Gabriela Cueva Barron ប្រធានសហភាព អន្តរសភា(IPU)​ កាលពី​ថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ២០១៨។

លោកជំទាវ ឃួន សុដារី បានពាំនាំសារអបអរសាទរពី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជូនចំពោះលោកជំទាវ ប្រធានសហភាពអន្តរសភា ដែលខិតខំប្រឹងប្រែង ក្នុងឋានៈលោកជំទាវជាប្រធានសហភាពអន្តរសភា ដែលមានសមាជិកដល់ទៅ១៧៨ប្រទេសនៅទូទាំងពិភពលោកឆ្ពោះទៅរកភាពជោគជ័យ។ ជាមួយគ្នានេះ ប្រធានគណៈប្រតិភូសភាកម្ពុជា បានជម្រាប លោកជំទាវ​ Gabriela Cueva Barron ពីការបោះឆ្នោតជាសកលនៅកម្ពុជា​ កាលពី ខែកក្កដា ឆ្នាំ២០១៨ ដែលមានគណបក្សនយោបាយចំនួន២០ បានប្រកួតប្រជែង ដែលបានបង្ហាញយ៉ាងច្បាស់លាស់ ពីគោលការណ៍សេរី ពហុគណបក្ស។ លោកជំទាវបានគូសបញ្ជាក់ថា​ ការបោះឆ្នោតបានឆ្លុះបញ្ចាំងនូវភាពយុត្តិធម៌ ត្រឹមត្រូវ ដោយមានអ្នកសង្កេត ការណ៍មួយចំនួនហៅថា ដំណើរការ ប្រជាធិបតេយ្យដ៏ត្រឹមត្រូវ និងស្ថិរភាពជាទូទៅនៅ កម្ពុជា។ ទន្ទឹមនេះ មានអ្នកចូលរួមបោះឆ្នោតជិត៧លាននាក់ បើគិតជាភាគរយ៨៣.០២ ភាគរយនៃអ្នកចុះឈ្មោះ ក្នុងបញ្ជីបោះឆ្នោតសរុប។ ចំពោះ អ្នកសង្កេតការណ៍អន្តរជាតិចំនួន៥៣៩​នាក់​ មកពីប្រទេសជាង៥០ប្រទេស ក្នុងចំណោមនោះមកពីស្ថាប័នអន្តរជាតិ រួមមាន គណបក្សនយោបាយអាស៊ាន សភាអាស៊ី អន្តរសភាអាស៊ាន និងក្រុមប្រឹក្សាសហគមន៍អឺរ៉ុប ផ្នែកទំនាក់ទំនងអន្តរជាតិដើម្បីជាសាក្សី តាមដានពិនិត្យ មើលលើការអនុវត្ត លទ្ធិប្រជាធិបតេយ្យពោរពេញដោយសន្តិវិធីដែលជាឱកាសប្រវត្តិសាស្ត្រ​របស់ប្រទេសកម្ពុជា។

លោកជំទាវអនុប្រធានទី២បានពន្យល់បន្ថែមអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលជាការ ពិតរបស់កម្ពុជា ដែលមជ្ឈដ្ឋានខាងក្រៅ និងពួកអគតិ មួយក្តាប់តូច នាំគ្នាដើរបំភ្លៃការពិត បោកប្រាស់អន្តរជាតិ ក្នុងចេតនាយង់ឃ្នង ក្នុងការបំផ្លិចបំផ្លាញជាតិកម្ពុជា ដែលកំពុងតែ រីកចម្រើនឥតឈប់ឈរ ក្នុងកំណើនសេដ្ឋកិច្ច៧ភាគរយ ជាប្រចាំឆ្នាំ។

លោកជំទាវ ឃួន សុដារី ក៏បានអញ្ជើញលោកជំទាវប្រធានសហភាពអន្តរសភា ចូលរួម កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧របស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤​ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ក្នុងឋានៈជាភ្ញៀវកិត្តិយស និងស្នើលោក ជំទាវពិនិត្យអំពីស្ថានភាពរបស់កម្ពុជាផងដែរ។

លោកជំទាវ Gabriela Cueva Barron បានឯកភាពការលើកឡើងរបស់ លោកជំទាវ ឃួន សុដារី និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកម្ពុជា ទទួលបាន៕

ដោយ អ៊ុន រិទ្ធី