អង្គការសង្គមស៊ីវិលធ្វើការពាក់ព័ន្ធលើវិស័យសុខភាពលើកទឹកចិត្តដល់យុវជនឲ្យចូលរួមការងារបរិស្ថានគ្មានផ្សែងបារី

ភ្នំពេញ៖ អង្គការសង្គមស៊ីវិលធ្វើការពាក់ព័ន្ធលើវិស័សុខភាពបាន​លើកទឹកចិត្តដល់​យុវជនកម្ពុជា​ឲ្យចូលរួម​ការងារ​បរិស្ថានគ្មានផ្សែងបារីដើម្បីកាត់បន្ថយការជក់បារីឲ្យមកនូវកំរិតទាប ខណៈផលិតថ្នាំជក់​បានបង្ករ​ផលប៉ះ​ពាល់​យ៉ាងខ្លាំង​ដល់អ្នកប្រើប្រាស់ និងអ្នកស្រួបផ្សែងបារីពីគេ។

          ក្នុងពិធីបើកកម្មវិធីប្រគួតនិយាយជាសាធារណៈក្រោមប្រធានបទ”ការអនុវត្តបរិ​​ស្ថានគ្មានផ្សែងបារី” កាលពីរសៀលថ្ងៃទី ថ្ងៃទី ១៨ តុលានេះ នៅមន្ទីពេទ្យកុមារជាតិលោក​វេជ្ជបណ្ឌិតមុំគង់ នាយកប្រតិបត្តិអង្គការ​ចលនា​​ដើម្បីសុខភាពកម្ពុជាមានប្រសាសន៍​ថា គោលបំណងនៃកម្មវិធីប្រកួតនិយាយជាសាធារណៈ ដើម្បី​បំផុស​យុវជនឲ្យស្វែងយល់ពីអនុក្រឹត្យស្ដីពីការហាមការជក់ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការឬកន្លែងសាធារណៈ អ្នកគ្រប់គ្រង ឬម្ចាស់មូលដ្ឋានអាជីវកម្មមានតួនាទី បិទសញ្ញា​ហាមជក់បារីក្នុងទីតាំងអាជីវកម្មរបស់ខ្លួន មិន​តាំង​ចានគោះបារី អញ្ជើញអ្នកកំពុង​ជក់បារីអោយចេញក្រៅជាដើម។

សំឡេង៖« ថ្ងៃនេះយើងបានជួបយុវនទជាង១០០នាក់ហើយបេក្ខជនទាំង១០រូបដែលចូលរួមវគ្គពាក់កណ្តាល​​ផ្តាច់ព្រ័ត្រនេះ​ពួកគាត់បាននិយាយពីបញ្ហាគ្មានផ្សែងបារី ហើយកម្មវិធីនេះដើម្បីបំផុសស្មារតីឲ្យយុវជនកម្ពុជា​​ចូលរួមកាងារសង្គមគឺបរិស្ថាន​គ្មានផ្សែង​បារីជាពិសេសជំរុញឲ្យយុវជនសង្កេតមើលការអនុវត្តន៍បរិស្ថានគ្មានផ្សែងបារី។ ក្នុងយុវជនអាចធ្វើសូម​ណូមពរ​ដល់​អ្នកមាន​ភារកិច្ចអ្នកអនុវត្តន៍បរិស្ថាន​​​គ្មានផ្សេងបារីនេះ»

លោកបន្តថា ចំពោះបក្ខជនបក្ខនារីចំនួន៥រូបដែលជាប់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងបន្តទៅប្រគួត​ប្រជែងនៅ​វគ្គ​ចុង​ក្រោយដើម្បីស្វែងរកអ្នកជ័យលាភីលេខ១ដល់លេខ៥ ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី១ខែវិច្ឆកាខាងមុខ។

លោកបញ្ជាក់ថា ក្រៅពីជួយដល់សង្គមឲ្យគ្មានផ្សែងបារីនោះ សម្រាប់ជ័យលាភីលេខ១ នឹងទទួលបានប្រាក់ចំនួន២លានរៀល អមជាមួយពានមួយ។ ដោយឡែលេខ​​​២ដល់​លេខ៥ ក៏បានទទួលបានប្រាក់ឧត្ថមមួយចំនួន និងពាន​មួយ​ដូចៗគ្នាផងដែរ។

 តាមរបាយការណ៍របស់អង្គការសុខភាពពីភពលោក មនុស្ស៧លាននាក់បានស្លាប់ជារៀងរាល់ឆ្នាំ​ដោយសារ​ជំងឺដែល​បណ្តាលមកពីការប្រើប្រាស់ថ្នាំជក់ ក្នុងនោះជិត១លាននាក់ជាអ្នកស្រូបផ្សែងបារីពីគេ។ ចំពោះប្រទេស​កម្ពុជាថ្នាំជក់បានសម្លាប់មនុស្សប្រមាណ​១ម៉ឺននាក់ជារៀងរាល់ឆ្នាំ។

យោងតាមលទ្ធផលនៃការអង្កេតការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ នៅខែមករា ឆ្នាំ២០១៨ ក្នុងខេត្តសៀមរាប ដែលរៀបចំដោយអង្គការចលនាដើម្បីសុខភាពកម្ពុជា បានអោយដឹងថា អ្នកគ្រប់គ្រង ឬម្ចាស់​មូលដ្ឋាននៃកន្លែងធ្វើការនិងកន្លែងសាធារណៈ រួមមានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែង​លក់គ្រឿង​ទេស​ជាដើមប្រមាណ៥៨% បានប្រាប់ថាពួកគេយល់ដឹងពីច្បាប់ហាមឃាត់​មិនអោយ​​ជក់បារីនៅកន្លែង​ធ្វើការ​និង​កន្លែង​សាធារ​ណៈ ក៏ប៉ុន្តែការអនុវត្តជាក់ស្តែង ការបិទផ្លាកសញ្ញាហាមជក់បារីនៅកន្លែងទាំងនេះ មានប្រមាណតែ២៩%ប៉ុន្នោះ។ ទោះបីជាមានការបិទផ្លាកសញ្ញាហាមជក់បារីអនុវត្តបានល្អនៅកន្លែងមួយចំនួន ក៏ប៉ុន្តែយើងនៅតែសង្កេត​​ឃើញមានអ្នកកំពុងជក់បារី ក្នុងអាគារនៅកំឡុងពេលនៃការអង្កេត។ ជាក់ស្តែង ៤៤%នៃគ្រឹះស្ថានសាសនា  ៣៣%នៃសាលាសង្កាត់ ២៥%នៃបុស្តិ៍នគរបាល ១៥%នៃភោជនីយដ្ឋាន/អាហារដ្ឋាន/ហាងកាហ្វេ  ៧%នៃសណ្ឋាគារ/ផ្ទះសំណាក់ ឃើញមានអ្នកកំពុងជក់បារីនៅក្នុងអាគារ៕