ខេត្តមណ្ឌលគិរី ប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ ០១ តុលា

AKP មណ្ឌលគិរី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ –ដើម្បីរួមចំណែកសម្រួលដល់ការលំបាកខ្វះខាតជីវភាពរបស់និវត្តជន ជនបាត់បង់ សម្បទាវិជ្ជាជីវៈ អតីតយុទ្ធជនដែលជាមនុស្សចាស់ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើត គណៈកម្មាធិការជាតិរៀបចំទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ ០១ តុលា ក្រោមប្រធានបទ “សមាគមមនុស្សចាស់ជាយន្តការដ៏សំខាន់ក្នុងការថែរក្សាវប្បធមគ្រួសារ និងសង្គមជាតិ” ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោក ប៉េង សម្បត្តិ អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអតីតយុទ្ធជន និងយុវនីតិសម្បទាជាង២០០នាក់ នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។

លោក ប៉េង សម្បត្តិ អភិបាលរងខេត្ត មានប្រសាសន៍ឱ្យដឹងថា ការប្រារព្ធទិវានេះឡើង ក្នុងគោលបំណងលើកកម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធភាព សំដៅលើកស្ទួយសុខុមាល ភាពមនុស្សចាស់ឱ្យប្រសើរឡើង ហើយទិវានេះក៏បានបង្ហាញពីតួនាទីដ៏សំខាន់ របស់មនុស្សចាស់នៅក្នុងប្រទេសកម្ពុជា និងសង្គម ជាបុព្វការីជនដែលង្កើតធនធាន ដ៏មានសារៈប្រយោជន៍ ព្រមទាំងផ្តល់នូវចំណេះដឹង និងបទពិសោធន៍យ៉ាងច្រើនឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ។

លោកបានបន្តទៀតថា ដើម្បីរួមចំណែកសម្រួលដល់ការ លំបាកខ្វះខាតក្នុងជីវភាពរស់ នៅរបស់និវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ អតីតយុទ្ធជនដែលជាមនុស្សចាស់ រាជរដ្ឋាភិបាលបានបង្កើត គណៈកម្មាធិការជាតិរៀបចំទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ ០១ តុលា ដែលជាយន្តការរៀបចំ និងអនុវត្តន៍នូវគោលនយោបាយ សម្រាប់មនុស្សចាស់ និងគម្រោងកម្មវិធី ផ្តល់ការគាំទ្រផ្សេងៗទៀតដល់មនុស្សចាស់កម្ពុជា។

លោក ខឹម ចាន់ផល ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០១៨ មន្ទីរសង្គមកិច្ច បានបើកផ្តល់ប្រាក់សោធនជូន និវន្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ គ្រួសារសពនិវត្តជន និងកូនកំព្រាជាអតីតមន្ត្រីរាជការស៊ីវិល សរុប ១៨៣នាក់បន្ទុក៣២នាក់ ស្មើទឹកប្រាក់៨៦.២១៥.៥៥១រៀល និវត្តជន១៩៦នាក់ ជនពិការ៣៥នាក់ គ្រួសារជនពលី ២៥គ្រួសារ គ្រួសារជនមរណៈ៣០គ្រួសារ និងបន្ទុក៤២៨នាក់ អតីតជាមន្ត្រីកងយោពល ខេមរភូមិន្ទ និងជានគរបាលជាតិដែលកំពុងទទួលរបបសោធនប្រចាំខែ នៅមន្ទីរសង្គមកិច្ច ស្មើទឹកប្រាក់ ១៥៥.៣៣៤.៤៦៧រៀល។

លោកបានឱ្យដឹងទៀតថា មន្ទីរបានចុះពិនិត្យ សមាគមមនុស្សចាស់ដែលបានបង្កើតរួច នៅតាមថ្នាក់ឃុំ/សង្កាត់ និងបានជួយទ្រទ្រង់ជាថវិកា៨០ម៉ឺនរៀល/១ឃុំ បានចំនួន៣ឃុំក្នុង នោះមាន ឃុំអរបួនលើ ឃុំស្រែសង្គម និងឃុំសុខសាន្តក្នុងស្រុកកោះញែក។ ក្នុងនោះដែរ មន្ទីរសង្គមកិច្ច បានចែកប័ណ្ណ ប.ស.ស ដល់អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការទៅពិនិត្យ និងព្យាបាលជំងឺដោយឥតបង់ថ្លៃនៅមន្ទីរពេទ្យ និងកូន ចៅ ដែលមានបំណងសុំអាហរូបករណ៍បន្តការសិក្សាជាដើម៕

ដោយ ចាន់បុត្រ