សហព័ន្ធម៉ូតូទឹក ប្រកាសពីការរៀបចំប្រកួតក្នុងពិធីបុណ្យសមុទ្រដោយអញ្ជើញម្ចាស់ មេដាយមាសមកពីប្រទេសមួយចំនួន

AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ –សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាបានឱ្យដឹងថា សហព័ន្ធនឹងរៀបចំការប្រកួតកីឡាម៉ូតូទឹក ដើម្បីចូលរួមអបអរសាទរពិធីបុណ្យសមុទ្រ លើកទី៧ ឆ្នំា២០១៨ នៅខេត្តកោះកុង នាខែធ្នូខាងមុខ ដោយម្ចាស់មេដាយមាសកីឡាអាស៊ី និងមេដាយប្រាក់ជើងឯកពិភពលោករបស់កម្ពុជា កីឡាករ សាលី អ៊ូមើត នឹងត្រូវកីឡាករម្ចាស់មេដាយមាសប្រចាំទ្វីបអាស៊ីមកពីប្រទេសឥណ្ឌូណេស៊ី និងម្ចាស់មេដាយមកពីប្រទេសថៃ និងបណ្តាប្រទេសមួយចំនួនគ្រោងនឹងចូលរួមដែរ។

ឯកឧត្ដម​ ណុះ​ ស្លេះ​ ​ប្រធាន​សហព័ន្ធ​ម៉ូតូ​ទឹក​កម្ពុជាបាន​ឱ្យ​ដឹង​ថា​ ដើម្បី​ជា​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​ចង់​បង្ហាញ​អំពី​សក្តានុពល​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​ឱ្យមហាជន​បាន​ស្គាល់​​ផង​នោះ​សហព័ន្ធ​នឹង​រៀបចំ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​មួយ​ នៅក្នុង​ពិធី​បុណ្យ​សមុទ្រ រយៈពេល​៣ថ្ងៃ។​ លោកបានបន្ដថា ម្ចាស់​មេដាយ​មាស​ទាំង​៣ប្រទេស​ មានកម្ពុជា ​ឥណ្ឌូណេស៊ី​ និងថៃ​នឹង​ត្រូវបង្ហាញសមត្ថភាពដ៏ទាក់ទាញលើវិញ្ញាសាមួយ ខណៈ​២វិញ្ញាសា​ទៀត​សម្រាប់​អ្នក​មាន​សមត្ថភាព​បង្គួរ​ និង​អ្នក​មាន​សមត្ថភាព​ខ្ពស់។​ ឯកឧត្តមប្រធានសហព័ន្ធបញ្ជាក់ថា ក្រៅពី ប្រទេសទាំងពីរ នេះតាមការគ្រោងទុកនឹងមានកីឡាករខ្លាំងៗមួយចំនួនទៀតបាន សន្យាចូល រួមប្រកួត ក្នុងព្រឹត្តិការណ៍មិត្តភាពអន្តរជាតិនៅកម្ពុជាផងដែរ ដូចជាហ្វីលីពីន ម៉ាឡេស៊ី និងឥណ្ឌា។

 

គួរបញ្ជាក់ថា ពិធី​បុណ្យ​សមុទ្រ​លើក​ទី៧​ ឆ្នាំ​២០១៨គ្រោងនឹងធ្វើឡើងនាពាក់កណ្តាលខែធ្នូ​ ឆ្នាំ២០១៨ នៅ​ខេត្ត​កោះកុង​ ហើយ​ក៏​មាន​ការ​ប្រកួត​កីឡា​ច្រើន​ប្រភេទទៀត ដើម្បីចូលរួម អបអរពិធីបុណ្យសមុទ្រឱ្យកាន់តែមាន ភាពទាក់ទាញកាន់តែខ្លាំងសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ

ដោយ ហេង ណាលីន