វិស័យកីឡាខេត្តត្បូងឃ្មុំ ទទួលបានការកោតសរសើរពីក្រសួងអប់រំ យុវជន​ និងកីឡាថា មានការអភិវឌ្ឍលឿន

AKP ត្បូងឃ្មុំ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ –ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានលើកសសើរពីការវិវឌ្ឍ​ផ្នែកវិស័យកីឡានៅក្នុងខេត្តត្បូងឃ្មុំ ដែលបានខិតខំពីគ្មានមេដាយ នៅក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១ រហូតមកឈរនៅចំណាត់ថ្នាក់លេខ១០ដោយប្រជែងបានមេដាយ២៨ គ្រឿង នៅក្នុងកីឡាជាតិលើកទី២ឆ្នាំ២០១៨ ស្របពេលដែលខេត្តថ្មីមួយនេះ មិនទាន់មានហេដ្ឋារចនាសម្ព័ន្ធ កីឡាដូចបណ្តាខេត្តផ្សេងទៀតផងនោះ។

ការលើកឡើងនេះ នៅក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីមន្ទីរអប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨

ឯកឧត្តម ស សុខា បានជំរុញឱ្យប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ យក ចិត្តទុកដាក់ ជំរុញបន្ថែមទៀត ដើម្បីបំផុសនិងអភិវឌ្ឍន៍វិស័យកីឡានៅខេត្តថ្មីមួយនេះកាន់តែ មានសក្តានុពល ដោយអាចប្រកួតប្រជែងប្រកបដោយគុណភាពទាំងកីឡា ក្នុងក្របខណ្ឌសិស្ស និងថ្នាក់ជាតិធំៗ ដូចជា កីឡាជាតិផងដែរ។ ឯកឧត្តមបានលើកឡើងថា ក្នុងនាមឯកឧត្តមទទួលបន្ទុកលើផ្នែកកីឡានេះនឹងខិតខំប្រឹងប្រែងស្នើសុំថវិកាបង្កើតឱ្យមាននៅឆ្នាំក្រោយ និងឆ្នាំបន្តបន្ទាប់ទៀត ចំពោះសំណើសុំកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា ក្នុងខេត្តដែលកំពុងជួបបញ្ហាខ្វះខាតនោះ ដើម្បីឱ្យមានកន្លែងសម្រាប់មន្រ្តីបំពេញការងារកន្លែងប្រកួត និង កន្លែងហ្វឹកហាត់ សម្រាប់កីឡាករកីឡា ការិនី ក្នុងគោលដៅពន្លឿនវិស័យកីឡានៅ ក្នុងខេត្ត ត្បូងឃ្មុំឱ្យមានកាន់តែប្រសើរ៕

 

ដោយ ហេង ណាលីន