មជ្ឈមណ្ឌលពាណិជ្ជកម្មថ្មី១ទៀត របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បើកការដ្ឋានសាងសង់ជាផ្លូវការហើយក្នុងខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៨ –គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មី១ទៀត របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បាន បើកការដ្ឋានសាងសង់ជាផ្លូវការហើយក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមឆ្លើយតបទៅនឹងតម្រូវ ការស្នាក់នៅបែបប្រណិតៗ ដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ

ថ្លែងក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម ព្រីនស៍ ស៊ីធី សេនធើ ដំណាក់កាលទី១ កាលពីពេលថ្មីៗនេះ នៅក្រុងព្រះសីហនុ លោក លី មិញ អគ្គនាយកក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានលើកឡើងថា ការបើកការដ្ឋានគម្រោង ដំណាក់កាលទី១ ព្រីនស៍ ស្មាតហ្គាដិន នៅក្នុងក្រុងព្រះសីហនុ នាពេលនេះ គឺដើម្បីត្រៀមខ្លួនចូលរួមឆ្លើយតបទៅនឹងតម្រូវការស្នាក់នៅរបស់ភ្ញៀវទេសចរបរទេស និងក្នុងស្រុក ឱ្យ ទទួលបាននូវកន្លែងស្នាក់នៅបែបប្រណិតៗ ដោយវត្តមានរបស់គម្រោងនេះ ក៏នឹងចូលរួម លើកកម្ពស់មុខមាត់ខេត្តព្រះសីហនុផងដែរ តាមរយៈការផ្តល់ជូននៅបដិសណ្ឋាកិច្ចបែបអន្តរ ជាតិទៅដល់ភ្ញៀវទេសចរ។ លោកបញ្ជាក់ថា គម្រោងនេះនឹងក្លាយជាទីតាំងនិមិត្តសញ្ញាដ៏ថ្មី ស្រឡាងមួយទៀតក្នុងក្រុងព្រះសីហនុ ដែលមានរួមបញ្ចូលនូវលំនៅឋានប្រណិតៗ ការិយាល័យលំដាប់ខ្ពស់ ដំណើរកម្សាន្តលក្ខណៈពាណិជ្ជកម្ម ការទិញទំនិញ និងការលំហែរកាយ ពេលវិស្សមកាល ផងដែរ។លោកបន្តទៀតថា ព្រីនស៍ ស៊ីធី សេនធើ មានទីតាំងស្ថិតនៅតាមបណ្ដាលផ្លូវឯករាជ្យ ដែលជាតំបន់សំខាន់នៃក្រុងព្រះសីហនុ ពោលគឺជិតទៅនឹងសណ្ឋាគារផ្កាយ៥ ព្រីនស៍ ថាម ហូថេល ដែលមានចម្ងាយតែ ៨០០ម៉ែត្រពីរង្វង់មូលតោពីរ។ព្រីនស៍ ស្មាតហ្គាដិន” ដែលជាការដ្ឋានដំណាក់កាលទី១នេះ គ្របដណ្តប់លើផ្ទៃដីសរុបចំនួន ២៤.៨០០ម៉ែត្រការ៉េ និងមានក្រឡាផ្ទៃសំណង់សរុបចំនួន៧៩.៣៤២ម៉ែត្រការ៉េ ក្នុងនោះរួម មានអគារខុនដូចំនួន៣ និងអគារផ្លាស្សាចំនួន១ បំពាក់ដោយពាណិជ្ជកម្មប្រកបដោយ គុណភាព ផ្សារទំនើប ភោជនីយដ្ឋាន ក្លិបហាត់ប្រាណ មជ្ឈមណ្ឌលកម្សាន្តខេធីវី បណ្ណាគារ ទីលានកីឡានិងសេវាកម្មផ្សេងៗទៀត ដែលនឹងនាំមកនូវការរស់នៅប្រកបដោយផាសុភាព ដល់អតិថិជន។ លោកបន្ថែមថា “ព្រីនស៍ ស្មាតហ្គាដិន” ដែលជាការដ្ឋានដំណាក់កាលទី១ នៃគម្រោង ព្រីនស៍ ស៊ីធី សេនធើ នេះ រំពឹងថានឹងត្រូវបញ្ចប់ការសាងសងជាស្ថាពរក្នុង ខែតុលា ឆ្នាំ២០១៩ ហើយនឹងបន្តបើកការដ្ឋានដំណាក់កាលទី២ បន្ថែមទៀត ដែលគ្រោង នឹងចាប់ផ្តើមបើកការដ្ឋាននៅខែវិច្ឆិកា ឆ្នាំ២០១៨ ឯដំណាក់កាលទី៣ ក៏ត្រៀមខ្លួនចាប់ ផ្តើមនាពេលឆាប់ៗនេះផងដែរ។

 

គួរបញ្ជាក់ថា ព្រីនស៍ ស៊ីធី សេនធើ ត្រូវបានវិនិយោគឡើង នៅលើផ្ទៃដីចំនួន ១៦. ហិកតា និងមានក្រឡាផ្ទៃសំណង់សរុប ៧០ម៉ឺនម៉ែត្រការ៉េ ដែលរួមមានវីឡាប្រណិត វីឡា មាត់សមុទ្រ ខុនដូលំហែកាយ សណ្ឋាគារលំដាប់ផ្កាយ៥ អគារការិយាល័យ ផ្សារទំនើប ផ្លាស្សា ក្លិបកម្សាន្ត មន្ទីរពេទ្យថែទាំសុខភាព និងសេវាកម្មដ៏សម្បូរបែបផ្សេងទៀត៕

ដោយ ម៉ៅ ចរិយា