ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យអាជ្ញាធរខណ្ឌឫស្សីកែវ ត្រូវចូលរួមបង្ការទប់ស្កាត់បទល្មើស និងជនអន្តោប្រវេសន៍ដែលរស់នៅតាមដងទន្លេសាប

AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ –ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  បានជំរុញឱ្យអាជ្ញាធរមាន សមត្ថកិច្ច ទាំងអស់ ពិសេសអាជ្ញាធរខណ្ឌស្សីកែវ ត្រូវបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ការរៀបចំ សន្ដិសុខសណ្តាប់ធ្នាប់ និងការទប់ស្កាត់ជនអន្តោប្រវេសន៍ដែលរស់នៅតាមដងទន្លេសាប ឱ្យចូលរួមថែរក្សាបរិស្ថានតាមដងទន្លេសាបឱ្យបានល្អ។

ឯកឧត្ដម ឃួង ស្រេង បានជំរុញបែបនេះ ខណៈដែលឯកឧត្ដមចូលរួមផ្សព្វផ្សាយ ពង្រឹងវិន័យការងារ និងសំណេះសំណាលជាមួយមន្ត្រីរាជការថ្នាក់ខណ្ឌ និងសង្កាត់នៅ សាលាខណ្ឌស្សីកែវ នាថ្ងៃព្រហស្បតិ៍៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។

នៅក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បាន អនុញ្ញាតឱ្យមន្ត្រីរដ្ឋបាលខណ្ឌស្សីកែវលើកឡើងពីកង្វល់ និងបញ្ហាប្រឈមនានា ដើម្បីរិះរក វិធីបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរជាងមុន លោកស្រីចៅសង្កាត់រងក៏បានលើ ឡើងពីកង្វល់មួយចំនួនជូនដល់អាជ្ញាធររាជធានីដើម្បីជួយសម្រួលមានដូចជា បញ្ហាហេដ្ឋារចនាសម្ព័ន្ធ សំរាម ការប្រើប្រាស់គ្រឿងញៀន សៀវភៅស្នាក់នៅសៀវភៅគ្រួសារ និងបញ្ហាបរិស្ថានជាដើម។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា គោលបំណងដែលលោក មកជួបបងប្អូន មន្ត្រីរបស់ខណ្ឌស្សីកែវនៅពេលនេះ គឺដើម្បីចង់ដឹងពីសុខទុក្ខរបស់មន្ត្រីយើង និងមាន ចំណុចណាខ្លះដើម្បីបំពេញបន្ថែមធ្វើយ៉ាងណាដើម្បីបម្រើប្រជាពលរដ្ឋឱ្យរឹតតែល្អ ប្រសើរឡើងថែមទៀត។

ឯកឧត្ដម ឃួង ស្រេង ក៏បានសម្តែងការកោតសរសើរចំពោះរដ្ឋបាលខណ្ឌស្សីកែវ រួមទាំងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងកិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់ រួមនិងការផ្តល់សេវាជូនប្រជាពលរដ្ឋបាលល្អប្រសើរ រហូតទទួលបាន ស្នាដៃជាច្រើន។ ទន្ទឹមនឹងភាពល្អប្រសើរហើយនោះ ខណ្ឌ ស្សីកែវក៏មានបញ្ហាប្រឈមដែល ត្រូវអនុវត្តន៍បន្តដែរ ក្នុងនោះមានបញ្ហាសណ្តាប់ធា្នប់ មិនទាន់រៀបចំបានល្អប្រសើរនូវឡើយ ប្រជាពលរដ្ឋមិនទាន់គោរពច្បាប់ចរាចរណ៍ បញ្ហាគ្រឿងញៀននៅតែកើតមា ការចុះកិច្ច សន្យាជាមួយក្លឹបកម្សាន្តនានា ក៏នៅមិនទាន់បានគ្រប់ជ្រុងជ្រោយជាដើម។

ឯកឧត្ដម ឃួង ស្រេង  បានបញ្ជាក់ថា នៅរាជធានីភ្នំពេញមានកន្លែងសប្បាយ ភាព២៦៤២ទីតាំង ក្នុងនោះសម្រាប់ខណ្ឌស្សីកែវ ក៏មានក្លឹបកម្សាន្តជាច្រើនដែលអាជ្ញាធរ ត្រូវណែនាំឱ្យម្ចាស់ក្លឹបកម្សាន្តទាំងអស់នោះ បំពេញបែបបទតាមច្បាប់ឱ្យបានត្រឹមត្រូវ។ ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន បើទីតាំងណាមានបទល្មើសគ្រឿងញៀន ទីតាំងនោះត្រូវតែ បិទចោល ហើយម្ចាស់ទីតាំងក៏ត្រូវប្រឈមនឹងការមានទោសទណ្ឌថែមទៀតផង

ឯកឧត្ដម ឃួង ស្រេង ក៏បានជំរុញឱ្យមានការបង្ការទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់គ្រប់ប្រភេទ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រោះសន្តិសុខនេះជា តម្រូវការចាំបាច់ និងជាការចង់បានរបស់មនុស្សគ្រប់គ្នា។  ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកសូមដាក់ចេញនូវផែនការចំនួន១៣ចំណុចបន្ថែមទៀត ដើម្បីឱ្យអាជ្ញាធរខណ្ឌស្សី កែវអនុវត្តន៍ន្ត គឺមិនអនុញ្ញាតឱ្យផ្លូវជាតិលេខ៥ ចតយានយន្តនៅលើទ្រូងផ្លូវធ្វើឱ្យបាត់បង់ សណ្តាប់ធ្នាប់ និងធ្វើឱ្យកកស្ទះចចរ និងការរឹតបន្តឹការគោរពច្បាប់ចរាចរណ៍ជាដើម

ឯកឧត្ដមបញ្ជាក់ថា ដាច់ខែនេះសាលារាជធានី នឹងបើកយុទ្ធនាការជួសជុលផ្លូវ ខូច ខាតហើយ ហើយអាជ្ញាធរខណ្ឌ សង្កាត់ត្រូវចុះមើលក្នុងមូលដ្ឋានរបស់ខ្លួន មានផ្លូវប៉ុន្មានខូច  និងខូចទំហំប៉ុណ្ណា។ ក្រៅពីនេះក៏ត្រូវចុះពិនិត្យមើលចំពោះការសាងសង់រោងបុណ្យរោងការ នៅលើទ្រូងផ្លូវ គឺឱ្យធ្វើតែលើចិញ្ចើមផ្លូវ និងលើទ្រូងផ្លូវតែមួយប្រឡោះប៉ុណ្ណោះ អាជ្ញាធរដែនដី ត្រូវធ្វើការណែនាំអំពីបញ្ហានេះ។ ការងារពិនិត្យអាវុធជាតិផ្ទុះ និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវ គោកត្រូវតែធ្វើ ទោះជានៅក្នុងបុរីក៏ដោយ។

កឧត្ដមបន្តថា បញ្ហាអន្តោប្រវេសន៍នៅតាមដងទន្លេសាប ពិសេសការចិញ្ចឹមត្រីដែល ធ្វើឱ្យខូចបរិស្ថាន និងបានធ្វើឱ្យខូចខាតដល់វិស័យទេសចរណ៍នោះ យើងត្រូវសហការជាមួយ សមាគមន៍ជនជាតិវៀតណាម អ៊ិស្លាមជាដើម ដើម្បីរឹតបន្តឹងច្បាប់អន្តោប្រវេសន៍ យើង ត្រូវរួមគ្នាធ្វើការងារនេះដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ៕

ដោយ សួស សំរិត