ប្រមុខរាជរដ្ឋាភិបាលសម្រេចតែងតាំងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ជាប្រធានក្រុមការងារចម្រុះទទួលបណ្តឹងតវ៉ា

AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ –សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើសេចក្តីសម្រេចចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ បង្កើតក្រុមការងារចម្រុះ ទទួល និងដោះស្រាយបណ្តឹងតវ៉ាផ្សេងៗនៅមុខភូមិគ្រឹះសម្តេចតេជោ។

ក្នុងសេចក្តីសម្រេចនោះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានតែងតាំងឯកឧត្តម នាយ ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទ ជាប្រធានក្រុមការ ងារនេះ។ ក្រុមការងារចម្រុះមួយនេះ មានអនុប្រធានចំនួនបីរូប ដែលក្នុងនោះអភិបាលរាជ ធានី ខេត្តចំនួនពីររូប និងមន្រ្តីជាន់ខ្ពស់យោធាចំនួនមួយរូបដែលរួមមាន៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ចៅ តុល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស។

បើយោងតាមសេចក្តីសម្រេចដដែល ក្រុមការងារខាងលើនេះ គឺមានភារកិច្ចទទួល ពាក្យបណ្តឹងតវ៉ាផ្សេងៗ នៅមុខភូមិគ្រឹះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅវិមានឯករាជ្យ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រួចបញ្ជូនទៅជំនាញពាក់ព័ន្ធ ដើម្បី ពិនិត្យសម្រេច ឬធ្វើរបាយការណ៍ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី។ សហការជាមួយអាជ្ញាធរ ពាក់ព័ន្ធទាំងអស់ ទប់ស្កាត់ក្រុមអ្នកតវ៉ាមានបាតុករច្រើននាក់ដែលមានបំណងមកដាក់ពាក្យ បណ្តឹងតវ៉ាផ្សេងៗ ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងទប់ស្កាត់រាល់ការញុះ ញង់ពីក្រុមឆ្លៀតឱកាសដែលកេងចំណេញមកពីក្រុមអ្នកតវ៉ាផងដែរ។

ក្រុមការងារខាងលើនេះ គឺមានចំនួនសមាជិក១៨រូប ដែលមកពីស្ថាប័ននគរបាល កងរាជអាវុធហត្ថ បញ្ជាការដ្ឋានអង្គរក្ស តំណាងមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងយុត្តិធម៌ និងក្រសួងព័ត៌មាន ជាដើម៕

ដោយ ចាន់ សុធីវង្ស