ឯកឧត្ដម កែវ រ៉េមី អញ្ជើញធ្វើបាឋកថា ស្តីពីសន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងការអភិវឌ្ឍនៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ –ឯកឧត្ដម  កែវ រ៉េមី  រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជាបានអញ្ជើញធ្វើបឋកថាស្តីពី សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍ នៅខេត្តក្រចេះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត  ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។                  

អញ្ជើញចូលរួមក្នុងការស្តាប់បាឋកថានាពេលនោះដែរមានលោកស្រេង សុភាព អភិបាលរងខេត្ត ឯកឧត្តមសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត កងម្លាំងប្រដាប់អាវុធ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះ ប្រមាណជាង ៣៥០នាក់។                    

     ថ្លែងនៅក្នុងពិធីធ្វើបាឋកថានៅខេត្តក្រចេះនាពេលនោះ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងការអភិវឌ្ឍ។ ប្រទេសមួយដែលមាន ការអភិវឌ្ឍ ទៅបានលុះត្រាតែប្រទេសនោះមានសុខសន្តិភាព ហើយដើម្បីឱ្យសន្តិភាពនេះនៅស្ថិតស្ថេរយូរអង្វែងទៅបាន ក្នុងនាមយើងជាពលរដ្ឋ ទាំងអស់គ្នា ត្រូវចូលរួមគោរព ច្បាប់ ថែរក្សាការពារ និងប្រឆាំងយ៉ាងដាច់ខាតនូវគោលនយោបាយ ឬអំពើដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល។  

ឯកឧត្តម ក៏បានលើក ឡើងមកបញ្ជាក់ផងដែរថា  ការគោពច្បាប់ តម្រូវឱ្យយើងទាំងអស់គ្នាយល់ដឹងអំពីសិទ្ធិមនុស្ស ដែលជាទង្វើនៃការរស់នៅប្រចាំថ្ងៃ ក្នុងលក្ខខ័ណ្ឌចាំបាច់ សម្រាប់ការរស់នៅក្នុងភាពជាមនុស្សមានក្រមសីលធម៌ និង វិន័យ។ ឯកឧត្ដម កែវ រ៉េមី បានបញ្ជាក់ថា ចំពោះការប្រើ ប្រាស់សិទ្ធិសេរីភាព ត្រូវប្រព្រឹត្តទៅតាមលក្ខខ័ណ្ឌកំណត់នៃច្បាប់ដែលមិនធ្វើឱ្យប៉ះពាល់ ដល់សិទ្ធិ និងសេរី ភាពអ្នកដទៃឡើយ ។

ឯកឧត្ដមប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានសង្កត់ធ្ងន់ថា   រាជរដ្ឋាភិបាលមិនអាចថែរក្សាសន្តិភាព ស្ថិរភាព តែម្នាក់ឯងបានទេ គឺតម្រូវឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ជាពិសេសពីស្រទាប់យុវជន ដែលជាកម្លាំងដ៏មុតស្រួច ក្នុងការកសាង និងដឹកនាំប្រទេសឱ្យឆ្ពោះទៅការអភិវឌ្ឍរីកចម្រើន ប្រកបដោយស្ថិរភាព សន្តិភាព និងការគោរពសិទ្ធិមនុស្ស ហើយកន្លងមកប្រទេសកម្ពុជាធ្លាប់បានឆ្លងកាត់នូវរបបឃោរឃៅរំលោភបំពានបំបិទសិទ្ធិសេរី ភាពលើមនុស្សគ្រប់រូប ក្នុងចន្លោះឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៩។  រាជរដ្ឋាភិបាលបានខិត ខំថែរក្សា និងការពារមិនឱ្យរបបនេះ កើតឡើងជាថ្មីម្តងទៀតឡើយ ហើយបច្ចុប្បន្នរាជរដ្ឋា ភិបាលកម្ពុជាបាននឹងកំពុងពង្រឹង និងបណ្តុះគំនិតដល់យុវជនឱ្យឈរលើគោលជំហរ ថែរក្សាការពារសិទ្ធិសេរីភាព និងសន្តិភាព និងប្រឆាំងជាដាច់ខាតក្នុងគ្រប់រូបភាព នៃការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់៕

ដោយ  ជួន សុជាតិ