នាយនគរបាលចាប់ពីឧត្តមសេនីយ៍ឯក រហូតដល់ឧត្តមសេនីយ៍ត្រីសរុប២២រូប របស់ក្រសួងមហាផ្ទៃ ត្រូវដាក់ឱ្យចូលនិវត្តន៍

AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ –នាយនគរបាលចាប់ពីថ្នាក់ឧត្តមសេនីយ៍ឯក រហូតដល់ឧត្តមសេនីយ៍ត្រីសរុប២២រូប ដែល​ស្ថិតនៅក្រោមក្រសួងមហាផ្ទៃត្រូវបានប្រមុខរដ្ឋស្តីទីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ចេញព្រះរាជក្រឹត្យដាក់ឱ្យចូលនិវត្តន៍ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ហើយដែល ទើបត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ។

 

បើយោងតាមព្រះរាជក្រឹត្យបានបញ្ជាក់ថា ការសម្រេចនេះគឺធ្វើឡើងតាមសំណើរបស់ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងចំណោមនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍នោះ គេឃើញ មានស្នងការខេត្តព្រៃវែង ស្នងការខេត្តកំពង់ឆ្នាំង និងស្នងការខេត្តប៉ៃលិនផងដែរ។ក្រោយការ ប្រកាសដាក់ឱ្យចូលនិវត្តន៍ស្នងការខេត្តទាំងបីនេះ ក្រសួងមហាផ្ទៃមិនទាន់មានសេចក្តី សម្រេចណាមួយក្នុងការដាក់អ្នកជំនួសសម្រាប់តំណែងស្នងការថ្មីទាំងបីខាងលើនេះនៅឡើយនោះទេ៕

ដោយ ចាន់ សុធីវង្ស