សម្ដេចក្រឡាហោម ស ខេង៖ ការបញ្ជូនក្រុមការងារក្រសួងមហាផ្ទៃទៅខេត្ដព្រះសីហនុនេះ គឺមិន​មែនឱ្យទៅនៅជាអចិន្រ្ដៃយ៍ ​ និងដើរតួនាទីជំនួសឱ្យអាជ្ញាធរនោះទេ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ –សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្ដីស្ដីទី បានអះអាងថា ការបង្កើតគណៈកម្មការ និងបញ្ជូនក្រុមកាងារក្រសួងមហាផ្ទៃទៅខេត្ដព្រះសីហនុនេះ គឺមិនមែនឱ្យនៅជាអចិន្រ្ដៃយ៍ និងដើរ​តួនាទី​ជំនួសអាជ្ញាធរខេត្ដនោះទេ គឺគ្រាន់តែសហការ ផ្លាស់ប្ដូរយោបល់ និងដោះ ស្រាយបញ្ហាប្រឈម មួយចំនួនជាមួយអាជ្ញាធរខេត្ដព្រះសីហនុតែប៉ុណ្ណោះ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពេលបញ្ចប់ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលសំខាន់ៗរបស់ក្រសួងមហាផ្ទៃក្នុងរយៈពេល៥ឆ្នាំជាមួយគណៈកម្មការទី៤នៃរដ្ឋសភា នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថាគណៈកម្មការនេះគឺជាក្រុមការងារចំពោះកិច្ចមួយ ហើយការបញ្ជូទៅខេត្ដព្រះសីហនុនេះ គឺមិនមែនឱ្យដើរតួនាទីជំនួស ឱ្យអាជ្ញាធរនៅនឹងកន្លែងទេ គ្រាន់តែជាអ្នកចូលរួមយោបល់ ឯសិទ្ធិសម្រេចកិច្ចការទាំងឡាយគឺអាជ្ញាធរខេត្ដព្រះសីហនុទេ។ សម្ដេចក្រឡាហោមបានបន្ដ ថា ការបញ្ជូនគណៈកម្មការរបស់ក្រសួងមហាផ្ទៃនេះ គឺមិនមែនឱ្យទៅខេត្ដព្រះសីហនុជាអចិន្រ្ដៃយ៍នោះទេគឺគ្រាន់តែបញ្ជូនទៅធ្វើការក្នុងមួយរយៈពេល ដើម្បីផ្លាស់ប្ដូរយោបល់ ជាមួយអាជ្ញាធរខេត្ដ និងដោះស្រាយបញ្ហាប្រឈមណាមួយកើតឡើងនៅក្នុងខេត្ដ។ សម្ដេច ក្រឡាហោមបានគូសបញ្ជាក់ទៀតថា បើដោះស្រាយនៅទីនោះបានក្រុមការងារនេះ ត្រូវដោះ ហើយបើដោះស្រាយមិនបានទេ ត្រូវរាយការណ៍មកក្រសួងមហាផ្ទៃ  ប្រសិនបើក្រសួង ដោះស្រាយមិនបាន ត្រូវរាយការណ៍ទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីដោះស្រាយ មានវិធាន ជាបន្ដបន្ទាប់ទៀត

បញ្ហានៅក្នុងខេត្ដព្រះសីហនុគឺជាបញ្ហាដែលកើតឡើងប្រឈមថ្មីដែលកាលពីមុនមកមិនដែលធ្លាប់ជួបប្រទះ ដែលរហូតមកដល់ពេលនេះ សភាពការណ៍នៅក្នុងខេត្ដព្រះសីហនុ មិនមែនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ឬក៏ដល់ថ្នាក់ធ្វើការគ្រប់គ្រងមិនបាននោះទេ នេះជាការ បញ្ជាក់បន្ថែមរបស់សម្ដេចក្រឡាហោម។

សម្ដេចក្រឡាហោមបានបន្ដទៀតថា ការបង្កើតគណៈកម្មការនេះ គឺដើម្បីម្ចាស់ការ លើការគ្រប់ គ្រងស្ថានការណ៍ដែលកើតឡើងឱ្យបានទាន់ពេលវេលាដើម្បីកុំឱ្យស្ថានការណ៍ កើត ឡើង និងគ្រប់គ្រងលែងបានហើយ ទើបញ្ជូក្រុមការងារទៅ វានឹងហួសពេល។

សម្ដេចក្រឡាហោមលើកឡើងទៀតថា រហូតមកដល់ពេលនេះ បញ្ហាដែលបាន កើតឡើង នៅក្នុងខេត្ដព្រះសីហនុគឺពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ប្លន់ ការតាមសម្លាប់គ្នា និងបញ្ហាបរិស្ថាន អនាម័យ ប៉ុន្ដែមិនទាន់មានសា្ថនភាពធ្ងន់ធ្ងរនៅឡើយទេ។ ទន្ទឹមនេះ នៅខេត្ត ព្រះសីហនុ ពេលមានការវិនិយោគច្រើន ទើបធ្វើឱ្យដីធ្លីមានការឡើងថ្លៃ ដូច្នេះបញ្ហាដីធ្លី ក៏មានជម្លោះកើតឡើងច្រើនផងដែរ។

សម្ដេចក្រឡាហោមបានឱ្យដឹងបន្ថែមថា ដោយសារតែមានបញ្ហាកើតឡើងខាង​លើនេះហើយ ទើបក្រសួងមហាផ្ទៃបានបង្កតគណៈកម្មការ និងក្រុមការងារបញ្ជូនទៅខេត្ដ​ព្រះសីហនុ ដើម្បីបន្ដខិតខំដោះស្រាយបញ្ហាទាំងនេះក្នុងការចូលរួមផ្ដល់ជាយោបល់ ចូល​រួមសហការជា មួយអាជ្ញាធរខេត្តព្រះសីហនុ និងពិនិត្យលទ្ធភាពដោះស្រាយឱ្យបានទាន់ពេលវេលា

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសបង្កើតគណៈ កម្មការ ក្រុមការងារកម្រិតស្រាលមួយ ដើម្បីចុះពិនិត្យនៅខេត្តព្រះសីហនុ បន្ទាប់ពីមានបញ្ហា ជាច្រើន បានកើតមានឡើងនៅក្នុងខេត្តនេះ ទាក់ទងនឹងបញ្ហាចារកម្ម ការសម្លាប់គ្នា ការជួញ ដូរគ្រឿងញៀន បញ្ហាសំរាម ព្រមទាំងបញ្ហាបង្កឡើងដោយជនជាតិចិនជាដើម

ដោយ អ៊ុន រិទ្ធី រូបថត៖ ឡាញ់ វិសាល