នាយករដ្ឋមន្រ្ដីស្ដីទី៖ ក្នុងអាណត្ដិទី៦នេះ ក្រសួងមហាផ្ទៃ នឹងបង្កើនប្រសិទ្ធភាពការផ្ដល់ សេវាសាធារណៈ ការដោះស្រាយសំណើ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ –សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្ដីស្ដីទីបានលើកឡើងថា ក្នុងអាណត្ដិទី៦នេះ ក្រសួងមហាផ្ទៃ នឹងបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ ការខិតខំដោះស្រាយសំណើ និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលសំខាន់ៗរបស់ក្រសួងមហាផ្ទៃក្នុងរយៈពេល៥ឆ្នាំជាមួយគណៈកម្មការទី៤នៃរដ្ឋសភា នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង មហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្ដីស្ដីទីបានមានប្រសាសន៍ថា​សម្រាប់ អង្គភាពពាក់ព័ន្ធនានាចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំយុទ្ធសាស្រ្ដ និងខិតខំដោះស្រាយសំណើ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ក៏ដូចជាបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន សំដៅធានាការលើកកម្ពស់ការចូលរួមរបស់ប្រជា ពលរដ្ឋលើកិច្ចការគ្រប់វិស័យក្នុងសង្គម។ សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា ក្រសួងនឹងបន្ដខិតខំជំរុញការអនុវត្ដកម្មវិធីកំណែទម្រង់នានា ជាពិសេសត្រូវជំរុញកម្មវិធី កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីបន្ដបោះជំហានទៅមុខប្រកបដោយចីរភាពស្របតាមកម្មវិធី ជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ និងផែន ការអនុវត្ដន៍រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២០ខាងមុខ។

សម្ដេចក្រឡាហោមបានបន្ដទៀតឡើងថា បញ្ហាជាអាទិភាពសម្រាប់យកចិត្តទុកដាក់ និងដោះស្រាយ ដើម្បីសម្រេចឱ្យបាននៅក្នុងដំណាក់កាលចុងក្រោយនេះ រួមមាន ការបន្ដ ជំរុញកិច្ចដំណើរ ការផ្ទេរមុខងារ និងការបង្កើនការផ្ដល់ធនធានហិរញ្ញវត្ថុទៅឱ្យរដ្ឋបាលថ្នាក់ ក្រោមជាតិ ការលើកកម្ពស់គណនេយ្យភាពសង្គម និងការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ ក្រោមជាតិ ដើម្បីប្រែក្លាយគោលនយោបាយឱ្យទៅជាការអនុវត្ដជាក់ស្ដែងនៅតាមមូលដ្ឋាន។

សម្ដេចក្រឡាហោមបានបន្ថែមទៀតថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ(២០១៣២០១៧) ក្រសួងមហាផ្ទៃបាន អនុវត្ដន៍តួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នៅក្នុងក្របខ័ណ្ឌគោលនយោបាយកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការថែរក្សាសន្ដិភាព ស្ថិរភាពនយោបាយ និងអធិបតេយ្យភាពជា ព្រមទាំងការពង្រឹងនូវសន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈបានល្អប្រសើរ។

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារ សាធារណៈ នៃរដ្ឋសភាបានឱ្យថា​ ការជួបប្រជុំជាមួយក្រសួងមហាផ្ទៃនេះ គឺធ្វើឡើងក្នុងការ ទំនាក់ទំនងប្រាស្រ័យការងារជាមួយក្រសួង ស្ថាប័នជាសមត្ថកិច្ចរបស់ខ្លួនដែលបានអនុវត្ដន៍ កន្លងមក ហើយបង្ហាញការលើកផែនការក៏ដូច​ជាទិសដៅរបស់ក្រសួង ស្ថាប័ននីមួយៗ សម្រាប់ឆ្នាំបន្ដបន្ទាប់ទៀត។ ឯកឧត្តមបានបន្ដថា ការបំពេញតួនាទី ភារកិច្ចរបស់គណៈ កម្មការជំនាញរបស់រដ្ឋសភា គឺផ្អែកលើច្បាប់ រដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងសេចក្ដីសម្រេច របស់រដ្ឋសភាទៅតាមកិច្ចការជំនាញរបស់គណៈកម្មការនីមួយៗ៕

ដោយ​ អ៊ុន រិទ្ធី រូបថត៖ ឡាញ់ វិសាល