ឯកឧត្តម ឃួង ស្រេង ជំរុញអោយអាជ្ញាធរខណ្ឌឬស្សីកែវ គ្រប់គ្រង និងទប់ស្កាត់ជនអន្តោប្រវេស្សន៍រស់នៅតាមដងទន្លេសាប ដើម្បីថែរក្សាបរិស្ថានទន្លេ

វិទ្យុជាតិកម្ពុជា​ ៖​ ដោយ​ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការក្រោមឱវ៉ាតរដ្ឋបាលខណ្ឌឬស្សីកែវ នាព្រឹកថ្ងៃទី១៨ តុលានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញអោយអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ជាពិសេស អាជ្ញាធរខណ្ឌឬស្សីកែវ ត្រូវបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ការរៀបចំសណ្តាប់ធ្នាប់ និងការទប់ស្កាត់ជនអន្តោប្រវេសន៍ដែលរស់នៅតាមដងទន្លេសាប រួមនិងការថែរក្សាបរិស្ថានទន្លេអោយបានល្អប្រសើរ។

ឯកឧត្តម ឃួង ស្រេង បានថ្លែងថា គោលបំណងដែលលោក ទៅជួបបងប្អូនមន្ត្រីរបស់ខណ្ឌឬស្សីកែវនៅពេលនេះ គឺដើម្បីសួរសុខទុក្ខ មន្ត្រីរធ្វើការងារបានអ្វីខ្លះ ហើយនៅខ្វះចំណុចណាខ្លះដើម្បីបំពេញបន្ថែមធ្វើយ៉ាងណាបម្រើ ប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរ ។ឯកឧត្តម បានកោតសរសើរចំពោះរដ្ឋបាលខណ្ឌឬស្សីកែវ រួមទាំងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែល បានយកអស់កម្លាំងកាយចិត្តក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ រួមនិងការផ្តល់សេវាជូនប្រជាពលរដ្ឋបាលល្អប្រសើរ រហូតទទួលបានស្នាដៃជាច្រើន ។

ប៉ុន្តែ ខណ្ឌឬស្សីកែវក៏មានបញ្ហាប្រឈម ដែលត្រូវអនុវត្តបន្ត ក្នុងនោះមានបញ្ហាសណ្តាប់ធា្នប់មិនទាន់រៀបចំបានល្អប្រសើរនៅឡើយដូចជា ប្រជាពលរដ្ឋមិនទាន់គោរពច្បាប់ចរាចរ បញ្ហាគ្រឿងញៀននៅតែកើតមាន ការចុះកិច្ចសន្យាជាមួយក្លឹបកំសាន្តនានាក៏នៅមិនទាន់បានគ្រប់ជ្រុងជ្រោយជាដើម។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា នៅរាជធានីភ្នំពេញមានកន្លែងសប្បាយភាព២៦៤២ ទីតាំង ក្នុងនោះសម្រាប់ខណ្ឌឬស្សីកែវ ក៏មានក្លឹបកម្សាន្ត កន្លែងសប្បាយភាពច្រើនដែរ ដែលអាជ្ញាធរ ត្រូវណែនាំអោយម្ចាស់ក្លឹបកម្សាន្តទាំងអស់នោះ បំពេញបែបបទច្បាប់អោយបានត្រឹមត្រូវ ។ ចំណែកបញ្ហាគ្រឿងញៀន បើទីតាំងណាមានបទល្មើសគ្រឿងញៀន ទីតាំងនោះត្រូវតែបិទចោល ហើយម្ចាស់ទីតាំងក៏ត្រូវប្រឈមនឹងការមានទោសទណ្ឌថែមទៀត។ឯកឧត្តម ឃួង ស្រេង ក៏បានជម្រុញអោយមានការបង្ការទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់គ្រប់ប្រភេទ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រោះសន្តិសុខនេះ ជាតម្រូវការចាំបាច់និងចង់បានរបស់មនុស្សគ្រប់គ្នាមិនថា អ្នកមាន និងអ្នកក្រនោះទេ។

ក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេង បានដាក់ចេញនូវផែនការចំនួន១៣ចំណុចបន្ថែមទៀត ដើម្បីអោយអាជ្ញាធរខណ្ឌឬស្សីកែវ អនុវត្តបន្ត ក្នុងនោះ មានមិនអនុញ្ញាតអោយផ្លូវជាតិលេខ៥ ចតយានយន្តនៅលើទ្រូវផ្លូវធ្វើអោយបាត់បង់សណ្តាប់ធ្នាប់និងធ្វើអោយកកស្ទះចរាចរណ៍ ការរិតបណ្តឹងច្បាប់ចរាចរណ៍ ដោយត្រូវកោះហៅអ្នកពាក់ព័ន្ធមកប្រជុំ ដើម្បីមានវិធានការលើបញ្ហានេះ យកចិត្តទុកដាក់លើបញ្ហា លូស្ទះ និងបញ្ហាកកស្ទះសំរាមជាដើម ។

ឯកឧត្តម បញ្ជាក់ថា ដាច់ខែនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកយុទ្ធនាការជួសជុលផ្លូវខូច តែសុំឲ្យអាជ្ញាធរខណ្ឌ សង្កាត់ត្រូវចុះមើល ក្នុងមូលដ្ឋានរបស់ខ្លួនតើមានផ្លូវខូចប៉ុន្មាន និងខូចមានទំហំណា ? ត្រូវចុះពិនិត្យមើលចំពោះការសាងសង់រោងបុណ្យរោងការនៅលើទ្រូងផ្លូវ គឺអាចអោយធ្វើតែលើចិញ្ចើមផ្លូវ និងលើទ្រូវផ្លូវតែមួយប្រឡោះបាន មិនអោយបិទផ្លូវជាដាច់ខាត ដែលការងារនេះអាជ្ញាធរខណ្ឌសង្កាត់ត្រូវធ្វើការណែនាំ ។ ព្រោះវាធ្វើអោយកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។ ការងារពិនិត្យអាវុធជាតិផ្ទុះ និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកត្រូវតែធ្វើ ទោះជាក្នុងបុរីក៏ដោយ និងត្រូវចល័តគោលដៅជានិច្ចកុំនៅមួយកន្លែង។

​ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា បញ្ហាអន្តោប្រវេសន៍នៅតាមដងទន្លេសាប ពិសេស ការចិញ្ចឹមត្រីដែលធ្វើអោយខូចបរិស្ថាន និងបានធ្វើអោយខូចខាតដល់វិស័យទេសចរណ៍នោះ អាជ្ញាធរត្រូវសហការ ជាមួយសមាគមន៍ជនជាតិវៀតណាម និងឥស្លាមជាដើម ដើម្បីរិតបណ្តឹងច្បាប់អន្តោប្រវេសន៍ ថាតើពួកគាត់មានច្បាប់រស់នៅនិងរកស៊ីនៅស្រុកខ្មែរត្រឹមត្រូវឬទេ ? ត្រូវរួមគ្នាធ្វើការងារនេះទាំងអស់គ្នា ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ។

ក្នុងពិធីខាងលើនោះ បានអនុញ្ញាតអោយមន្ត្រីរដ្ឋបាលខណ្ឌ និងសង្កាត់ បានលើកឡើងពីកង្វល់ បញ្ហាប្រឈម និងចំណុចខ្វះខាតនានាដូចជា មានការផ្តល់សេវាជូនប្រជាពលរដ្ឋ បញ្ហាលូ សំរាម ការកសាងស្នាក់ការប៉ុស្តិ៍ សង្កាត់ទើបបង្កើតថ្មី ជាដើម ដើម្បីរិះរកវិធីបម្រើប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរជាងមុន និងសុំអោយអាជ្ញាធររាជធានីភ្នំពេញ ជួយសម្រួលផងដែរ ៕