ក្រសួងរៀបចំដែនដីចាប់ផ្តើមអនុវត្តន៏បច្ចេកទេសវាស់វែងដីធ្លីដោយប្រើប្រាស់ប្រព័ន្ឋផ្កាយរណប

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ វ៉ែន សុវុទ្ឋី ៖​

ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ចាប់ផ្តើមអនុវត្តន៏បច្ចេកទេសវាស់វែងដីធ្លីដោយប្រើប្រាស់ប្រព័ន្ឋផ្កាយរណប ដើម្បីបង្កើនប្រសិទិ្ឋភាពការងារ ទាំងគុណភាព និងល្បឿនការងារចុះបញ្ជីដីធ្លី។

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបច្ចេកទេសប្រើប្រាស់ឧបករណ៍វាស់វែងដីធ្លីតាមរយះប្រព័ន្ឋផ្កាយរណបនៅព្រឹកថ្ងៃទី១៧ ខែតុលានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានថ្លែងថា វាស់វែងដីធ្លីតាមរយៈប្រព័ន្ឋផ្កាយរណបនេះគឺប្រើប្រាស់ឧបកណ៍ម៉ាកSINO GNSS T300 PLUS ដែលជាឧបករណ៏ដែលធ្វើការវាស់វែងដីនិងកំណត់និយាមការនៃចំណុចនៅលើផែនដី តាមរយះការចាប់យកទិន្នន័យពីផ្កាយរណប អាមេរិក (GPS) រុស្ស៊ី និងចិន។

ឯកឧត្តមបានបន្តថា​ ឧបករណ៍វាស់វែងដីធ្លីទំនើបថ្មីនេះ គឺគោលដៅបង្កើនការរវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជាអោយបានកាន់តែច្រើន ដែលធានាអោយប្រជាពលរដ្ឋបានកាន់កាប់ដីធ្លីរបស់ខ្លួនដោយស្របច្បាប់ នឹងអាចយកទៅប្រើប្រាស់តាមតម្រូវការ។

ឯឧ.បន្តថា ដើម្បីបង្កើនប្រសិទិ្ឋភាពការងារ ទាំងគុណភាព និងល្បឿននៃការចុះញ្ជី តាមរយៈការប្រើប្រាស់ឧបករណ៍ដ៏ទំនើបនេះ ក្រសួងបានបណ្តុះបណ្តាលមន្ត្រីជំនាញនៅតាមន្ទីរដែនដីគ្រប់រាជធានីខេត្ត។ ឯកឧត្តមបានបន្ថែមទៀតថា ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ តែងតែយកចិត្តទុកដាក់ គាំទ្រ និងលើកទឹកចិត្តដល់មន្រ្តីជំនាញវាស់វែងដីធ្លីទាំងរាជធានី ខេត្ត ឲ្យខិតខំបំពេញការងារផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទិ្ឋភាពខ្ពស់ ធានាបានទាំងបរិមាណនិងគុណភាព និងប្រកបដោយទទួលការខុសត្រូវផងដែរ។

សូមបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសវាស់វែងដីធ្លីដោយប្រើឧបករណ៍ទំនើបចុងក្រោយបង្អស់ពីរលើករួចមកហើយ ដែលមានមន្រ្តីជំនាញមកពីបណ្តាលរាជធានីខេត្តមានចំនួនជាង៤០០០នាក់៕