កម្ពុជាបានចាត់ទុកគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ​ ផ្លូវមួយរបស់ចិនកំពុងជួយជំរុញអោយមានកំណើនសេដ្ឋកិច្ចល្អ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ អ៊ឹម ភិរក្សនារីរតនៈ៖​

ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាបានចាត់ទុកគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយរបស់ចិនកំពុង ជួយជំរុញអោយកម្ពុជាមានកំណើនសេដ្ឋកិច្ចល្អ។

ក្នុងពិធី ដាក់សម្ពោធឲ្យប្រើប្រាស់ អគារទីស្នាក់ការកណ្ដាលថ្មីរបស់សមាគមសម្ព័ន្ធខ្មែរ-ចិន កាលពីព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៨នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយរបស់ចិនគឺជាយុទ្ធសាស្រ្តឈ្នះឈ្នះ តាមរយៈកិច្ចសហប្រតិបត្តិការតភ្ជាប់ទំនាក់ទំនងរវាងភ្នាក់ហេដ្ឋរចនាសម្ពន័្ធ ស្ថាប័ន ប្រជាជន វិស័យធុរកិច្ច ហិរញ្ញវត្ថុ វប្បធម៌និងវិស័យគន្លឹះផ្សេងៗទៀត។ លោកជំទាវឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា បច្ចុប្បន្ននេះអ្នកជំនួញចិនបានឈរលំដាប់លេខរៀងទី១ក្នុងការបោះទុន វិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យសំណង់ ដីធ្លី ធនាគារ ទេសចរណ៍ សេវាកម្ម កសិកម្ម និងវិស័យផ្សេងៗទៀត ដែលធ្វើអោយកម្ពុជារក្សាបាននៃកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយក្នុងមួយឆ្នាំៗ។

លោកជំទាវបញ្ជាក់ថា ដើម្បីជំរុញការអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែរីកចំរើនទៅមុខទៀតនេះ រាជរដ្ឋាភិបាលកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយរដ្ឋាភិបាលចិន ហើយកិច្ចសហប្រតិបត្តិការនេះ បានឆ្លើយតបជាវិជ្ជមានពីមិត្តចិន តាម រយៈផ្តល់ការគាំទ្រទំាងផ្នែកហិរញ្ញវត្ថុ ជំនួយបច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធនិងការវិនិយោគផ្សេងៗទៀត។

សម្លេង ៖ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ គោលនយោបាយជាច្រើន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិយើង ដែលមានការ អភិវឌ្ឍ គោលនយោបាយសុខដុមភាវូនីយកម្មជាតិសាសន៍ និងសាសនា ខណៈដែលគ្រប់ជាតិ សាសន៍និងជនជាតិទាំងអស់រស់នៅក្នុងព្រះរាជណាចក្រកម្ពុជាអាចរស់ជាមួយគ្នាដោយសុខដុមរមនានិងរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានភាពរីកចម្រើន ។

សូមបញ្ជាក់ថា កាលពីខែកញ្ញាកន្លងទៅនេះ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមពិព័រណ៍ចិន អាស៊ាន នៅទីក្រុង ណាននីងប្រទេសចិន ហើយបានប្រកាសបង្កើនការស្វាគមន៍វិនិយោគិនចិនមកបោះទុនវិនិយោគនៅកម្ពុជាអោយបានកាន់តែច្រើនថែមទៀត៕