មន្រ្តីសាខាកាំកុងត្រូលខេត្តសៀមរាបចុះត្រួតពិនិត្យគុណភាពចំណីអាហារ នៅតាម​ហាងលក់ទំនិញក្នុងក្រុងសៀមរាប

AKP សៀមរាប ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ –ដើម្បីធានានូវសុវត្ថិភាព និងគុណភាពចំណីអាហារសម្រាប់អ្នកទទួលទាននៅព្រឹក​ថ្ងៃទី​១៨ ​ខែ​តុលា ឆ្នាំ២០១៨នេះ​ មន្រ្តី​សាខាកាំកុងត្រូលខេត្តសៀមរាប សហការជាមួយមន្រ្តី​នៃ​មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បាន​ចុះត្រួតពិនិត្យគុណភាព​ចំណីអាហារវេចខ្ចប់រួប និង​គ្រឿងកំប៉ុងនៅតាម​ហាង​លក់ទំនិញនៅក្នុងក្រុងសៀមរាប។

លោក ព្រៅ ខេមរិន្ទ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាបបានឱ្យដឹងថា ដើម្បីធានា បាននូវសុវត្ថិភាព និងគុណភាពចំណីអាហារសម្រាប់ជូនប្រជាពលរដ្ឋជាអ្នកបរិភោគ កន្លង មក មន្រ្តីជំនាញរបស់លោកតែងតែបានចុះទៅត្រួតពិនិត្យរកសារធាតុគីមីដែលត្រូវហាម ឃាត់ដាក់ នៅក្នុងបន្លែ សាច់ និងចំណីអាហារផ្សេងៗ និងគ្រឿងកំប៉ុង ឬក៏ដបគ្រប់ប្រភេទនៅតាមបណ្តាផ្សារនានា នៅទូទំាងខេត្តជាច្រើនលើកច្រើនសារមក ហើយ។ ជាក់ស្តែងនៅពេលនេះមន្រ្តីជំនាញបាន​ចុះត្រួតពិនិត្យគុណភាព​ចំណីអាហារវេច ខ្ចប់រួប និង​គ្រឿងកំប៉ុងនៅតាម​ហាង​លក់ទំនិញនៅក្នុងក្រុងសៀមរាប។

លោកបានបន្តថា នៅក្នុងសៀមរាបនេះ គឺជាតំបន់ប្រមូលផ្តុំអ្នកទេសចរ ហើយចំណីអាហារជាច្រើនត្រូវបានផ្គត់ផ្គង់សម្រាប់អ្នកទេសចរដូច្នេះការធានាឱ្យបាននូវសុវត្ថិភាព និងគុណភាពអាហារជាកត្តាមួយដ៏សំខាន់ ព្រោះថាបើមានប្រជាពលរដ្ឋឬអ្នកទេសចរ មានបញ្ហសុខភាពដោយ សារចំណីអាហារនិងធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍និងកិត្តិយសរបស់ប្រទេសយើង។

លោក  ព្រៅ ខេមរិន្ទ បានណែនំាឱ្យអាជីវកទំាងអស់ពេលដាក់លក់ផលិតផលផ្សេងៗត្រូវពិនិត្យមើលកាលកំណត់ប្រើប្រាស់ឱ្យបានត្រឹមត្រូវ ជៀសវាង​ការដាក់លក់ផលិតផលខូចគុណភាព​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់ដល់ប្រជាពលរដ្ឋ​ជាអ្នកប្រើប្រាស់

លោកបានបញ្ជក់ថា ការចុះត្រួតពិនិត្យគុណភាពចំណីអាហារពេលនេះ មន្ត្រីជំនាញបានរកឃើញទំនិញហួសកាលកំណត់ប្រើប្រាស់មួយចំនួនតូច មានដូចជាភេសជ្ជៈ កំប៉ុងចម្រុះចំនួន១៦កំប៉ុង កាហ្វេចំនួន៦កញ្ចប់ មីកំប៉ុងចំនួន៣កំប៉ុង និងសាច់ជ្រូកងៀត ចំនួន២កញ្ចប់។ ទំនិញហួសកាលកំណត់ប្រើប្រាស់ទាំង​នេះត្រូវបានមន្រ្តីជំនាញ​ដកហូតទៅរក្សាទុកដើម្បីកម្ទេចចោលនៅពេលក្រោយ ក្រុមអាជីវកបានសហការ និងគំាទ្រចំពោះសកម្មភាពរបស់មន្រ្តីជំនាញក្នុងការចុះត្រួតពិនិត្យគុណភាពចំណីអាហារនេះ​ដោយពួកគាត់បានស្នើមន្រ្តីជំនាញចុះត្រួតពិនិត្យឱ្យញឹកញាប់ដើម្បីឱ្យប្រជាពលរដ្ឋដែលទិញចំណីអាហារជាពិសេសគ្រឿងកំប៉ុងទំាងអស់ទៅបរិភោគមានសុវត្ថិភាព៕

ដោយ ឃុត សៅ